(ភ្នំពេញ)៖ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៉ីវិល បានចេញសេចក្តីថ្លែងការណ៍ សម្តែងការសោកស្តាយចំពោះគណបក្សកាវក្លៃ (Move Forward Party) ដែលជាគណបក្សដែលមាននិន្នាការប្រឆាំងរបបរាជានិយមនៅក្នុងប្រទេសថៃ បានផ្ដល់ទីកន្លែង និងជួយបណ្ដុះបណ្ដាលក្រុមជ្រុលនិយមបរទេស ដើម្បីឲ្យប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា។

យោងតាមសេចក្តីថ្លែងការណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៉ីវិល សង្ឃឹមថា រាជរដ្ឋាភិបាលថៃ នឹងពិនិត្យមើលសកម្មភាពនយោបាយជ្រុលនិយមក្រៅប្រទេស ដែលបាននិងកំពុងយកទឹកដីថៃ ធ្វើជាមូលដ្ឋានវាយប្រហារ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងធ្វើនយោបាយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា នៅប្រទេសថៃ ក្រោមការជួយជ្រោមជ្រែងពីគណបក្សកាវក្លៃ។

គួរជម្រាបថា នៅតាមរយៈបណ្ដាញសង្គម ក៏មានការអ្នកបញ្ចេញមតិយោបល់យ៉ាងច្រើនដោយស្ដីបន្ទោសទៅលើគណបក្សកាវក្លៃ ដែលបានលូកលាន់ចូលកិច្ចការផ្ទៃក្នុងកម្ពុជា ប្រៀបដូចជាការយកភ្លើងចូលក្នុងផ្ទះយ៉ាងដូច្នេះដែរ។ ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម ក៏បានទាមទារឲ្យរដ្ឋាភិបាល ពិសេសក្រុមប្រឹក្សាសន្ដិសុខជាតិថៃ ត្រូវចាត់វិធានការជាបន្ទាន់ចំពោះសកម្មភាពរបស់គណបក្សកាវក្លៃ ហើយក៏អំពាវនាវសូមកុំឲ្យជនបរទេសយកទឹកដីថៃ ធ្វើនយោបាយប្រឆាំងប្រទេសជិតខាង ឬប្រទេសដទៃផ្សេងទៀត៕