(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញដល់ប្រពន្ធ័ផ្សព្វផ្សាយ ចូលរួមក្នុងការថែរក្សាសុខសន្តិភាព ស្ថេរភាព សណ្តាប់សង្គម តាមរយៈការផ្សាយព័ត៌មានពិត ត្រឹមត្រូវមានក្រមសីលធម៍វិជ្ជាជីវៈ ដើម្បីលើកតម្លៃវិស័យព័ត៌មាន និងតម្លៃរបស់អ្នកសារព័ត៌មាន ការពង្រឹងគុណភាពសារព័ត៌មាន ឲ្យមានសណ្តាប់ធ្នាប់ល្អ។

នេះជាការលើកឡើងរបស់ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ សមាគមសម្ពន្ធ័អ្នកសារព័ត៌មានសកលសន្តិភាព ដឹកនាំដោយ លោក ហ៊ុន មករា ប្រធានសមាគម នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានចាត់ទុកសមាគមសារព័ត៌មាន គឺជាដៃគូរដ៏សំខាន់មួយ ដែលត្រូវដើរជាមួយគ្នាធ្វើការពិគ្រោះយោបល់ជាមួយគ្នា ដោយក្រសួងមិនអាចកាត់ផ្តាច់ចេញ ដោយឡែកពីសមាគម សារព័ត៌មាននោះទេ គឺត្រូវជួបគ្នា ដើម្បីក្តាប់ជាប់គោលបំណងសំខាន់ៗ និងបញ្ហាប្រឈម តម្រូវការ ក្នុងការធ្វើយ៉ាងម្ដេចឲ្យវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា បានដើរទៅមុខដោយស្វាហាប់។

លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា អ្វីដែលលោកចង់ឃើញ គឺវិស័យសារព័ត៌មាននៅកម្ពុជា មិនត្រឹមតែមានភាពរឹងមាំដែលអាចឈររឹង ក្នុងក្របខណ្ឌក្រមសីលធម៍វិជ្ជាជីវៈ និងគុណភាពប៉ុណ្ណោះនោះទេ តែក៏ត្រូវលេចធ្លោនៅក្នុងក្របខណ្ឌតំបន់ និងពិភពលោក ព្រោះទិសដៅរបស់ក្រសួងព័ត៌មាន ទៅពេលខាងមុខ ត្រូវធ្វើយ៉ាងណាឲ្យក្លាយ ទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រដ្ឋាភិបាល ហើយក្នុងក្របខណ្ឌសារព័ត៌មាន ត្រូវតែជាសំលេងរបស់កម្ពុជា។

លោកថា ដូច្នេះហើយកម្ពុជាត្រូវប្រើប្រាស់មធ្យោបាយសារព័ត៌មាន ដើម្បីចូលរួមក្នុងការ ការពារសន្តិភាព សណ្តាប់ធ្នាប់នៅក្នុងសង្គម តាមរយៈការផ្តល់ព័ត៌មានដែលត្រឹមត្រូវ ព័ត៌មានពិត ជូនដល់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះដែរ ដើម្បីឲ្យសារព័ត៌មានកាន់តែមានគុណភាព អ្នកសារព័ត៌មានត្រូវ អនុវត្តន៍នូវគោលការណ៍ ៣ ជាសំខាន់ គោរពក្រមសីលធម៍ សរសេរព័ត៌មានពិត ឈរលើប្រភព និងប្រកាន់គោលការណ៍បី ខ្លី ខ្លឹម ខ្លាំង។ សារព័ត៌មានដើរតូនាទីសំខាន់នៅក្នុងការផ្សព្វផ្សាយការពិតជូនដល់ប្រជាជន និងពិភពលោក ហើយអ្នកសារព័ត៌មានដើរតូនាទីសំខាន់ក្នុងកិច្ចការងារនេះ។

លោក នេត្រ ភក្ត្រា បានឲ្យដឹងថា នៅក្នុងអាណត្តិទី៧នេះ ក្រសួងព័ត៌មាន បាននឹងកំពុងធ្វើឲ្យវិស័យសារព័ត៌មាន ក្លាយទៅជាវិស័យអាទិភាព ដើរតួនាទីសំខាន់ ជាសំលេងរបស់កម្ពុជា មានន័យថា សារព័ត៌មានទាំងអស់ មានតួនាទី ក្នុងការជួយផ្សព្វផ្សាយពីកម្ពុជា ទៅប្រជាជន ទៅពិភពលោក។ ក្រសួងក៏បានផ្តោតទៅលើការធ្វើទំនើបកម្មស្ថាប័ន សំដៅអគារ សំភារៈ សម្រាប់បំរើការងារប្រចាំថ្ងៃ និងទំនើបកម្មសមត្ថភាពរបស់មន្រ្តី និងអ្នកយកព័ត៌មាន ស្របតាមការផ្លាស់ប្តូរ និងការវិវត្តន៍របស់សង្គម។

លោក នេត្រ ភក្ត្រា បន្ដថា ការធ្វើទំនើបកម្មនេះ មិនត្រឹមតែក្នុងក្របខណ្ឌក្រសួងព័ត៌មាននោះទេ គឺសម្រាប់អ្នកសារព័ត៌មានជារួម ក៏ត្រូវធ្វើទំនើបកម្មផងដែរ ដោយបាន ឲ្យដំណើរការឡើងវិញនូវ មណ្ឌលបណ្តុះបណ្តាលសារព័ត៌មាន និងវិក្រឹត្យការ ដើម្បីជួយពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន ឲ្យមានមូលដ្ឋានរឹងមាំក្នុងការផលិត និងសរសេរអត្ថបទព័ត៌មាន ដែលមានគុណភាព។

លោក នេត្រ ភក្ត្រា បន្ដទៀតថា កម្រិតនៃចំណះដឹង និងធនធានមនុស្សកម្ពុជាមានការរីកចម្រើន ដូច្នេះប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចាំបាច់ត្រូវពង្រឹងការផលិតព័ត៌មានប្រកបដោយគុណភាព ដើម្បីបម្រើឲ្យអ្នកអានរបស់ខ្លួន និងដើម្បីចូលរួមពង្រឹងគុណភាពធនធានមនុស្សរបស់កម្ពុជា តាមរយៈការផ្តល់ព័ត៌មានពិត រហ័ស និងមានគុណភាព។

លោក នេត្រ ភក្ត្រា បានលើកពីកិច្ចការងារគាំពារមន្រ្តីរាជការក្រសួងព័ត៌មាន និងអ្នកសារព័ត៌មាន ដោយក្រសួងព័ត៌មានព័ត៌មាន បានសហការជាមួយ មជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូមេឌីក​ ដើម្បីទទួលបានការបញ្ចុះតម្លៃ ៣០% លើសេវាពិនិត្យសុខភាព ដោយគ្រាន់តែអ្នកសារព័ត៌មានអញ្ជើញទៅ បង្ហាញកាតដែលទទួលស្គាល់ដោយក្រសួងព័ត៌មាន៕