(ភ្នំពេញ)៖ គណៈកម្មាធិការជា តិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៣ ឯកសារណែនាំពាក់ព័ន្ធនឹងការត្រួតពិនិត្យផ្ទៀងផ្ទាត់ និងទិន្នន័យអ្នកបានបោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងសេចក្តីណែនាំស្តីពីការងារបណ្តុះបណ្តាល និងអប់រំ អ្នកបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

កិច្ចប្រជុំនេះបានធ្វើឡើងក្រោមវត្តមានលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ ហើយនេះជាកិច្ចប្រជុំលើកដំបូងរបស់ គ.ជ.ប ក្នុងអាណត្តិថ្មី បន្ទាប់ពី គ.ជ.ប បានចូលកាន់តំណែង កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣។

បន្ទាប់ពីបានពិនិត្យលើឯកសារ និងស្តាប់របាយការណ៍របស់អង្គភាពជំនាញរួចមក អង្គប្រជុំ គ.ជ.ប បានពិភាក្សា កែសម្រួលចំណុចមួយចំនួនលើឯកសារទាំងនោះ និងសម្រេចដូចខាងក្រោម៖

១៖ ឯកភាពលើសេចក្តីសម្រេចស្តីពីការផ្តល់សុពលភាព និងដាក់ឱ្យប្រើប្រាស់បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៣។ ក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៣ ឈ្មោះអ្នក បោះឆ្នោត មានចំនួន ៩.៨៧១.៤៩៥នាក់ (ក្នុងនោះស្រ្តី ចំនួន ៥.២៤០.៩៧៩នាក់) ស្មើនឹង ៨៩,៩២% នៃចំនួនប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើង ចំនួន ១០.៩៧៨.២៥៨ នាក់ និងមានការិយាល័យបោះឆ្នោត ចំនួន ២៤.០៣៤ការិយាល័យ។

២៖ ឯកភាពលើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការត្រួតពិនិត្យផ្ទៀងផ្ទាត់ និងរៀបចំ ទិន្នន័យអ្នកបានបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។

៣៖ ឯកភាពលើសេចក្តីណែនាំស្តីពី ការងារបណ្តុះបណ្តាល និងការងារអប់រំអ្នកបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

៤៖ ក្នុងរបៀបវារៈផ្សេងៗ អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងបានឯកភាពលើខ្លឹមសារវីដេអូស្ប៉តអប់រំគំនូរជីវចល ចំនួន ១ រឿង ដែលមានចំណងជើងថា «ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤»