(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារ និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំងកែលម្អសោភ័ណភាពមាត់ព្រែកកំពង់បាយកំពត ចំនួន ៣ កន្លែង ដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរ ឱ្យមកកំសាន្តលេងកាន់តែច្រើនអធិកអធម្មថែមទៀត។

ទីតាំងទាំង៣កន្លែង រួមមាន៖

* ទីតាំងទី១៖ នៅចន្លោះសួនរូបសំណាក់ព្រះបាទអង្គឌួង រហូតដល់សួនហាត់ប្រាណរង្វង់មូលត្រីផ្សោត គឺរដ្ឋបាលខេត្តនឹងរៀបចំក្រាលការ៉ូម៉ាប ឱ្យមានភាពស្រស់ស្អាត និងធំទូលាយ ព្រមទាំងសាងសង់វ៉េរ៉ង់ដា លយចូលក្នុងព្រែកមួយបន្ថែមទៀត។

* ទីតាំងទី២៖ សាងសង់វ៉េរ៉ង់ដា នៅមុខសាលាខេត្តចាស់ ដែលបានសាងសង់រួចហើយ គឺរដ្ឋបាលខេត្ត គ្រោងរៀបចំដាក់រូបសំណាក់សេះសមុទ្រធំៗ ចំនួន២ ដែលមានបំពាក់ទៅដោយភ្លើងពណ៌លម្អ និងមានបាញ់ទឹកផងដែរ។

* ទីតាំងទី៣៖ ចាប់ពីចន្លោះស្ពានចាស់ រហូតដល់ស្ពានថ្មី គឺរដ្ឋបាលខេត្ត នឹងរៀបចំឱ្យក្លាយទៅជាសួនកម្សាន្តថ្មីមួយទៀតដែលមានភាពទាក់ទាញបំផុត។

អភិបាលខេត្តកំពត បានលើកឡើងថា ព្រែកកំពុងបាយកំពត គឺជាសរសៃឈាម ជាបេះដូងនៃក្រុងកំពត ក្រៅពីតភ្ជាប់បណ្តាញផ្លូវទឹកទៅសមុទ្រ ព្រែកនេះមានសក្តានុពល និងអំណោយផលល្អសម្រាប់លើកកម្ពស់វិស័យទេសចរណ៍ ហើយបច្ចុប្បន្នរដ្ឋបាលខេត្តបាននិងកំពុងអនុវត្តគម្រោងជាច្រើន ដើម្បីកែលម្អសោភ័ណភាពតំបន់មាត់ព្រែកឲ្យកាន់តែស្អាត និងក្លាយជាទីទាក់ទាញទេសចរដ៏សំខាន់មួយក្នុងពេលដ៏ខ្លីខាងមុខ។

លោក ម៉ៅ ធនិន បានបន្តថា គម្រោងកែលម្អសោភណ្ឌភាពធំៗទាំង៣ខាងលើ និងគម្រោងសាងសង់ផ្លូវមាត់ព្រែកត្រើយខាងលិច នឹងសម្រេចរួចរាល់ជាបណ្តើរក្នុងពេលឆាប់ៗខាងមុខ ដើម្បីទទួលទេសចរ មកដើរលេងកំសាន្ត ពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងឱកាសបុណ្យទានជាច្រើនទៀតនៅពេលខាងមុខ ពិសេសសម្រាប់ត្រៀមទទួលរៀបចំធ្វើជាម្ចាស់ផ្ទះពិធីបុណ្យសមុទ្រជុំបន្ទាប់។

កន្លងមកទាក់ទងការកែសោភ័ណភាពតំបន់មាត់ព្រែក រដ្ឋបាលខេត្តបានក្រាលការ៉ូម៉ាបតាមសួនច្បារមាត់ព្រែក បំពាក់ភ្លើងព័ណ៍ ពង្រីកផ្លូវមាត់ព្រែក ស្ថាបនាឆ្នេរខ្សាច់កម្សាន្ត ២កន្លែង គ្រោងស្ថាបនាតភ្ជាប់ផ្លូវប្របមាត់ព្រែកនៅត្រើយ ខាងលិចជាដើម៕