(សៀមរាប)៖ ដោយមើលឃើញពីការលំបាករបស់សិស្សានុសិស្សនៅតាមជនបទ ដែលកំពុងតែមានការខ្វះខាតនូវមធ្យោបាយធ្វើដំណើរទៅសាលារៀននោះ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៣នេះ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះចៅអធិការវត្តប្រាសាទគោកចក ក្រុងសៀមរាប បានដឹកនាំសប្បុរសជននៃសមាគមសង្រ្គោះជីវិតមកពីប្រទេសសិង្ហបូរី យកសម្ភារសិក្សា និងកង់ រួមនឹងថវិកាមួយចំនួន ដើម្បីទៅចែកជូនដល់សិស្សានុសិស្សដែលមានជីវភាពក្រីក្រចំនួន៧០នាក់ ដែលកំពុងសិក្សានៅតាមសាលាបឋមសិក្សា និងអនុវិទ្យាល័យនានា ក្នុងស្រុកអង្គរធំខេត្តសៀមរាប។

ពិធីចែកសម្ភារៈ និងកង់សិក្សាដល់សិស្សានុសិស្សនាពេលនេះដែរ រៀបចំធ្វើឡើងនៅក្នុងអង្គការពន្លកនៃក្តីសង្ឃឹមហ្វូមូសា ដែលស្ថិតនៅភូមិស្ពានថ្មី ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាបដោយមានការចូលរួមពីសំណាក់ លោក ស្រី ឈន សុគន្ធា អភិបាលស្រុកអង្គរផងដែរ។

លោក ហ្កូ តុងហុង ( Goh Tung Hong ) ប្រធានសមាគមសង្រ្គោះជីវិត នៃប្រទេសសិង្ហបូរី បានលើកឡើងថា សមាគមសង្រ្គោះជីវិត គឺជាសមាគមដែលជួយសង្រ្គោះអ្នកដែលមានជីវភាពខ្វះខាតទីទ័លក្រ ដែលកំពុងជួបបញ្ហាប្រឈមនានា ដោយមិនប្រកាន់ពូជសាសន៍ និន្នាការ ឬបក្សនយោបាយណាមួយឡើយ គឺបម្រើតែចលនាមនុស្សធម៌ នៅលើពិភពលោកតែប៉ុណ្ណោះ។

លោកបានបន្តថា ក្នុងនាមជាប្រធានសមាគមសង្រ្គោះជីវិត នៃប្រទេសសិង្ហបូរី លោកនឹងកៀគរសប្បុរសជនដើម្បីបន្តជួយដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សកម្ពុជា ដែលមានជីវភាពខ្វះខាតនៅតាមមូលដ្ឋានផ្សេងៗទៀតផងដែរ។

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះចៅអធិការវត្តប្រាសាទគោកចក មានសង្ឃដីកាថា កិច្ចការសាសនា មានការរីកចម្រើនទៅបាន ត្រូវបានពឹងផ្អែកលើសុខសន្តិភាព ហើយការលើកកម្ពស់ដល់វិស័យព្រះពុទ្ធសាសនា ក៏ត្រូវតែមានការចូលរួមពីសំណាក់ប្រជាពុទ្ធបរិស័ទ្ធ ដែលជាពុទ្ធសាសនិកជន ប្រកបដោយការអប់រំផ្លូវកាយ ផ្លូវចិត្ត ឱ្យឆ្ពោះទៅភាពស្ងប់ស្ងាត់ និងអាធ្យាស្រ័យដល់អ្នកដទៃ។ ដោយកត្តាសន្តិភាពនេះហើយ ដែលធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពុទ្ធបរិស័ទមានការរីកចម្រើន ព្រមទាំងបានបរិច្ចាគនូវទ្រព្យធនផ្ទាល់ខ្លួនក្នុងការចូលរួមកសាងទីវត្តអារាម មន្ទីរពេទ្យ សាលារៀន ផ្លូវថ្នល់ ស្រះទឹក អណ្តូងទឹកនានាជាដើម។

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន មានសង្ឃដីការថា ព្រះពុទ្ធសាសនា ពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំទាំងផ្លូវកាយ និងផ្លូវចិត្ត ឱ្យចេះស្រឡាញ់ សាមគ្គីគ្នា និង ជួយគ្នាទៅវិញមក។ ហើយចំពោះសម្ភារសិក្សា និងថវិកា ដែលព្រះអង្គរ បានចូលរួមជាមួយសមាគមសង្រ្គោះជីវិតនៃប្រទេសសឹង្ហបូរី ដើម្បីចែកជូនដល់សិស្សានុសិស្សនាពេលនេះ បានមកពីសទ្ធាជ្រះថ្លា របស់ប្រជាពុទ្ធបរិស័ទទីជិតឆ្ងាយ និងសប្បុរសជនក្នុង និងក្រៅប្រទេស ហើយចំពោះការផ្តល់អំណោយកង់ និងសំភារៈសិក្សាដល់សិស្សានុសិស្សនាពេលនេះ បង្ហាញពីការចូលរួម និងគិតគូរ ព្រមទាំងការចែករំលែកពីគ្នាទៅវិញទៅមកនៅក្នុងសង្គមផងដែរ។ 

លោកស្រី ឈន សុគន្ធា អភិបាលរងស្រុកអង្គរធំ ក៏សូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន រួមនឹងសប្បុរសជន ព្រមទាំងសមាគមសង្រ្គោះជីវិត នៃប្រទេសសិង្ហបូរី ដែលបាននាំយកនូវអំណោយជូនដល់សិស្សានុសិស្ស ដែលមានជីវភាពក្រីក្រ កំពុងសិក្សានៅតាមសាលាបឋមសិក្សា និងអនុវិទ្យាល័យនានា ក្នុងស្រុកអង្គរធំ ដើម្បីឱ្យប្អូនៗដែលមានផ្ទះនៅឆ្ងាយពីសាលារៀន អាចជិះធ្វើដំណើរមកសាលារៀនបានទាន់ពេលវេលា។

លោកស្រី ឈន សុគន្ធា ក៏បានផ្តាំផ្ញើ និងណែនាំដល់សិស្សានុសិស្សទាំងអស់ ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ និងចៀសឲ្យផុតពីអំពើអបាយមុខផ្សេងៗ ហើយខំកសាងខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ និងសូមជៀសចេញឱ្យឆ្ងាយពីគ្រឿងញៀន ត្រូវខិតខំសិក្សា និងគោរពច្បាប់ចរាចរណ៍ផ្លូវគោក ពីព្រោះក្មួយៗទាំអអស់ ជាធនធានមនុស្សនៃសរសរស្តម្ភដ៏រឹងមាំក្នុងការអភិវឌ្ឍសង្គមជាតិ។ 

អំណោយដែលផ្តល់ដល់សិស្សក្រីក្រចំនួន៧០នាក់ ក្នុងម្នាក់ៗទទួលបានកង់១ សៀវភៅ ២ក្បាល ប៊ិច២ដើម និងថវិកាចំនួន៥,០០០រៀល។ ក្នុងនោះដែរ មានអំណោយកង់ចំនួន៧០គ្រឿង គឺជាអំណោយរបស់សមាគមសង្រ្គោះជីវិតដែលមកពីប្រទេសសិង្ហបូរី ហើយចំណែកសម្ភារៈសិក្សា និងថវិកា ជាអំណោយចូលរួមរបស់ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ផងដែរ៕