(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ គណៈកម្មការជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យលើបញ្ជីឈ្មោះទណ្ឌិត ដែលអនុញ្ញាតឱ្យស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស នៅក្នុងឱកាសនៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧មករា ២០២៤ ខាងមុខនេះ។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅសាលប្រជុំក្រសួងយុត្តិធម៌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដោយមានការអញ្ជើញចូលរួមពី សមាសភាពនៃគណៈកម្មការជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ព្រមទាំងមន្ត្រីជំនាញមួយចំនួនផងដែរ។

បើតាម លោកបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកគណៈកម្មការជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស គឺក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ឆ្នាំ២០២៤ គណៈកម្មការជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានទទួលសំណើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ចំនួន ២៣ ពន្ធនាគាររាជធានី-ខេត្ត និងមណ្ឌលអប់រំកែប្រែចំនួន ៤ ដែលមានទណ្ឌិតសរុបចំនួន ៣៩៨ នាក់ (ស្រី ៣៨ នាក់) រួមមាន៖

  * ស្នើបន្ថយទោស ៣ខែ = ២១២ នាក់ (ស្រី ២១ នាក់)
   * ស្នើបន្ថយទោស ៦ខែ  = ១១២ នាក់ (ស្រី ១៥ នាក់)
   * ស្នើបន្ថយទោស ៩ខែ =  ៤០ នាក់ (ស្រី ០២ នាក់)
   * ស្នើបន្ថយទោស ១២ខែ=  ១១ នាក់ (ស្រី ០០ នាក់)
   * ស្នើបន្ថយទោស១ជីវិតមកត្រឹម៣០ឆ្នាំ = ០១ នាក់ (ស្រី ០០ នាក់)
   * ស្នើលើកលែងទោស = ២២ នាក់ (ស្រី ០០ នាក់)៕