(ពោធិ៍សាត់)៖ សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តពោធិ៍សាត់ ក្រោមការគាំទ្រពីអង្គការ Action Education នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំក្រុមប្រឹក្សា គណៈកម្មាធិការប្រតិបត្តិ លើកទី៥ អាណត្តិទី៣ របស់ខ្លួន ប្រចាំឆ្នាំ២០២៣ ដើម្បីពិនិត្យអំពីវឌ្ឍនភាពការងារអនុវត្តកន្លងមក និងបញ្ហាប្រឈមនានា ព្រមទាំងអនុម័តនូវផែនការ សកម្មភាព ថវិកា សម្រាប់ទិសដៅអនុវត្តឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាព លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោក សំរិទ្ធិ អេង ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្ត អនុប្រធានសម្ព័ន្ធភាពជាតិ តំណាងលោក សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងលោកស្រី ខាត់ទី ឯកវិសុទ្ធ តំណាងអង្គការ Action Education។

លោក មោក កោ អនុប្រធានអចិន្ត្រៃយ៍ និងលោក សំរិទ្ធិ អេង ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្ត អនុប្រធានសម្ព័ន្ធភាពជាតិ តំណាងឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិ ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បានលើកឡើងថា សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តពោធិ៍សាត់ បានបង្កើតឡើងតាមរយៈមហាសន្និបាត កាលពីថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០១៣។ ការបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ឋានៈ អភិវឌ្ឍនសមត្ថភាព ការពារផលប្រយោជន៍ស្របច្បាប់ សមាជិក និងកសាងភាពជាដៃគូ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អភិវឌ្ឍន៍មូលដ្ឋាន ពង្រឹងនីតិរដ្ឋ និងជម្រុញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយបច្ចុប្បន្ននេះ ខេត្តពោធិ៍សាត់មានក្រុមប្រឹក្សាស្រុក ក្រុង ចំនួន១២១នាក់ និងក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន៣៤១នាក់។

លោកស្រី ខាត់ទី ឯកវិសុទ្ធ តំណាងអង្គការ Action Education បានថ្លែងថា ដោយបានការគាំទ្រពីសហគមន៍EU បាននឹងកំពុងធ្វើកិច្ចសហការជាមួយស្ថាប័ននានា ជាពិសេសសមាគមក្រុមប្រឹក្សាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីរួមចំណែកអភិវឌ្ឍសហគមន៍ សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ និងវិសមភាព។ អង្គការមានគោលបំណងជាក់លាក់ ៣គឺ៖ ១-រួមចំណែកធ្វើឱ្យប្រសើរសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈកិច្ចសហការក្នុងភាពជាដៃគូទាំងសង្គមស៊ីវិល វិស័យឯកជន និងរាជរដ្ឋាភិបាល, ២-ផ្តល់ឱកាសទទួល បានការអប់រំទៅដល់កុមារទាំងសេវាទឹកស្អាត និងអនាម័យ និង៣-ជួយអភិរក្សបរិស្ថាន ប្រកបដោយលក្ខណៈបរិយាបន្ន។ លោកស្រីបានឱ្យដឹងដែរថា អង្គការប្រមាណ៥០ និងសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តគោលដៅ អង្គការAction Education បានអនុវត្ត និងគាំទ្រកុមារក្រៅសាលា ដែលបោះបង់ការសិក្សា ឱ្យចូលរៀនឡើងវិញ បានជាង៣ម៉ឺននាក់ ដែលគ្របដណ្តប់១ពាន់សាលា ទូទាំងប្រទេស ដោយឡែកខេត្តពោធិ៍សាត់ អង្គការDDSP និងអង្គការពន្លឺកុមារ មកដល់ពេលនេះ គ្របដណ្តប់សាលាបឋមសិក្សា ជាង១០០ និងកុមារជួបការលំបាក ប្រមាណ៥ពាន់នាក់ ទទួលបានអត្ថប្រយោជន៍ផ្ទាល់។

លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បានថ្លែងក្នុងពិធីបើកនោះថា កិច្ចប្រជុំដែលបានដំណើរការនាពេលនេះ ក្នុងគោលបំណង ដើម្បីពិនិត្យពិភាក្សាលើវឌ្ឍនភាព បញ្ហាប្រឈម និងអនុម័តលើរបាយការណ៍ សកម្មភាពលទ្ធផលការងារកន្លងមក និងថវិកាសម្រាប់ឆ្នាំ២០២៤ ដោយផ្តោតសំខាន់វិស័យអប់រំ និងជនមានពិការភាព នៅក្នុងមូលដ្ឋាន។ ប្រមុខរាជរដ្ឋាភិបាល បានយល់ឃើញនិងចាត់ទុកថា សមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាស្ថាប័នមួយជាដៃគូរយ៉ាងសំខាន់ ក្នុងការជម្រុញ អនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការអនុវត្តអភិបាលកិច្ច នៅថ្នាក់មូលដ្ឋាន។ ជាមួយគ្នានោះក៏បានដាក់ចេញកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ រយៈពេល១០ឆ្នាំ ឱ្យមានលទ្ធភាពបំពេញមុខងារ ប្រកបដោយប្រសិទ្ធភាព ស្វ័យភាព គណនេយ្យភាព និងជួយពង្រឹងអាណត្តិតាមផ្លូវច្បាប់។ ក្នុងន័យនេះ សមាគមក្រុមប្រឹក្សា ត្រូវមានសមត្ថភាព ធនធាន វិជ្ជាជីវៈ សមស្រប និងរៀបចំឱ្យមានសម្ព័ន្ធភាពជាតិ ដែលជាដៃគូរបស់រាជរដ្ឋាភិបាល។

ក្នុងនាមក្រុមប្រឹក្សាខេត្ត សូមសមាជិក សមាជិកា យកចិត្តទុកដាក់ស្តាប់ និងចូលរួមពិភាក្សា អនុម័ត ក្នុងបំណងបង្កើនការយល់ដឹង ឱ្យកាន់តែស៊ីជម្រៅ អំពីតួនាទី ភារកិច្ច ឋានៈ អភិវឌ្ឍសមត្ថភាព ការពារផលប្រយោជន៍ គុណប្រយោជន៍ ពង្រឹងនីតិរដ្ឋស្របច្បាប់ ជម្រុញលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន ដែលជាដៃគូររបស់រាជរដ្ឋាភិបាល នៅក្នុងដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅកម្ពុជា។

លោកបានស្នើឱ្យលោក លោកស្រី ក្នុងជួរសមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវផ្តោតការយកចិត្តទុកដាក់ អនុវត្តនូវលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង ផ្តល់សេវាសាធារណៈ និងផែនការសកម្មភាពប្រចាំឆ្នាំ និងគម្រោងគាំទ្រ ពីអង្គការ Action Education និងអង្គការDDSP ក្នុងន័យលើកកម្ពស់ការងារអប់រំ បរិយាបន្នបញ្ហាពិការភាពនៅមូលដ្ឋាន។

នៅក្នុងកិច្ចប្រជុំអង្គការ Action Education បានប្រគល់សម្ភារៈសិក្សា ដល់ក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្ត សម្រាប់យកទៅចែកជូនសាលារៀនបន្ត រួមមានសៀវភៅជំនាញកាត់ដេរ ចំនួន១០០ក្បាល សៀវភៅជំនាញជួលជុលកង់ ចំនួន១០០ក្បាល សៀវភៅជំនាញធ្វើតំណាប់ផ្លែឈើ ចំនួន១០០សៀវភៅ សៀវភៅសរសេរ (ខ្ញុំត្រូវតែរៀន) ចំនួន២៣៦០ក្បាល និងកាតាប៥១៥កាតាប។ សម្រាប់ពិធីបិទកិច្ចប្រជុំក្រុមប្រឹក្សា គណៈកម្មាធិការប្រតិបត្តិ លើកទី៥ អាណត្តិទី៣ របស់សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តពោធិ៍សាត់ ប្រចាំឆ្នាំ២០២៣ នឹងត្រូវធ្វើឡើង នារសៀលថ្ងៃដដែល ក្រោមអធិបតីភាព លោក លឹម សុខតូ អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់៕