(ព្រះវិហារ)៖ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានព្រមានមន្ត្រីរាជការ បុគ្គលិក កម្មករទាំងអស់ដែលពាក់ព័ន្ធបញ្ហាគ្រឿងញៀន គឺត្រូវបណ្តេញចេញពីការងារ និងចាត់ការទៅតាមច្បាប់ ដោយមិនអត់ឱនឱ្យនោះទេ។

លោកប្រធានមន្ទីរថ្លែងបែបនេះ ក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍លទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២៣ នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣។

លោក សំ លាងទ្រី បានថ្លែងព្រមានដល់មន្ត្រី បុគ្គលិក កម្មករទាំងអស់ ពិសេសនៅតាមការដ្ឋាន បើមានការពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន គឺត្រូវបណ្តេញចេញ និងចាត់វិធានការទៅតាមច្បាប់ ដោយមិនមានការលើកលែងនោះទេ។

លោក សំ លាងទ្រី ក៏បានថ្លែងនូវការកោតសរសើរដល់មន្ត្រី បុគ្គលិក កម្មករទាំងអស់របស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ដែលពេញ១ឆ្នាំ២០២៣បានខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ច ដោយទទួលបាន ជោគជ័យ ពិសេសលើការងារជួសជុល ថែទាំ ផ្លូវថ្នល់ ទាំងផ្លូវក្រាលកៅស៊ូ និងផ្លូវក្រួសក្រហមដែលគ្រប់គ្រងដោយមន្ទីរ អាចនិយាយបានថាយើងធ្វើបាន១០០ភាគរយ ប៉ុន្តែនៅសេសសល់តិចតួចយើង នឹងបន្តធ្វើនៅឆ្នាំ២០២៤បន្តទៀត៕