(ភ្នំពេញ)៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ បានរួមគ្នាស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៤នាក់ ក្រោយកាប់ប្រហារយុវជន៣នាក់បណ្តាលឲ្យរបួស ក្នុង២ករណីសផ្សេងគ្នា។

ប្រតិបត្តិការនេះបានធ្វើឡើងក្រោមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្តាល ព្រមទាំងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ។
យោងរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ដូចខាងក្រោម៖

*ករណីទី១៖ ក្រុមជនសង្ស័យបានយកដាវចំនួន៣ដើម និងពូថៅចំនួន១ដើម ព្រួតគ្នាកាប់លើជនរងគ្រោះបណ្តាលឲ្យត្រូវថ្ពាល់ខាងឆ្វេងរយះពីគុម្ពត្រចៀកដល់ចុងរង្វះមាត់, ត្រូវកំភួនជើងស្តាំដាច់រយះដល់ឆ្អឹង រងរបួសជាទម្ងន់សន្លប់បាត់ស្មារតី នៅចំណុចមាត់ទន្លេ ផ្លូវទន្លេសាប ក្រុម៧ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៣៖១៥នាទី។

ជនរងគ្រោះមានឈ្មោះ ផល ចាន់វីស អាយុ១៩ឆ្នាំ មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ មុខរបរបុគ្គលិកក្រុមហ៊ុនវីរៈប៊ុនថាំ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ កាល់ម៉ែត។

*ករណីទី២៖ ក្រុមជនសង្ស័យបានព្រួតគ្នាធ្វើសកម្មភាពយកដាវចំនួន៤ដើម និងរណាចំនួន១កាប់ និងអាដៃជនរងគ្រោះបណ្តាលឲ្យរងរបួស ព្រមទាំងកាប់បំផ្លិចបំផ្លាញម៉ូតូចំនួន១គ្រឿង បណ្តាលឲ្យរងការខួចខាត នៅចំណុចផ្លូវ លេខ២១ កែងផ្លូវលេខ១១០ ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង៣៖៤០នាទី។

ជនរងគ្រោះមានឈ្មោះ ភាព មករា អាយុ១៦ឆ្នាំ មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរកម្មកររោងចក្រ ​និងឈ្មោះ ជឹម បញ្ញា អាយុ២០ឆ្នាំ មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ មុខរបរ កម្មកររោងចក្រុំ។

ជនសង្ស័យទាំង៤នាក់រួមមាន៖
*ទី១៖ ឈ្មោះ ហឿន ប៊ុនលាភ អាយុ១៨ឆ្នាំ មានទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិខ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរសិស្ស
*ទី២៖ ឈ្មោះ ហ៊ុន វិសាល អាយុ១៨ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិស្វាយរលំ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ
*ទី៣៖ ឈ្មោះ ធី ម៉ា ហៅ ឡា អាយុ១៨ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ១ ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ មុខរបរមិនពិតប្រាកដ
*ទី៤៖ ឈ្មោះ នូ សុបញ្ញា អាយុ១៧ឆ្នាំ ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរសិស្ស។

ក្រោយចាប់ខ្លួន កម្លាំងនគរបាលបានដកហូតវត្ថុតាងរួមមាន៖

*ដាវដែកវៀចផ្លែ មានប្រវែង៥៩សង់ទីម៉ែត្រ ចំនួន១ដើម
*អាវធំក្រណាត់ ពណ៌ ក្រឡាស និងខ្មៅ ចំនួន១
*ស្រោមដាវធ្វើពីស្បែក ពណ៌សូកូឡាប្រវែងកន្លះម៉ែត្រ
*ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខកណ្តាល 1AP-5307
*ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ (ប្តូរអាវដាក់ពណ៌ស) សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខកំពង់ធំ 1S-5827។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕