(កំពង់ចាម)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីការចូលរួម រៀបចំអាហារ និងសំណេះសំណាលជាមួយសិស្ស និងកុមារគថ្លង់ នៅអង្គការគ្រួសារថ្មី ខេត្តកំពង់ចាមរួចមក នៅម៉ោងប្រមាណជា ១១៖៣០នាទី ថ្ងៃទី២៤ ខែសីហានេះ បានបន្តដំណើរចុះជួប សាកសួរសុខទុក្ខគរុសិស្ស និងលោកគ្រូ អ្នកគ្រូ នៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តកំពង់ចាម។  

ការចុះជួបសំណេះសំណាលនោះដែរ សម្តេចតេជោ ហ៊ុន សែន បានទទួលការស្វាគមន៍ យ៉ាងកក់ក្តៅពីបណ្តាលគរុសិស្ស និងលោកគ្រូ អ្នកគ្រូ នៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ សម្តេចតេជោ បានសម្រេចឧបត្ថម្ភការសាងសង់អគារស្នាក់នៅ របស់គរុសិស្សចំនួន១ខ្នង កម្ពស់២ជាន់ ស្មើនឹង១០បន្ទប់ និងផ្តល់ឧបត្ថម្ភដំណើរកម្សាន្តរបស់គរុសិស្សអស់ទាំង រួមជាមួយគ្រូៗផងដែរ ទៅកាន់ខេត្តសៀមរាប។

ជាមួយគ្នានេះ គរុសិស្ស និងគ្រូៗ បានបង្ហាញនូវក្តីសប្បាយរីកយ៉ាងពន់ពេក ដែលសម្តេចតេជោ នាយករដ្ឋមន្ត្រីបានឧបត្ថម្ភអគារស្នាក់នៅ និងដំណើរកម្សាន្តទៅកាន់ខេត្តសៀមរាបនេះ។

ក្រោយបញ្ចប់ការចុះសំណាល ជាមួយនឹងគរុសិស្ស និងលោកគ្រូ អ្នកគ្រូ ក្នុងសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តកំពង់ចាម រួចមកសម្តេចតេជោ នាយករដ្ឋមន្ត្រី បានបន្តចុះពិនិត្យស្ថានភាព នៅក្នុងសាលាគរុកោសល្យ ភូមិភាគ ដោយសម្តេចបានសម្រេចឧបត្ថម្ភអគារសិក្សា១ខ្នង កម្ពស់២ជាន់ ស្មើនឹង២៤បន្ទប់ និងសាងសង់បន្ទប់សម្រាប់សិស្សស្នាក់នៅ១ខ្នង កម្ពស់២ជាន់ស្មើនឹង១០បន្ទប់៕