(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា ជំរឿនសេដ្ឋកិច្ចជាតិឆ្នាំ២០២២ បានបង្ហាញថា រាជរដ្ឋាភិបាលធ្វើអ្វីឈរលើភាពច្បាស់លាស់ មិនមែនធ្វើដោយស្រមើស្រមៃនោះទេ។

គួរជម្រាបថា ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ត្រូវបានធ្វើឡើងគោលបំណងចងក្រងស្ថិតិមូលដ្ឋានគ្រឹះស្តីពី អង្គភាពសេដ្ឋកិច្ច និងបង្កើតបញ្ជីមេនៃអង្គភាពសេដ្ឋកិច្ចនៅកម្ពុជា ដែលផ្តល់នូវព័ត៌មានសំខាន់ៗ ស្តីពីស្ថានភាពនៃសកម្មភាព និងរចនាសម្ព័ន្ធសេដ្ឋកិច្ច ដល់អ្នករៀបចំគោលនយោបាយ អ្នករៀបចំផែនការ អ្នកស្រាវជ្រាវ និងអ្នកពាក់ព័ន្ធដទៃទៀត។ បញ្ជីមេនៃអង្គភាព សេដ្ឋកិច្ចក៏ត្រូវបានប្រើប្រាស់ជាបញ្ជីគោលនៃជំរឿនសេដ្ឋកិច្ច និងធ្វើជាបញ្ជីសំណាកគំរូសម្រាប់ ជ្រើសរើសសំណាកគំរូនៃអង្កេតផ្សេងៗពាក់ព័ន្ធនឹងក្រុមហ៊ុន សហគ្រាសអាជីវកម្ម សិប្បកម្ម ពាណិជ្ជកម្ម និងសេវាកម្ម លើកលែងតែអង្គភាពសេដ្ឋកិច្ចក្នុងវិស័យកសិកម្ម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២យើងអាចប្រើប្រាស់ ១០ឆ្នាំយើងធ្វើម្តង ចឹងអ្វីដែលយើងមានមូលដ្ឋានឆ្នាំនេះ គឺជាមូលដ្ឋានសំខាន់ណាស់សម្រាប់ឲ្យប្រទេសយើងក្នុងការវិវឌ្ឍទៅមុខ ហើយវាក៏ជាមូលដ្ឋានសម្រាប់ដើរទៅមុខក្នុងការសម្រេចនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០២៤-២០២៨ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យដែលនឹងដាក់ឲ្យអនុវត្តនៅឆ្នាំ២០២៤ខាងមុខនេះ»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ក្របខ័ណ្ឌគោលនយោបាយមិនមែនធ្វើឡើងដោយផ្អែកទៅលើអ្វីដែលយើងស្រាវជ្រាវនៅក្នុងអាកាសនោះទេ មិនមែនស្រាវជ្រាវយកទិន្នន័យដែលគេបង្ហោះនៅលើហ្វេសប៊ុក បង្ហោះនៅតាមបណ្ដាស្ថាប័នអន្តរជាតិជាច្រើនដែលយើងមានដែលជាទិន្នន័យចាស់នោះទេ ប៉ុន្តែវាត្រូវផ្អែកលើទិន្នន័យបច្ចុប្បន្នភាពនៃទិន្នន័យជាក់ស្តែងទៅលើដី ដែលនេះហើយគឺជាដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយដោយជាក់លាក់ មិនធ្វើដោយស្រមើស្រមៃ ឬដល់អារម្មណ៍ ឬដោយការគិតនោះទេ តែត្រូវផ្អែកលើទិន្នន័យជាក់ស្តែង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ទិន្នន័យជាក់ស្ដែងនេះគឺសំខាន់ណាស់ ហើយទិន្នន័យដែលដាក់ចេញមកនេះ ចង់ឫមិនចង់យើងត្រូវតែជឿ ព្រោះមិនមានអីផ្សេងទៀត ហើយក៏អត់មានលទ្ធភាពផ្សេងទៀតទៅធ្វើជំរឿនជំនួសដែរ ដូចនេះហើយទាមទារនូវការកំណត់ឲ្យបានគុណភាពច្បាស់លាស់នៃនិន្នន័យ ព្រោះទិន្នន័យដែលដាក់ដោយក្រសួងផែនការ ក៏មិនមានក្រុមហ៊ុនណាទៅធ្វើទិន្នន័យទូទាំងប្រទេសឡើងវិញនោះទេ គឺត្រូវពឹងផ្អែកលើទិន្នន័យរួមនេះជាការកំណត់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា រាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងគ្រប់ក្រសួងទាំងអស់មុនដាក់គោលនយោបាយរបស់ខ្លួន ក៏មិនបានបញ្ជូនមន្ត្រីទៅធ្វើជំរឿនផ្ទាល់ខ្លួនដែរ ព្រោះអត់មានថវិកា អត់មានពេលវេលាអត់មានជំនាញគ្រប់គ្រាន់ ដូចនេះគឺត្រូវពឹងផ្អែកទៅលើនិន្នន័យរួមនេះដើម្បីដាក់គោលដៅ ហើយក្រៅពីនោះក៏ជាប្រទីបផ្លូវមួយសម្រាប់ការទាក់ទាញវិនិយោគផងដែរ ហើយទិន្នន័យរួមដែលយើងមាននេះក៏ជាចំណុចបង្ហាញមួយអំពីការវិនិយោគ ទាំងក្រៅ និងក្នុងប្រទេសក្នុងការបង្កើតមុខរបរផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា ទិន្នន័យជួយឱ្យការវិភាគការងារទាំងឡាយបានច្បាស់លាស់ ជាមួយនឹងការបង្កើនប្រសិទ្ធច្បាស់លាស់ និងចំគោលដៅដោយមិនប្រថុយប្រថាន, ទោះបីជាការព្យាករមិនអាចត្រឹមត្រូវទាំងអស់បានដោយសារកត្តាសេដ្ឋកិច្ចពិភពលោកមានកាសរប្រែប្រួល ប៉ុន្តែប្រសិនបើយើងអត់មានទិន្នន័យ និងវិភាគច្បាស់លាស់នោះទេ នោះយើងមិនអាចដើរទៅមុខបានត្រឹមត្រូវនោះទេ៕