(បន្ទាយមានជ័យ)៖ លោក ជា សឿន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិមានជ័យ រួមទាំងនិស្សិតមួយចំនួននៅសាកលវិទ្យាល័យជាតិមានជ័យ នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានជួបពិភាក្សាការងារជាមួយក្រុមការងារមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៉ី ដឹកនាំដោយលោកស្រី Tsatsulina Irina នាយិកាមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៉ី និងជាលេខាទី២ ស្ថានទូតរុស្ស៉ីប្រចាំកម្ពុជា ដើម្បីស្វែងយល់ និងរកអាហារូបករណ៍ឱ្យនិស្សិតបានទៅសិក្សានៅប្រទេសរុស្ស៉ី។

ក្នុងជំនួបនេះលោកស្រី Irina បានឧទ្ទេសនាមអំពីវិស្ស័យអប់រំនៅប្រទេសរុស្ស៉ី និងអាហារូបករណ៍របស់ប្រទេសរុស្ស៉ីដែលសម្រាប់ឆ្នាំ ២០២៤-២០២៥ របស់រដ្ឋាភិបាលរុស្ស៉ីផ្ដល់អាហារូបករណ៍ចំនួន ៤០កន្លែង ដល់និស្សិត មន្ត្រីរាជការ សាធារណជនដែលមានសញ្ជាតិខ្មែរ ដែលក្នុងនោះមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ បណ្ឌិត មានជំនាញសម្រាប់ជ្រើសរើសជាង៥០០ ដូចជាវេជ្ជសាស្ត្រ វិស្វកម្មយន្តហោះ ថាមពលនុយក្លេអ៊ែរ សំណង់ ស្ថាបត្យកម្ម សេដ្ឋកិច្ច IT វិទ្យាសាស្ត្រនយោបាយ ទំនាក់ទំនងអន្តរជាតិ កសិកម្ម។ល។

លោកស្រី Irina បានអះអាងថា ដើម្បីទទួលអាហារូបករណ៍រុស្ស៉ី បេក្ខជនត្រូវដាក់ពាក្យលើគេហទំព័រ https://education-in-russia.com/ ឲ្យបានមុនថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។

លោក ជា សឿន បានបង្ហាញនៅសេក្តីរីករាយ និងអរគុណរដ្ឋាភិបាលរុស្ស៉ីដែលបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅសិក្សានៅអតីតសហភាពសូវៀត និងប្រទេសរុស្ស៉ីតាំងពីឆ្នាំ១៩៨០មក។ លោកពិតជាមានចំណាប់អារម្មណ៍ខ្ពស់ចំពោះជំនាញ IT កសិកម្ម ទំនាក់ទំនងអន្តរជាតិ ដែលនិស្សិតគាត់អាចបន្តការសិក្សានៅប្រទេសរុស្ស៊ីបានក្រោយពេលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យជាតិមានជ័យ និងបានស្នើឲ្យភាគីរុស្ស៉ីធ្វើបទបង្ហាញ និងផ្សព្វផ្សាយព័ត៌មានអំពីប្រទេសរុស្ស៉ីឲ្យបានច្រើន ដើម្បីនិស្សិតអាចស្វែលយល់ឲ្យបានកាន់តែច្បាស់អំពីគុណភាព អត្ថប្រយោជន៍នៃការអប់រំនៅប្រទេសរុស្ស៉ី។

ភាគីទាំងពីរបានឈានដល់គ្រោងធ្វើសន្និសីទអនឡាញជាមួយគ្នាក្នុងការស្វែងយល់អំពីអាហារូបករណ៍រុស្ស៉ីបន្ថែម និងការរស់នៅនាប្រទេសនោះ។ លោកស្រី Irina បានជូនសៀវភៅរៀនភាសារុស្ស៉ីមួយចំនួនដល់បណ្ណាល័យក្នុងសាលវិទ្យាល័យ និងបានអញ្ជើញលោកសាកលវិទ្យាធិការ លោកគ្រូ អ្នកគ្រូ និស្សិតធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស់ី និងស្ថានទូតរុស្ស៉ីផងដែរ។

សូមជម្រាបផងដែរ សាកលវិទ្យាល័យជាតិមានជ័យ ជាគ្រឹះស្ថានអប់រំឧត្តមសិក្សាសាធារណៈមួយដែលស្ថិត នៅក្នុងទីរួមខេត្តបន្ទាយមានជ័យ បានផ្តួចផ្តើមស្ថាបនាដោយលោក កែ គឹមយ៉ាន និងលោកស្រី ម៉ៅម៉ាល័យ ព្រមទាំងសប្បុរសជនជាតិនិងអន្តរជាតិ និងបានអនុញ្ញាតឱ្យដំណើរការដោយអនុក្រឹត្យលេខ ២០អនក្រ.បក ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០៧ ដើម្បីបណ្តុះបណ្តាលធនធានមនុស្សឱ្យមានចំណេះដឹងជំនាញការស្រាវជ្រាវ និងនវានុវត្តន៍ប្រកបដោយឧត្តមភាពឆ្លើយតបតម្រូវការទីផ្សារការងារជាតិនិងអន្តរជាតិ។

សាកលវិទ្យាល័យមាននិស្សិតកំពុងសិក្សាជិត ២ពាន់នាក់ មានមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្មនិងទេសចរណ៍ មហាវិទ្យាល័យកសិកម្មនិងកែច្នៃអាហារ មហាវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា មហាវិទ្យាល័យសង្គមសាស្ត្រនិងអភិវឌ្ឍន៍សហគមន៍ និងសាលាក្រោយឧត្តម (សាកលវិទ្យាល័យមានជ័យ, ២០២៣)។ ក្នុងរយៈកាលជាង១០ឆ្នាំកន្លងមកនេះ សាកលវិទ្យាល័យជាតិមានជ័យ បានបណ្តុះបណ្តាលធនធានមនុស្ស ៣០០០នាក់ ដែលបាននិងកំពុងធ្វើការនៅទូទាំងប្រទេសកម្ពុជា និងមួយចំនួនតូចក៏បានចេញទៅធ្វើការងារនៅឯបរទេសដូចជាប្រទេសថៃ កូរ៉េ ជប៉ុន និងអ៉ីស្រាអែល។ ធនធានមនុស្សដែលបានទទួលការបណ្តុះបណ្តាលពីសាកលវិទ្យាល័យតែងតែទទួលបានការទទួលស្គាល់លើគុណភាព ក្រមសីលធម៌ការងារ និងទំនាក់ទំនងផងដែរ៕