(បាត់ដំបង)៖ លោក ម៉ិល សុផល អភិបាលស្រុក និងជាគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ បានសហការណ៍ជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំកម្លាំងចម្រុះចំណុះរដ្ឋបាលស្រុក ចុះបង្រ្កាបបទល្មើសនេសាទ ក្នុងតំបន់ហាមឃាត់នៅចំណុច (X346033Y1456584) ចាប់ចំណុចពីព្រែកដា ដល់ចំណុចអូរកូនយំក្នុងឡូតិ៍អភិរក្សលេខ២ ស្ថិតក្នុងភូមិព្រែកទាល់ឃុំកោះជីវាំង ស្រុកភ្នំ ខេត្តបាត់ដំបង។

លោក ម៉ិល សុផល បានឱ្យដឹងថា ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំ លោកតែងតែសហការជាមួយកងកម្លាំង មន្រ្តីជំនាញ ចុះបង្រ្កាបបទល្មើសនេសាទជាប្រចាំ និងធ្វើការដុតបំផ្លាញចោលវត្ថុតាងដែលរឹបអូសបានជាច្រើនលើមកហើយ។

លោកបានបញ្ជាក់ថា ជាក់ស្តែងថ្ងៃនេះកម្លាំងចម្រុះយើងបានឆ្មក់រកឃើញ ឡុករបស់ជនល្មើសជាម្ចាស់របស់ឈ្មោះ កេង ពល ប្រជានេសាទ រស់នៅតំបន់ទន្លេសាបទីតាំងបទល្មើសនោះ គឺស្ថិតក្នុងដែលសមត្ថកិច្ចទទួលខុសត្រូវ ក្នុងតំបន់រ៉ាមសាបព្រែកទាល់ (បន្ទាយសត្វស្លាប) អតីតឡូត៍អភិរក្សលេខ២ ជាតំបន់ហាមឃាត់។

លោក បានបន្តថា ជាលទ្ធផលនៃការចុះបង្រ្កាបកម្លាំងយើងបង្រ្កាបបានរួមមាន៖ សាច់មងប្រវែង ១,៥០០ម៉ែត្រ, ឡុកចាប់ត្រីចំនួន ០៣ឡុក, បង្គោលចំនួន ២០០ដើម។ វត្ថុតាងរឹបអូសបានត្រូវបាន កម្លាំងចម្រុះធ្វើការដុតបំផ្លាញចោលនៅនឹងកន្លែងភ្លាមៗ៕