(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ដែលវត្តមានលោក លី ឈាង នាយករដ្ឋមន្រ្តីចិន, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយ លោកនាយករដ្ឋមន្រ្តី, រដ្ឋាភិបាល និងប្រជាជនចិន ចំពោះគ្រោះរញ្ជួយដីដែលបណ្តាលឱ្យមនុស្សស្លាប់ និងបាត់ខ្លួនជាង១០០នាក់ នៅភាគពាយព្យនៃប្រទេសចិន។

នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ស្តីពីលទ្ធផលកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែធ្នូនេះ។

សេចក្តីប្រកាសបានបញ្ជាក់ថា៖ «នៅក្នុងឱកាសនោះដែរ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយ ឯកឧត្តម លី ឈាង រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន និងក្រុមគ្រួសារនៃសព ចំពោះការបាត់បង់មនុស្សជាទីស្រលាញ់ និងការខូចខាតដែលបណ្តាលមកពីគ្រោះរញ្ជួយដីនៅខេត្តកានស៊ូ»

បន្ទាប់ពីចូលរួមរំលែកទុក្ខ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានសម្តែងនូវអំណរសាទរដោយស្មោះអស់ពីដួងចិត្តចំពោះការមកដល់នៃខួបលើកទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន និងជូនពរឆ្នាំថ្មីចំពោះថ្នាក់ដឹកនាំ ក៏ដូចជា ប្រជាជននៃប្រទេសតំបន់មេគង្គ-ឡានឆាងទាំងមូលក្នុងឱកាសឆ្នាំថ្មី២០២៤។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃចន្ទ ទី២៥ ខែធ្នូ បានរាយការណ៍ថា ចំនួនអ្នកស្លាប់នៅក្នុងគ្រោះរញ្ជួយដីមួយកម្រិត ៦.២រ៉ិចទ័រ ដែលបាន​ វាយប្រហារលើតំបន់ដាច់ស្រយាលមួយស្ថិតភាគពាយព្យនៃប្រទេស បានកើនដល់ ១៤៩នាក់ ខណៈ២នាក់ផ្សេងទៀតបាត់ខ្លួន។

គ្រោះរញ្ជួយដីមួយកម្រិត ៦.២រ៉ិចទ័រ បានវាយប្រហារតំបន់ Jishishan នៃខេត្ត Gansu ក្បែរព្រំប្រទល់ខេត្ត Qinghai កាលពីវេលាយប់​ពាក់កណ្តាលអធ្រាត្រ ថ្ងៃចន្ទ ឈានចូលថ្ងៃអង្គារសប្តាហ៍មុន។ តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន Xinhua គិតត្រឹមព្រឹកថ្ងៃចន្ទនេះ អ្នកបាត់បង់ជីវិតនៅខេត្ត Gansu មានចំនួន ១១៧នាក់ និងរបួស ៧៨១នាក់ ខណៈនៅខេត្ត Qinghai អ្នកស្លាប់កើនដល់ ៣២នាក់ និង ២នាក់បន្តបាត់ខ្លួននៅឡើយ។

ក្រៅតែពីបង្កឱ្យមានអ្នកស្លាប់ និងរងរបួស គ្រោះរញ្ជួយដីនេះក៏បានធ្វើឱ្យផ្ទះជាង ២០០,០០០ខ្នងរងការខូចខាត និងជាង១៥,០០០ខ្នងប្រឈមមុខនឹងការ ដួលរលំ ហើយប្រជាជន ១៤៥,០០០នាក់ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាពជាបណ្ដោះអាសន្ន។ មិនតែប៉ុណ្ណោះ ក្រុមមន្ត្រីក្នុងខេត្ត Gansu ក៏បានវាយតម្លៃដែរថាការខូតខាតសេដ្ឋកិច្ចបង្កឡើយដោយគ្រោះរញ្ជួយដីនេះមានទំហំប្រហែល ៧៤.៦លានដុល្លារ៕