(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៤ រយៈពេល០២ថ្ងៃ ថ្ងៃទី២៥-២៦ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាសៀមរាប។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងមានការចូលរួមពីលោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្នងការ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ សហភាព សហព័ន្ធយុវជនកម្ពុជាខេត្ត ប្រធានក្រុមប្រឹក្សា អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំសង្កាត់ និងមន្ត្រីរាជការជុំវិញខេត្ត វិស័យឯកជន ព្រមទាំងតំណាងអង្គការសង្គមស៊ីវិលប្រមាណ ៦០០នាក់ចូលរួមផង​ដែរ។

លោក ប្រាក់ សោភ័ណ បានលើកឡើងថា ដើម្បីឆ្លុះបញ្ចាំងអំពីសមិទ្ធផល ដែលយើងសម្រេចបានក្នុងឆ្នាំ២០២៣កន្លងមក និងការខិតខំរួមគ្នារកដំណោះស្រាយ រាល់បញ្ហាប្រឈមដែលកើតមានឡើងក្នុងការបំពេញតួនាទីភារកិច្ចបម្រើប្រជាពលរដ្ឋ ព្រមទាំងធ្វើការពិនិត្យបំពេញបន្ថែម កែលម្អនូវចំណុចខ្វះខាត សម្រាប់ធានាដល់ការអនុវត្តការងារក្នុងឆ្នាំ២០២៤ ឱ្ុកាន់តែមានភាពល្អប្រសើឡើង និងប្រសិទ្ធភាពជាងបណ្តាឆ្នាំកន្លងមក។ 

លោក ប្រាក់ សោភ័ណ បានបន្តថា រាជរដ្ឋាភិបាល ខេត្តបានអនុវត្តគោលនយោបាយយុទ្ធសាស្រ្តចតុកោណបាន៤ដំណាក់កាល ទទួលបានជោគជ័យកន្លងមក បច្ចុប្បន្នរាជរដ្ឋាភិបាលនីតិកាលទី៧នេះ ក៏បានបន្តអនុវត្តគោលនយោបាយយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១បន្តទៀត ដូច្នេះ យើងត្រូវតែរួមគ្នាធ្វើបន្ថែមទៀតឲ្យបានល្អផងដែរ។ លោកបន្តថា ពិធីបូកសរុបលទ្ធផលការងារសន្និបាត ប្រចាំឆ្នាំ២០២៣ អំពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងកងកម្លាំង មន្រ្តីរាជការ ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីបម្រើទាំងសេវាសាធារណ: និងការងារ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា អង្គសន្និបាតនាពេលនេះ ជាយន្តការមួយសម្រាប់ធ្វើការរួមគ្នាត្រួតពិនិត្យ វាយតម្លៃអំពីលទ្ធផលការងារ ដែលសម្រេចបាន និងដឹងអំពីបញ្ហាប្រឈមដែលនៅសេសសល់ សំដៅរួមគ្នាលើបទពិសោធន៍ការងារ កំណត់ជាទិសដៅអនុវត្តក្នុងឆ្នាំ២០២៤ ឱ្យកាន់តែមានប្រសិទ្ធភាព។ នៅឆ្នាំ២០២៤ យើងត្រូវត្រៀមរៀបចំផែនការ ដើមី្បអនុវត្តការដាក់ចេញនូវកម្មវិធីមួយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺ (ទស្សនាសៀមរាបឆ្នាំ២០២៤) ដើម្បីជំរុញវិស័យទេសចរណ៍ នៅខេត្តសៀមរាបឲ្យមានសន្ទុះឡើងវិញ។

លោកអភិបាលខេត្ត បានថ្លែងថា ស្របពេលជាមួយសមទ្ធិផល ដែលសម្រេចបាន រដ្ឋបាលខេត្ត ក៏បានជួបនូវបញ្ហាប្រឈមមួយចំនួន ដែលយើងត្រូវពិនិត្យ និងវាយតម្លៃ ប្រកបដោយចក្ខុវិស័យ ដើមី្បមានមូលដ្ឋានជាក់លាក់ ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រថ្មីៗ សម្រាប់អនុវត្តបន្តឱ្យទទួលបានជោគជ័យក្នុងឆ្នាំ២០២៤ខាងមុខផង​ដែរ។

ជាមួយនេះដែរ លោកអភិបាលខេត្ត ក៏បានណែនាំដល់អង្គសន្និបាតទាំងមូល ដោយផ្តោតទៅលើកិច្ចពិភាក្សាឱ្យបានផុលផុស ដោយយកចិត្តទុកដាក់ស្តាប់ និងប្តេជ្ញាប្រើប្រាស់បទពិសោធន៍ កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើមី្បផ្តល់នូវធាតុចូលបន្ថែម លើបទអន្តរាគមន៍របស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធ ដែលនឹងលើកឡើងបង្ហាញជូនអង្គសន្និបាតផងដែរ៕