(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី អ៊ុលគុល កូចាអែហ្វែ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូតតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នៅទីស្តីការក្រសួងអធិការកិច្ច នាព្រឹកថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។

លោករដ្ឋមន្រ្តី បានសម្តែងក្ដីសោមនស្សរីករាយក្នុងការទទួលស្វាគមន៍ លោកស្រីឯកអគ្គរដ្ឋទូត និងសហការី មកកាន់ទីស្ដីការក្រសួង ដើម្បីជួបពិភាក្សាការងារនាថ្ងៃនេះ ព្រមទាំងបានកោតសរសើរ ចំពោះទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ចាប់តាំងពីឆ្នាំ១៩៥៩ មកម្ល៉េះ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សាធារណរដ្ឋតួកគី ចំពោះការផ្ដល់ជំនួយជាច្រើន ដល់ប្រទេសកម្ពុជានាពេលកន្លងមក ក៏ដូចជាកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើគ្រប់វិស័យ ដែលមានជាអាទិ៍ វិស័យអប់រំ ទេសចរណ៍ សុខាភិបាល និងពាណិជ្ជកម្ម ជាដើម។

ជាការឆ្លើយតប លោកស្រី អ៊ុលគុល កូចាអែហ្វែ ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យលោកជំទាវ និងសហការី ចូលជួបពិភាក្សាការងារ និងស្វែងយល់អំពីបេសកកម្ម និងផែនការសកម្មភាពរបស់ក្រសួងនៅក្នុងអាណត្តិថ្មីនេះ ព្រមទាំងបានបង្ហាញពីតួនាទីនៃស្ថាប័នតួកគី ដែលមានសមត្ថកិច្ចប្រហាក់ប្រហែលនឹងក្រសួងអធិការកិច្ច (ស្ថាប័ន Ombudsman of Türkiye)។

ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រី បានជម្រាបជូនអំពីបេសកកម្ម និងរចនាសម្ព័ន្ធរបស់ក្រសួង ព្រមទាំងបានជម្រាបជូន លោកស្រីឯកអគ្គរដ្ឋទូត អំពីភាពចាំបាច់ក្នុងការប្តូរឈ្មោះ ពី «ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច» ទៅជា «ក្រសួងអធិការកិច្ច» ក្នុងគោលដៅឆ្លើយតប និងស្របទៅតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដំបូង កាលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដែលស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ គឺផ្ដោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈដែលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។ ដើម្បីឆ្លើយតបទៅនឹងភារកិច្ចចម្បងខាងលើ ដែលរាជរដ្ឋាភិបាលប្រគល់ជូនក្រសួង លោករដ្ឋមន្ត្រីបានបង្ហាញពីផែនការសកម្មភាព ចំនួន៤ របស់ក្រសួងអធិការកិច្ច រួមមាន៖ ការពង្រឹងសមត្ថភាពស្ថាប័ន ការកសាង និងអភិវឌ្ឍមូលធនមនុស្ស ការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តននៅក្នុងសមត្ថកិច្ចក្រសួង ដែលរាជរដ្ឋាភិបាលប្រគល់ជូន និងការថែរក្សាបរិយាកាសសុខដុមនីយកម្ម នៅក្នុងក្រសួង និងអង្គភាពចំណុះទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ជំនួបទ្វេភាគីរវាងល៩ករដ្ឋមន្រ្តី និងលោកស្រីឯកអគ្គរដ្ឋទូត បានបញ្ចប់ដោយភាតរភាព និងផ្លែផ្កា ដែលទទួលបានលទ្ធផលដូចខាងក្រោម ៖

១)-ស្ថានទូតតួកគី បានសម្ដែងការគាំទ្រ ចំពោះបេសកកម្មរបស់ក្រសួងអធិការកិច្ច ព្រមទាំងត្រៀមខ្លួន និងរីករាយក្នុងការបង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រសួងអធិការកិច្ច។

២)-ស្ថានទូតតួកគី ឯកភាពធ្វើជាស្ពានភ្ជាប់ទំនាក់ទំនង រវាងក្រសួងអធិការកិច្ច និងស្ថាប័ន Ombudsman of Türkiye របស់ប្រទេសតួកគី ដើម្បីចាប់ផ្ដើមកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយចាត់តាំងក្រុមការងារពិភាក្សាលម្អិតលើផ្នែកបច្ចេកទេសក្នុងពេលវេលាឆាប់ៗខាងមុខនេះ។

៣)- លោកស្រីឯកអគ្គរដ្ឋទូត បានសម្ដែងនូវក្ដីរីករាយក្នុងការផ្ដល់ជំនួយវគ្គបណ្ដុះបណ្ដាល និងព័ត៌មានពាក់ព័ន្ធនឹងអាហារូបរណ៍របស់រដ្ឋាភិបាលតួកគី មកកាន់ក្រសួងអធិការកិច្ច។

ជាកិច្ចបញ្ចប់ លោកបាននាំទៅនូវសារសួរសុខទុក្ខពីសំណាក់ សមេ្តចធិបតីនាយករដ្ឋមន្ត្រី ជូនចំពោះ លោកស្រីឯកអគ្គរដ្ឋទូត ជាមួយគ្នានោះ លោកក៏បានជូនពរ លោកស្រីឯកអគ្គរដ្ឋទូត និងសហការី ព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អ និងទទួលបានជោគជ័យ ក្នុងការបំពេញបេសកកម្មការទូតដ៏ឧត្តុង្គឧត្តម នៅព្រះរាជាណាចក្រកម្ពុជា៕