(សៀមរាប)៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន២០០គ្រួសារ នៅសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ទទួលបានអំណោយគ្រឿងឧបភោគបរិភោគពីសមាគមសង្រ្គោះជីវិត នៃប្រទេសសិង្ហបុរី។

ការប្រគល់អំណោយទាំងនេះតាមរយៈលោក ប៊ុន ថាឫទ្ធិ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ធ្វើឡើងស្ថិតនៅក្នុងបរិវេណវត្តប្រាសាទគោកចក ក្រោមវត្តមាននិមន្តចូលរួមពីព្រះសង្ឃ និងលោក ប៊ុន ថាឫទ្ធិ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប លោក Goh Tung Hong ប្រធានសមាគមសង្រ្គោះជីវិត នៃប្រទេសសិង្ហបុរី និងសហការី អាជ្ញាធរក្រុង ក្រុមប្រឹក្សាសង្កាត់ រួមទាំងសប្បុរសជនចូលរួមផងដែរ។

គ្រួសារនីមួយៗទទួលបានអង្ករ១០គីឡូក្រាម មី១កេស ប្រេងឆា១ដប និងទឹកស៊ីអ៊ីវ២ដប ក្នុងនោះដែរលោក ប៊ុន ថាឫទ្ធិ រួមនិងសប្បុរសជនឧបត្ថម្ភជាប្រាក់១៥ពាន់រៀលក្នុងមួយគ្រួសារផងដែរ។

លោកប្រធានសមាគមសង្រ្គោះជីវិតបានលើកឡើងពីគោលបំណងរបស់ក្រុមប្រតិភូសមាគមសង្រ្គោះជីវិត គឺជាសមាគមមួយដែលមិនបម្រើនឲ្យយោបាយណាមួយឡើយ គឺបម្រើតែចលនាមនុស្សធម៌នៅលើពិភពលោកតែប៉ុណ្ណោះ។ លោកបន្តថា នេះជាអំណោយដ៏តិចតូចក្នុងការចូលរួមដោះស្រាយ និងជួយសម្រាលនូវការខ្វះខាតរបស់ប្រជាពលរដ្ឋចំពោះមុខបានមួយរយៈផងដែរ។ សមាគមរបស់លោកនឹងបន្តជួយដល់ប្រជាពលរដ្ឋកម្ពុជា ជួបការខ្វះខាតនៅតំបន់មូលដ្ឋានផ្សេងៗទៀតផងដែរ។

លោក ប៊ុន ថាឫទ្ធិ បានថ្លែងអំណរគុណដល់សមាគមសង្រ្គោះជីវិត នៃប្រទេសសិង្ហបុរី ដែលមានចិត្តសប្បុរសធម៌ចំពោះប្រជាជនកម្ពុជាក្នុងការចូលរួមដោះស្រាយទុក្ខលំបាកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោយពីវិបត្តិនៃជម្ងឺកូវិដ-១៩។ កាយវិការសប្បុរសធម៌នេះនឹងធ្វើឲ្យក្លាយជាកាលនុវត្តភាពក្នុងការរឹតចំណងសាមគ្គីភាព និងការពង្រឹង កិច្ចទំនាក់ទំនង សហប្រតិបត្តិការល្អរវាងប្រទេសជាតិ និងប្រជាជនទាំងពីរកាន់តែមានភាពរឹងមាំទ្វេឡើង។

លោកក៏បានសំណូមពរដល់សមាគមសង្រ្គោះជីវិតបន្តសកម្មភាពរបស់ខ្លួននៅកម្ពុជាក្នុងការចូលរួមអភិវឌ្ឍជាមួយរាជរដ្ឋាភិបាលកម្ពុជា ដូចជាការសាងសង់អគារសិក្សា មណ្ឌលសុខភាព ផ្លូវថ្នល់ អណ្តូងទឹកស្អាត និងបង្គន់អនាម័យ បរិស្ថានផងដែរ៕