(កំពង់ធំ)៖ លោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ ប្រធានអនុ-ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបី មន្ត្រីរាជការ និងសិស្សានុសិស្សជាច្រើននាក់ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានចូលរួមអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ក្រោមប្រធានបទ៖ បច្ចេកវិទ្យាជាមធ្យោបាយដើម្បីអភិវឌ្ឍន៍ជាតិ មិនមែនដើម្បីជួញដូរមនុស្ស ស្ថិតនៅសាលប្រជុំសាលាខេត្តកំពង់ធំ។

លោកស្រីវរសេនីយ៍ឯក កង កូយ ស្នងការរងនគបោលខេត្ត និងជាអនុប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ បានលើកឡើងថា ការខិតខំប្រឹងប្រែងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត ដែលមានក្រុមការងារទាំង៦ ជាសេនាធិការ និងមានរចនាសម្ពន្ធតាំងពីថ្នាក់ស្រុករហូតដល់ថ្នាក់ខេត្ត រួមទាំងអង្គការដៃគូក្នុងខេត្ត ក្នុងគោលដៅបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងដាច់ខាតអំពើជួញដូរមនុស្ស និងបានបំផ្លាញដល់កិត្តិយស សេចក្តីថ្លៃថ្នូរ ផលប្រយោជន៍ និងរហូតដល់អាយុជីវិតជនរងគ្រោះយ៉ាងអណោចអធម។

លោកស្រីស្នងការរងនគបោលខេត្តបានបន្តថា ទោះបីជាអំពើជួញដូរមនុស្សមិនទាន់ផុតរលត់ក្ដី ក៏បេសកកម្មនេះមិនទាន់ត្រូវបានបញ្ចប់ដែរ ហើយនិងបន្តខិតខំបន្ថែមទៀតកាន់តែខ្លាំង ដែលទាមទារឱ្យមានការគាំទ្រ និងកិច្ចសហការកាន់តែទូលំទូលាយ ដើម្បីបង្ការទប់ស្កាត់ ឈានទៅលុបបំបាត់អំពើជួញដូរមនុស្សឱ្យបានជោគជ័យ។

លោកស្រី លំ គន្ធារី បានថា កម្មវិធីទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារឱ្យបាននូវសន្តិភាពជាតិ សន្តិសុខសង្គម ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ដោយពង្រឹងកិច្ចសហការប្រតិបត្តិការជាតិ-អន្តរជាតិកាន់តែទូលំទូលាយ និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយថាមពល និងសក្តានុពល។

រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តការប្តេជ្ញាចិត្តយ៉ាងមុះមុត ប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសឧក្រិដ្ឋដទៃទៀត ដែលបាននិងកំពុងតែយាយីបំផ្លាញដល់សង្គមជាតិយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូរផលប្រយោជន៍រហូតដល់អាយុជីវិតប្រជាពលរដ្ឋ ក៏ដូចជាបំផ្លាញដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសេដ្ឋកិច្ចជាតិយ៉ាងធ្ងន់ធ្ងរ។

លោកស្រី លំ គន្ធារី បានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់ថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងឱ្យតម្លៃខ្ពស់ទៅលើភាពរីកចម្រើននៃបច្ចេកវិទ្យា ព្យាយាមពង្រីកចំណេះដឹងដល់មន្ត្រីរាជការ កងកម្លាំងគ្រប់ប្រភេទ ព្រមទាំងប្រជាពលរដ្ឋឱ្យចេះប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដើម្បីទំនាក់ទំនងគ្នាបានកាន់តែចាប់រហ័ស ធ្វើជាមធ្យោបាយសម្រាប់ការសិក្សាស្រាវជ្រាវ អភិវឌ្ឍចំណេះដឹង ជំនាញគ្រប់គ្រងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម សេវាកម្ម អាជីវកម្មខ្នាតតូច មធ្យម ឬធំ រហូតដល់បានពង្រីកវិសាលភាពនៃការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងប្រព័ន្ធការងារឱ្យក្លាយជារដ្ឋបាលបែបឌីជីថល។

បច្ចេកវិទ្យាក៏ត្រូវបានឧក្រិដ្ឋជន ប្រើប្រាស់ធ្វើជាមធ្យោបាយអូសទាញមនុស្សឱ្យធ្លាក់ចូលអន្ទាក់នៃបទឧក្រិដ្ឋគ្រប់រូបភាព រួមទាំងជួញដូរមនុស្ស និងកេងប្រវ័ញគ្រប់ទម្រង់ផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាខិតខំរកគ្រប់មធ្យោបាយ ធនធាន និងបច្ចេកទេសស៊ើបអង្កេតរុករកបណ្តាញជនល្មើសយ៉ាងសកម្ម និងបានបំផ្លាញប្រសិទ្ធភាពបទល្មើសរបស់ជនទុច្ចរិត និងសង្គ្រោះជនទាំងឡាយដែលរងគ្រោះ និងងាយរងគ្រោះបានជាបន្តបន្ទាប់៕