(ភ្នំពេញ)៖ គម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាល (Urban Light Rail Transit) តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅក្រុងសៀមរាប ត្រូវបានគណៈកម្មការអន្តរក្រសួងលើកយកមកប្រជុំពិភាក្សាជាមួយក្រុមហ៊ុន China Metro Group សំដៅលើការយកចិត្តទុកដាក់លើការសិក្សាតម្រាយផ្លូវ បញ្ចៀសកុំឱ្យមានការរំខានដោយប្រការណាមួយនៅតំបន់អង្គរ។

កិច្ចពិភាក្សានេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រោមកិច្ចដឹកនាំរបស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង និងមានការចូលរួមពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការអន្តរក្រសួង ដែលបានធ្វើឡើងនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការចូលរួមពីលោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកាគណៈកម្មការអន្តរក្រសួង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។

កិច្ចប្រជុំនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅក្រុងសៀមរាប តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ដើម្បីជាការឆ្លើយតបទៅនឹងកំណើននៃភ្ញៀវទេសចរ និងសេវាកម្មដឹកជញ្ជូននានា ខណៈដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនជាផ្លូវការ តាំងពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

នៅក្នុងកិច្ចប្រជុំអន្តរក្រសួងជាមួយក្រុមហ៊ុន China Metro Group ក៏បានលើកយកការជជែកពិភាក្សាបានយកចិត្តទុកដាក់លើការសិក្សាតម្រាយផ្លូវ សំដៅបញ្ចៀសកុំឱ្យមានការរំខានដោយប្រការណាមួយនៅតំបន់អង្គរ តំបន់ដែលជាបុរាណដ្ឋាន ឬ តំបន់ដែលស្ថិតក្នុងដែនអភិរក្សរបស់អាជ្ញាធរអប្សរាផងដែរ៕