(ភ្នំពេញ)៖ ក្រសួងព័ត៌មាន តាមរយៈទូរទស្សន៍ជាតិកម្ពុជា នឹងរៀបចំមហោស្រពតន្ត្រីនិងចម្រៀងកុមារឡើងវិញ ក្នុងគោលបំណងអប់រំបណ្តុះគំនិត និងសីលធម៌សម្រាប់កុមារកម្ពុជា ជាពិសេសដើម្បីលើកកម្ពស់សិទ្ធិរបស់កុមារ លុបបំបាត់អំពើកេងប្រវ័ញ្ចលើកុមារ លុបបំបាត់ការសេពគ្រឿងញៀន បញ្ជ្រាបការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍។

គួររំលឹកថា ការប្រឡងតន្ត្រីនិងចម្រៀងកុមារ បានប្រារព្ធធ្វើឡើងតាំងពីពាក់កណ្តាលទសវត្សឆ្នាំ១៩៨០ ដោយទូរទស្សន៍ជាតិកម្ពុជា។ ក្រោយមក មហោស្រពតន្ត្រីនិងចម្រៀងកុមារ ត្រូវបានរៀបចំដោយក្រសួងព័ត៌មាន និងក្នុងក្របខណ្ឌនៃការសហការជាមួយក្រសួងពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជននានា។

ដើម្បីរៀបចំមហោស្រពនេះឱ្យបានរលូន នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំមហោស្រពតន្ត្រីនិងចម្រៀងកុមារ សម្រាប់ជាផ្នែកមួយឈានទៅអបអរការប្រារព្ធទិវាកុមារអន្តរជាតិ ឆ្នាំ២០២៤។

នាឱកាសនោះ លោករដ្ឋមន្រ្តីបានជំរុញដល់គណៈកម្មការរៀបចំត្រូវធ្វើយ៉ាងណាផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីឱ្យសាធារណជន និងបណ្តាអង្គការជាតិ-អន្តរជាតិ ក្រុមហ៊ុន សហគ្រាស និងម្ចាស់ឧបត្តម្ភកម្មវិធីនានាបានទទួលព័ត៌មាន និងយល់ពីតម្លៃនៃការរៀបចំមហោស្រពនេះ កៀរគរការចូលរួមសហការគាំទ្រទាំងផ្នែកស្មារតី ថវិកា និងសម្ភារៈ។

យោងតាមអ្នកនាំពាក្យក្រសួងព័ត៌មាន គោលបំណងនៃការរៀបចំមហោស្រពនេះ គឺដើម្បីលើកកម្ពស់ការចូលរួមរបស់កុមារកម្ពុជាក្នុងការបង្ហាញសមត្ថភាពពិតរបស់ពួកគេ។ តាមរយៈមហោស្រពនេះក៏ជាឱកាសមួយលើកទឹកចិត្តដល់កុមារកម្ពុជា ក្នុងការបញ្ចញភាពអង់អាចក្លាហាន ទេពកោសល្យ និងស្នាដៃ សម្រាប់ផ្តល់ជាគំរូល្អដល់កុមារដទៃទៀត ដែលសុទ្ធសឹងជាទំពាំងស្នងឫស្សីសម្រាប់សង្គមជាតិ។

រាល់ការបញ្ចេញសមត្ថភាពច្រៀង និងសម្តែងសម្រាប់ការប្រកួតប្រជែងយកជ័យលាភីក៏ពិតមែន ប៉ុន្តែសុទ្ធសឹងមានភ្ជាប់ជាមួយនូវអត្ថន័យ និងគោលបំណងអប់រំបណ្តុះគំនិត និងសីលធម៌ល្អសម្រាប់កុមារកម្ពុជា ជាពិសេសដើម្បីលើកកម្ពស់សិទ្ធិរបស់កុមារ ការលុបបំបាត់អំពើកេងប្រវ័ញ្ចលើកុមារ ការលុបបំបាត់ការសេពគ្រឿងញៀន ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ តម្លៃចំណេះវិជ្ជា សុជីវធម៌ និងការរស់នៅក្នុងសង្គម។ ការរៀបចំកម្មវិធីនេះក៏មានគោលបំណងបណ្តុះស្មារតីឲ្យកុមារតូចៗស្រឡាញ់សិល្បៈ ស្រលាញ់វប្បធម៌ ស្រលាញ់ជាតិ តាំងពីវ័យក្មេង។

គណៈកម្មការរៀបចំមហោស្រពតន្ត្រីនិងចម្រៀងកុមារ ពានរង្វាន់ក្រសួងព័ត៌មាន នឹងរៀបចំកិច្ចប្រជុំបន្តទៀតដើម្បីពិភាក្សា និងកសាងផែនការលម្អិត សំដៅធ្វើឱ្យការរៀបចំមហោស្រពនេះប្រព្រឹត្តទៅប្រកបដោយជោគជ័យ គាំទ្រដល់គោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល៕