(បាត់ដំបង)៖ ចាប់ផ្ដើមក្នុងអំឡុងឆ្នាំ២០១៨-២០១៩ សាលាបឋមសិក្សាសម្ដេច ជា ស៊ីម ក្រុងបាត់ដំបង ខេត្តបាត់ដំង បានអនុវត្តវិធានការមិនប្រើប្រាស់ថង់ប្លាស្ទិក នៅក្នុងសាលារៀន ដើម្បីបរិស្ថានសាលាស្អាត គ្មានសំរាម និងសុខភាពរបស់សិស្ស។

បើតាមនាយិកានៃសាលាបឋមសិក្សា ជា ស៊ីម អ្នកគ្រូ ឃួន យ៉ារ៉ាន់ បានឱ្យដឹងថា «នៅក្នុងសាលារៀនរបស់គាត់ គឺប្តេជ្ញាចិត្តមិនឱ្យមានថង់ប្លាស្ទិក នៅក្នុងសាលារៀនទៀតទេ ចាប់ពីថ្ងៃនេះតទៅ​តែកន្លងមកកាលពីឆ្នាំ២០១៨​-២០១៩ គឺសាលាបានឈប់ប្រើប្រាស់ថង់ប្លាស្ទិក ប្រអប់ស្នោរគ្រប់ប្រភេទរួចទៅហើយ ប៉ុន្តែគ្រាន់តែការអនុវត្តរបស់យើងបានត្រឹមតែ៨០ភាគរយទេ»។

អ្នកគ្រូបានបញ្ជាក់ថា ដើម្បីជំនួសប្លាស្ទិក សាលាមួយនេះបានប្រើប្រាស់របស់ដាក់អាហារដែលអាចប្រើឡើយវិញ និងប្រើប្រាស់ស្លឹករុក្ខជាតិវេចខ្ចប់ជំនួស។

អ្នកគ្រូ ឃួន យ៉ារ៉ាន់ បានឱ្យដឹងថា កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ សាលាបានធ្វើយុទ្ធនាការឈប់ប្រើប្រាស់ថង់ប្លាស្ទិក ដែលសាលាចាប់ផ្តើមម្តងទៀតជាការក្រើនរំលឹកដល់កុមារា កុមារី ដែលជាសិស្សានុសិស្សឡើងវិញ។ សាលាបានអនុវត្តជាបន្តបន្ទាប់ដើម្បីធ្វើយ៉ាងណាបញ្ឈ់ការប្រើប្រាស់ថង់ប្លាស្ទិក នៅក្នុងសាលារៀន។

បន្ថែមពីលើការក្រើនរំលឹកដល់សិស្សានុសិស្សមិនឱ្យប្រើប្រាស់ថង់ប្លាស្ទិក, អ្នកគ្រូ ឃួន យ៉ារ៉ាន់ ក៏បានផ្សព្វផ្សាយបន្ថែមដល់លោកគ្រូ អ្នកគ្រូ ទទួលបន្ទុកថ្នាក់រៀនទាំងអស់ ឱ្យចូលរួមទាំងអស់គ្នាក្នុងយុទ្ធនាការ បន្ថយការប្រើប្រាស់ប្លាស្ទិក។

យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកម្លាំង គ្នាការពារបរិស្ថានកម្ពុជា» «លាហើយប្លាស្ទិក» គិតចាប់ពីថ្ងៃទី០១ កញ្ញា រហូតដល់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ មានអ្នកចូលរួមសរុបចំនួន ៦៨,៤៣៥នាក់ ក្នុងនោះរួមមានលោកគ្រូ អ្នកគ្រូសរុបចំនួន ២,៧៥៣នាក់ សិស្សានុសិស្សសរុបចំនួន ៦៤,៧៦៥នាក់ កម្មករកម្មការនី និងអ្នកចូលរួមផ្សេងៗទៀតសរុបចំនួន ៩១៧នាក់ ដោយផ្សព្វផ្សាយសរុបបានចំនួន ១៥៤លើក ក្នុងសាលារៀនសរុបចំនួន ១៤៥សាលា រោងចក្រ សហគ្រាសចំនួន ០១ និងសហគមន៍ទីប្រជុំជន ០១កន្លែង នៅទូទាំងខេត្តបាត់ដំបង។

សូមជម្រាបជូនថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានការគាំទ្រពីព្រះសង្ឃ ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជាង ៣លានអង្គ/នាក់ ហើយនិន្នាការគាំទ្រភាពស្អាតនេះ បានកើនឡើងជាលំដាប់ ជារៀងរាល់ថ្ងៃចេញពីបេះដូងប្រជាពលរដ្ឋកម្ពុជា ជាពិសេសអ្នកស្រឡាញ់ភាពស្អាត ហើយភាពស្អាតនេះគឺសំដៅដល់បុគ្គល សង្គម និងប្រទេសកម្ពុជា៕