(កំពង់ឆ្នាំង)៖ អាជ្ញាធរក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានចុះរៀបចំសណ្តាប់ធ្នាប់លើដីទីទួលសុវត្ថិភាពមុខផ្សារឆ្នាំង ដែលអាជីវករបានយករបស់របរទៅទុកចោល និងសំរាមដែលពួកគាត់បានបោះចោល វាលពាសកាលធ្វើឲ្យបរិស្ថានមិនល្អ និងបាត់បង់នូវសោភ័ណភាព។

លោក ទូច លីហួត អភិបាលរងក្រុងកំពង់ឆ្នាំង ដែលបានដឹកនាំក្រុមការងារចុះសំអាតបរិស្ថាននៅព្រឹកនេះ បានណែនាំឱ្យអាជីវករទាំងនោះធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាព ការដាក់តាំងលក់សម្ភារៈនានា នៅតាមខឿនការ៉ូឡា និងតាមផ្លូវចាប់ពីចំណុចខាងជើងវត្តយាយទេព រហូតដល់ចំណុចចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដោយត្រូវចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវទាំងនេះឱ្យបានល្អស្អាត មុនរដ្ឋបាលក្រុងកំពង់ឆ្នាំង ចាត់វិធានការរដ្ឋបាល ព្រោះផ្លូវនេះជាផ្លូវទេសចរជាតិអន្តរជាតិឡើងចុះរៀងរាល់ថ្ងៃ។

លោក ទូច លីហួត បានបន្តថា យោងតាមការណែនាំរបស់លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោក ហ៊ីង ភ័ព្វមីនា អភិបាលក្រុងកំពង់ឆ្នាំង, លោក និងក្រុមការងារចុះរៀបចំសណ្តាប់ធ្នាប់នៅចំណុចចាប់ពីខាងជើង វត្តយាយទេព ដល់ចំណុចចុងកោះសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

អាជីវករដែលមានតូបលក់ដូរនៅតាមបណ្តោយផ្លូវនេះ បានយកខឿនការ៉ូឡា និងផ្លូវថ្នល់ មកតាំងលក់នូវរបស់របរដូចជា លក់ឈើបង្គោល លក់ត្រីសាច់ ខោអាវ ម៉ាស៊ីន ធុងស្នោ ថ្នាំនិងចំណី សត្វ និងចាប់ហួយនានា រួមទាំងបានដាក់របស់របរចោលតាមផ្លូវលើដីទីទួលសុវត្ថិភាព មិនមានសណ្តាប់ធ្នាប់ សោភ័ណភាព និងអនាម័យឡើយ។ ចំណែកសំរាមវិញបានហោះហើរពេញផ្លូវ លើដីទីទួលសុវត្ថិភាព និងមានក្លិនស្អុយ មកលើអ្នកធ្វើដំណើរទៀតផង។

ករណីទាំងនេះ អភិបាលរងក្រុង បានសំណូមពរដល់អាជីវករទាំងអស់ត្រូវចូលរួមទាំងអស់គ្នាក្នុងការរៀបចំសណ្តាប់ធ្នាប់ អនាម័យសោភ័ណភាព តាមដងផ្លូវនេះជាបន្ទាន់ មុនរដ្ឋបាលក្រុងកំពង់ឆ្នាំង ចាត់វិធានការរដ្ឋបាលលើទីតាំង ទាំងអស់នោះ។

អាជីវករទាំងអស់ បានចូលរួមធ្វើកិច្ចសន្យាជាមួយរដ្ឋបាលក្រុង និងនគរបាលសណ្តាប់ធ្នាប់ ដោយត្រូវបញ្ឈប់ការលក់ដូរលៀនលយយកចិញ្ចើមផ្លូវដាក់តាំងលក់សម្ភារ និងត្រូវរុះរើរបស់របរឱ្យបានស្អាត ពីលើដីទីទួលសុវត្ថិភាព មុនរដ្ឋបាលក្រុងកំពង់ឆ្នាំង ចាត់វិធានការរដ្ឋបាល៕