(កំពង់ចាម)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានធ្វើរបាយការណ៍បញ្ជាក់ថា ក្នុងឆ្នាំ២០២៣នេះ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងមានសមត្ថកិច្ច ទាំងបី ប្រភេទ នៅតែបន្តខិតខំប្រឹងប្រែងការពារដល់សុខសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅតាម មូលដ្ឋាន ពិសេសនៅតែបន្តអនុវត្តនូវបទបញ្ជា និងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ពិសេស ក្រសួងមហាផ្ទៃក្នុងការធានា និងរក្សាបាននូវសន្តិសុខសុវត្ថិភាពសង្គម ប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នាដែរ ការអនុវត្ត និងការចុះបន្តអប់រំផ្សព្វផ្សាយអំពីវិធានការនានា រួមមាន ច្បាប់ចរាចរណ៍ការអប់រំអំពី ផលវិបាកនៃការធ្វើចំណាកស្រុកដោយខុសច្បាប់ ការអប់រំផ្សព្វផ្សាយ អំពីគ្រឿងញៀន ជួយដល់ស្រទាប់យុវវ័យ បានបង្ហាញអំពីលទ្ធផលជាវិជ្ជមានដែលគួរឲ្យជាទីមោទនៈ និងបានស្ដែងចេញ តាមរយៈ ជោគជ័យជាប្រវត្តិសាស្ត្រដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ កាលពីខែឧសភាកន្លងទៅ និងលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

លោកអភិបាលខេត្តបានបន្ដថា ក្រៅពីសមិទ្ធផលខាងលើនៅ មានសមិទ្ធផលជាច្រើនទៀត ដែលរដ្ឋបាលខេត្ត រួមនឹងមន្ទីរ-អង្គភាព រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ បានសម្រេចខិតខំរួមគ្នាសម្រេចបានក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាល ក្នុងនោះស្នាដៃ និងសមិទ្ធផលដែលបានកើតចេញពីការខិតខំ ព្រមៗគ្នារបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់ថ្នាក់ ជាពិសេសមានការចូលរួមពីប្រជាពលរដ្ឋ ដែលបាននាំមកនូវភាពជោគជ័យជាច្រើនគួរជាទីមោទនៈ។

ពាក់ព័ន្ធនឹងបញ្ហាប្រឈមសំខាន់ៗខាងលើនេះ រួមមានបញ្ហាដទៃទៀតដែលត្រូវអង្គសន្និបាតបានធ្វើការប្តេជ្ញាចិត្តរួមគ្នា អនុវត្តកម្មវិធីនយោបាយអាទិភាពទាំង៦ ចំណុចដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញឱ្យអនុវត្តចាប់តាំងពីបំណាច់ឆ្នាំ២០២៣នេះ៕