(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានរៀបចំបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០២៤ ក្រោមវត្តមានលោក ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត នៅសាលាខេត្តកំពង់ចាម។

នាឱកាសនោះលោក ប្រាក់ សំអឿន បានថ្លែងថា ដើម្បីធានាឱ្យការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព កាន់តែមាន ប្រសិទ្ធិភាពថែមទៀត ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាល ទី៧ នៃរដ្ឋសភា សូមឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវវិភាជន៍ថវិកាសម្រាប់អនុវត្តគម្រោង និងសកម្មភាពដែលពាក់ព័ន្ធនឹងគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។

លោក ប្រាក់ សំអឿន បានបន្ថែមទៀតថា ក្រៅពីនោះត្រូវជម្រុញការរៀបចំវេទិកាសាធារណៈឱ្យបានទៀងទាត់ និងតាមការកំណត់ដោយសហការជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននីមួយៗ ដើម្បីផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងប្រមូលនូវសំណើសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីធ្វើការដោះស្រាយតាមសមត្ថកិច្ច។ ជាមួយគ្នានោះត្រូវខិតខំពង្រឹងនិងជម្រុញការផ្ដល់សេវាជូនប្រជាពលរដ្ឋតាមរយៈយន្តការច្រកចេញចូលតែ មួយឱ្យមានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធិភាពថែមទៀតផងដែរ។

ជាមួយគ្នានោះដែរលោក អ៊ុន ចាន់ដា ក៏បានដាក់គោលការណ៍ដល់ថ្នាក់ដឹកនាំស្ថាប័នអង្គភាព ធ្វេីយ៉ាងណាត្រូវបន្សុទ្ធកងកម្លាំង និងមន្ត្រីរាជការស៊ីវិល មិនមានការពាក់ព័ន្ធ ទាំងការប្រើប្រាស់ និងការជួញដូគ្រឿងញៀន។

លោក អ៊ុន ចាន់ដា ក៏បានណែនាំបន្តថា មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវជំរុញនិងលើកកម្ពស់ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព សំដៅលើកកម្ពស់ការចូលរួមរបស់មន្ត្រីរាជការ ប្រជាពលរដ្ឋ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា នៅតាមមូលដ្ឋាន ពិសេសការជួញដូរចែកចាយប្រើប្រាស់ គ្រឿងញៀនខុសច្បាប់ បទល្មើសលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់នៅតាមមូលដ្ឋាន អំពើហិង្សាក្នុងគ្រួសារ ក្រុមក្មេងទំនើង និងបទល្មើសគ្រប់ប្រភេទនៅតាមមូលដ្ឋាននានា ទូទាំងខេត្តផងដែរ៕