សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មខ្លាំងៗ ច្រានចោលការរិះគន់របស់គណបក្សប្រឆាំងថា សម្តេចដើរឃោសនារកសម្លេងឆ្នោត និងប្រជាប្រិយភាព តាមរយៈការសាងសង់ អគារសិក្សាជូនសិស្សានុសិស្ស (Video Inside)
24-08-2016 12:20
(កំពង់ចាម)៖ ថ្លែងចេញពីក្រុងកំពង់ចាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើង ដោយធ្វើការច្រានចោល ចំពោះការរិះគន់ របស់គណបក្សប្រឆាំងថា សម្តេចកំពុងដើរឃោសនា រកសម្លេងឆ្នោត និងស្វែងរកប្រជាប្រិយ តាមរយៈការសាងសង់អគារសិក្សា និងសមិទ្ធិនានាផ្សេងៗជូនគ្រូៗ និងសិស្សានុសិស្ស នៅតាមបណ្តាខេត្តនានា។
សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបនឹងប្រតិកម្មភ្លាមៗថា សូមអស់លោកល្មមៗបានហើយ ដោយសម្តេចបានចាត់ទុកថា សកម្មភាពនេះគឺជាការកសាងសមិទ្ធិផល ដើម្បីការពង្រឹងវិស័យអប់រំនៅកម្ពុជា, ដោយសម្តេចបានចោទសួរថា នៅពេលអស់លោកបក្សប្រឆាំងចុះធ្វើសកម្មភាពនៅតាមមូលដ្ឋាន និងសាលារៀនវិញនោះ បែរជាថានេះជាសិទ្ធិបញ្ចេញមតិ ចុះហេតុអ្វីនៅពេលនេះចោទសម្តេចថា ជាសកម្មភាពស្វែងប្រជាប្រិយ និងសម្លេងឆ្នោតទៅវិញ។ ចំពោះការស្រឡាញ់ និងបោះឆ្នោតរបស់ប្រជាពលរដ្ឋគឺសិទ្ធិរបស់ពួកគាត់ មិនអាចទៅហាមឃាត់សិទ្ធិគាត់បានទេ។
សម្តេចតេជោ បានប្រសាសន៍ថា «គាត់ស្រែកជយោគណបក្សប្រជាជនកម្ពុជា ជយោសម្តេចតេជោ ហ៊ុន សែន នេះជាសិទ្ធិរបស់គាត់ មិចទៅខ្ទប់មាត់គាត់មិចកើត.....ខ្ញុំមកដោះស្រាយសាលា»។
ការថ្លែងប្រតិកម្មខ្លាំងៗរបស់សម្តេចតេជោ ហ៊ុន សែន នៅពេលនេះធ្វើឡើង នៅពេលដែលសម្តេចអញ្ជើញ ចុះសាកសួរសុខទុក្ខគរុសិស្ស និងលោកគ្រូ អ្នកគ្រូ នៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តកំពង់ចាម នាវេលាម៉ោង ប្រមាណជិត ១២ថ្ងៃត្រង់ ថ្ងៃទី២៤ ខែសីហានេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការសាងសង់អគារសិក្សាទាំងឡាយ គឺដើម្បីជួយពង្រឹង វិស័យអប់រំនៅកម្ពុជា ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត៕