(បាត់ដំបង)៖ សាកលវិទ្យាល័យជាតិបាត់ដំបង នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ បានប្រារព្ធពិធីអបអរសាទរខួប ៤ឆ្នាំ នៃការបង្កើតវិទ្យាស្ថានខុងជឺ។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា។

ពិធីនេះក៏មានការចូលរួមពីលោក LIU ZHIJIE អគ្គកុងស៊ុលនៃស្ថានទូតនៃសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំខេត្តសៀមរាប លោកស្រី សាស្រ្តាចារ្យរង NIE HUI អនុលេខាធិការគណៈកម្មាធិការបក្ស នៃសាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិកគួយលីន តំណាងសាកលវិទ្យាធិការនៃសាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិចគួយលីន លោក ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង តំណាងលោក សុខ លូ អភិបាលខេត្តបាត់ដំបង ថ្នាក់ដឹកនាំ មន្រ្តីរាជការ និស្សិតរបស់ សកលវិទ្យាល័យជាតិបាត់ដំបង និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិផងដែរ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងថា កម្ពុជា និងចិនជាប្រទេសជិតខាងដែលមានមិត្តភាពយូរអង្វែង ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងមានចំណងមិត្តភាពដែកថែបដែលមិនអាចបំបែកបាន។ ស្របពេលដែលទំនាក់ទំនងរកម្ពុជា-ចិនមានភាពល្អប្រសើរនិងកាន់តែស៊ីជម្រៅ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងគ្រប់វិស័យក៏បន្តបង្កើនទាំងវិសាលភាព និងភាពស៊ីជម្រៅជាងមុន។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាបានឆ្លើយតបយ៉ាងសកម្មចំពោះ «គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ» ដោយបានចូលរួមក្នុងគម្រោងស្ថាបនាជាច្រើន។ ប្រទេសចិនបានបន្តក្លាយជាប្រភពអ្នកវិនិយោគធំជាងគេ និងប្រភពភ្ញៀវទេសចរណ៍ធំជាងគេរបស់កម្ពុជា នេះបានជម្រុញឱ្យសេដ្ឋកិច្ចកម្ពុជាបន្តអភិវឌ្ឍក្នុងកម្រិតខ្ពស់ ព្រមទាំងធ្វើឱ្យតម្រូវការសិក្សាភាសាចិនកើនឡើងយ៉ាងគួរឱ្យកត់សម្គាល់ ដែលខ្លួនលោកផ្ទាល់ក៏កំពុងតែសិក្សាភាសាចិនក្នុងពេលទំនេរផងដែរ។

លោកបណ្ឌិតសភាចារ្យ ក៏បានសង្កត់ធ្ងន់ថា ឆ្នាំ២០២៣នេះ ជាខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និងជាខួបលើកទី១០ នៃការលើកឡើងនូវ «គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ» ដោយលោក ស៊ី ជីនភីន ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។ សង្ឃឹមថា អាចចាប់យកឱកាសដ៏វិសេសវិសាលនេះ ជម្រុញឱ្យការផ្លាស់ប្តូរក្នុងវិស័យវប្បធម៌ និងភាសារវាងប្រជាជនកម្ពុជា និងប្រជាជនចិនកើនឡើងមួយកម្រិតថែមទៀត ព្រមទាំងបង្កើនមិត្តភាពប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែស្និទ្ធស្នាលជាងមុន។

លោក LIU ZHIJIE បានថ្លែងថា ប្រទេសចិន និងកម្ពុជាមានទំនាក់ទំនងជិតស្និទ្ធជាប្រវត្តិសាស្ត្រដ៏ស៊ីជម្រៅយូរអង្វែង។ ប្រជាជនចិនតែងតែហៅប្រជាជនកម្ពុជាថាជា «មិត្តភក្តិដែកថែប» ហើយប្រទេសចិននិងកម្ពុជាបានបង្កើតនូវទំនាក់ទំនងមិត្តភាពយ៉ាងស៊ីជម្រៅ ពីមេដឹកនាំមួយជំនាន់ទៅមួយជំនាន់។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិន និងកម្ពុជា បានសហការគ្នាកាន់តែស្អិតរមួតទៅលើវិស័យនយោបាយ សេដ្ឋកិច្ច យោធា វប្បធម៌ និងការអប់រំជាដើម ក្នុងបុព្វហេតុដើម្បីរួមគ្នាកសាងអនាគតដ៏ល្អប្រសើរសម្រាប់ទំនាក់ទំនងរវាងចិន-កម្ពុជា។ ជាសក្ខីភាពមានក្រុមហ៊ុនវិនិយោគចិនជាច្រើនបានមកបណ្តាក់ទុនរកស៊ីនៅខេត្តសៀមរាប បាត់ដំបង និងទូទាំងប្រទេសកម្ពុជា។ ថ្ងៃនេះក៏មានតំណាងក្រុមហ៊ុនចិនជាច្រើន មានវត្តមានចូលរួមក្នុងកម្មវិធីអបអរសាទរនេះដែរ។

លោក សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងជាសហប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានថ្លែងថា ក្នុងរយៈពេលបួនឆ្នាំកន្លងមកនេះ វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកភាសាចិន នៅក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប និងរាជធានីភ្នំពេញបានចំនួនជាង ៦,១៦៥នាក់ និងបានពង្រឹងចំណងមិត្តភាព សាមគ្គីភាពរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិនដែលធ្លាប់មានទំនាក់ទំនងល្អ ជាប្រវត្តិសាស្ត្រដ៏យូរលង់ជាមួយគ្នា។ បច្ចុប្បន្ននេះ វិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យជាតិបាត់ដំបង មានគ្រូបង្រៀនភាសាចិនអន្តរជាតិពេញម៉ោង ចំនួន២១រូប (មានដើមកំណើតចិន) ហើយគ្រូបង្រៀនភាគច្រើនមានគុណវុឌ្ឍិ សញ្ញាបត្រចាប់ពីកម្រិតបរិញ្ញាបត្រដល់បណ្ឌិត និងមានបទពិសោធន៍បង្រៀននៅបរទេសជាច្រើនឆ្នាំ។

លើសពីនេះទៅទៀត ដោយមានកិច្ចសហប្រតិបត្តិការល្អជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង វិទ្យាស្ថានខុងជឺបានបើកថ្នាក់រៀនភាសាចិនចំនួន១៨ទីតាំង នៅតាមបណ្តាវិទ្យាល័យមួយចំនួន ដូចជាវិទ្យាល័យពេជ្រចិន្តា វិទ្យាល័យស្តៅសន្តិភាព ព្រមទាំងជាមួយគ្រឹះស្ថានឧត្តមសិក្សា អគ្គបញ្ជាការដ្ឋានយោធភូមិភាគទី៥ និងសហគ្រាសចិនក្នុងការបណ្តុះបណ្តាលភាសាចិនគ្រប់កម្រិតផងដែរ។ បច្ចុប្បន្ននេះមាននិស្សិតជាង២០០នាក់កំពុងតែសិក្សាបរិញ្ញាបត្រជំនាញអក្សរសាស្រ្តចិននៅសាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យជាតិមានជ័យ។

លោកស្រីសាស្រ្តាចារ្យរង NIE HUI អនុលេខាធិការគណៈកម្មាធិការបក្ស នៃសាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិកគួយលីន បានថ្លែងថា ក្នុងរយៈពេលបួនឆ្នាំកន្លងមកនេះ វិទ្យាស្ថានខុងជឺបានរៀបចំសកម្មភាពការផ្លាស់ប្តូរវប្បធម៌បានចំនួន ១៦០លើក និងបានផ្តល់ឱកាសដល់ អ្នកស្រឡាញ់ចូលចិត្តភាសាចិននៅកម្ពុជា ធ្វើការបង្ហាញពីទេព្យកោសល្យរបស់ពួកគេរួមមាន៖ ពិធីបុណ្យនិទាឃរដូវ, ពិធីបុណ្យជនជាតិ Zhuang, ពិធីបុណ្យចូលឆ្នាំខ្មែរ, ពិធីបុណ្យពាក់កណ្តាល     រដូវស្លឹកឈើជ្រុះ, ពិធីបុណ្យបទពិសោធន៍វប្បធម៌ឆ្ពោះទៅក្នុងសកម្មភាពបង្រៀនរួមមានការប្រកួតប្រជែងសូត្រកំណាព្យភាសាចិន, ការប្រកួតប្រជែង "ស្ពានភាសាចិន" សម្រាប់និស្សិតសាកលវិទ្យាល័យ និងការប្រកួតច្រៀងចំរៀងចិនជាដើម។

សកម្មភាពទាំងនេះបានក្លាយជាស្ពានតភ្ជាប់ការអប់រំភាសាចិនអន្តរជាតិនៅភាគពាយព្យនៃប្រទេសកម្ពុជា ជាមួយប្រទេសចិន តាមរយៈការផ្លាស់ ប្តូរវប្បធម៌រវាងចិន និងកម្ពុជា និងជាការលើកកម្ពស់ចំណងមិត្តភាពរវាងប្រជាជាតិយើងទាំងពីរ។ សកម្មភាពទាំងអស់នេះ ត្រូវបានផ្សព្វផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ។ ជាពិសេសវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានទទួលជ័យលាភីឆ្នើមនៅលើសារព័ត៌មានចិនល្បីល្បាញមួយចំនួន។

លោកស្រីសាស្រ្តាចារ្យរង NIE HUI បានបន្ថែមថាដោយសារមានការគាំទ្រគ្រប់មជ្ឈដ្ឋានរួមមានក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា សាកលវិទ្យាល័យជាតិបាត់ដំបង ស្ថានទូតនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា សាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិកគួយលីន មជ្ឈមណ្ឌលសហប្រតិបត្តិការអប់រំ និងភាសា, មូនិធិអប់រំអន្តរជាតិចិន, សហគ្រាសវិនិយោគចិន តាមរយៈការឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ទើបធ្វើឱ្យវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបងមានការរីកចំរើនបន្តទៅមុខជានិច្ច។  

លោកស្រីបានសំណូពរឱ្យអ្នកជាប់ពាក់ព័ន្ធទាំងអស់បន្តការគាំដល់វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបងឱ្យ មានការរីកចំរើន និងមានកិតិស័ព្ទល្បីល្បាញនៅក្នុងភូមិភាគពាយ័ព្យនេះ។

សូមគូសបញ្ជាក់ផងដែរថា នៅក្នុងពិធីអបអរសាទរខួបបួនឆ្នាំនៃការបង្កើតវិទ្យាស្ថានខុងជឺក៏មានរៀបចំពិធីសម្ពោធរូបសំណាកលោកគ្រូខុងជឺនៅមុខអគារវិទ្យាស្ថានខុងជឺក្នុងគោលបំណងរំលឹកដល់គុណូបការៈនៃទស្សនៈវិទូ, គ្រូបង្រៀន និងជាអ្នកនយោបាយដ៏អស្ចារ្យ និងល្បីល្បាញម្នាក់ក្នុងប្រទេសចិន ដែលបានដាក់ឈ្មោះជាផ្លូវការរបស់វិទ្យាស្ថានខុងជឺនៅសាកលវិទ្យាល័យជាតិបាត់ដំបង និងនៅទូទាំងពិភពលោក៕