(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឱ្យក្រសួងផែនការ ប្រែក្លាយទិន្នន័យជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ឱ្យទៅជាព័ត៌មាន គ្រប់ជ្រុងជ្រោយ និងច្បាស់លាស់តាមបែបវិទ្យាសាស្ត្រ តាមរយៈការប្រើប្រាស់វិធីសាស្ត្រសមស្រប នៃវិទ្យាសាស្ត្រស្ថិតិ ដើម្បីជាធាតុចូលរឹងមាំសម្រាប់គ្រប់ក្រសួង-ស្ថាប័ន ប្រើប្រាស់ក្នុងការងាររៀងៗខ្លួន ជាពិសេស សម្រាប់ការរៀបចំគោលនយោបាយដោយផ្អែកលើភស្តុតាង និងព័ត៌មាននេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចបានបានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយ នៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។

សម្តេចធិបតីបានថ្លែង ទិន្នន័យដែលមាននៅក្នុងជំរឿននេះ គឺសំខាន់ និងមានប្រយោជន៍ខ្លាំងណាស់ សម្រាប់រាជរដ្ឋាភិបាល ក្រសួងស្ថាប័ន ក្រុមហ៊ុនឯកជន ក៏ដូចជាអ្នកសិក្សាទាំងឡាយប្រើប្រាស់សម្រាប់វិភាគ និងរៀបចំគោលនយោបាយ ក៏ដូចជាប្រទីបសម្រាប់ទាក់ទាញវិនិយោគិន។ ហើយគ្មានស្ថាប័នណាដែលមានលទ្ធភាពធ្វើជំនួសជំរឿននេះបានឡើយ ហេតុនេះទាមទារឱ្យការកំណត់ទិន្នន័យត្រូវតែមានភាពច្បាស់លាស់។

សម្តេចបានថ្លែងបន្តថា «អ៊ីចឹងទិន្នន័យដែលបានដាក់មកនេះ ចង់មិនចង់យើងត្រូវជឿ ព្រោះអត់មានអីផ្សេងទៀត អត់មានលទ្ធភាពផ្សេងទៀតទៅធ្វើជំរឿនជំនួសទេ អ៊ីចឹងទាមទារនូវការកំណត់ឱ្យបានគុណភាពច្បាស់លាស់នៃទិន្នន័យ ព្រោះទិន្នន័យដែលដាក់ដោយក្រសួងផែនការ ខ្ញុំមិនជឿ ថាក្រុមហ៊ុនណាទៅធ្វើទិន្នន័យទូទាំងប្រទេសឡើងវិញនោះទេ គឺយកអាហ្នឹងដើម្បីជាការកំណត់។ រាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រប់ក្រសួងទាំងអស់ មុននឹងដាក់ចេញគោលនយោបាយ ក៏មិនបញ្ជូនមន្រ្តីទៅធ្វើជំរឿនផ្ទាល់ខ្លួនដែរ ព្រោះអត់មានថវិកា អត់មានជំនាញ និងពេលវេលាគ្រប់គ្រាន់ អ៊ីចឹងគឺត្រូវពឹងផ្អែកទៅលើទិន្នន័យរួមនេះ ហើយក៏ជាប្រទីបបំភ្លឺផ្លូវមួយដើម្បីទាក់ទាញវិនិយោគផងដែរ»

ដោយទិន្នន័យ និងស្ថិតិដើរតួនាទីសំខាន់នៅក្នុងគ្រប់ទិដ្ឋភាព សម្តេចបានដាក់អនុសាសន៍ឱ្យក្រសួងផែនការ ប្រែក្លាយទិន្នន័យជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ឱ្យទៅជាព័ត៌មាន គ្រប់ជ្រុងជ្រោយ និងច្បាស់លាស់តាមបែបវិទ្យាសាស្ត្រ តាមរយៈការប្រើប្រាស់វិធីសាស្ត្រសមស្រប នៃវិទ្យាសាស្ត្រស្ថិតិ ដើម្បីជាធាតុចូលរឹងមាំសម្រាប់គ្រប់ក្រសួង-ស្ថាប័ន ប្រើប្រាស់ក្នុងការងាររៀងៗខ្លួន ជាពិសេស សម្រាប់ការរៀបចំគោលនយោបាយដោយផ្អែកលើភស្តុតាង និងព័ត៌មាននេះ។

ជាមួយគ្នានេះក្រសួងផែនការត្រូវបន្តលើកកម្ពស់ជំរឿនសេដ្ឋកិច្ច និងការអង្កេតសំខាន់ៗពាក់ព័ន្ធនានា ដោយធានាឱ្យបាននូវការប្រមូលទិន្នន័យដែលមានលក្ខណៈជាតំណាងពិតប្រាកដ នៃបញ្ហាស្វែងយល់ ដើម្បីជាប្រយោជន៍ និងធាតុចូលសម្រាប់ការងារអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ។ ទន្ទឹមគ្នានេះក្រសួងផែនការត្រូវយកចិត្តទុកដាក់ នៅក្នុងការពង្រឹងវិទ្យាស្ថានជាតិស្ថិតិទាំងរចនាសម្ព័ន្ធ ទាំងធនធានមនុស្ស។

សម្តេចបានលើកទឹកចិត្តឱ្យផ្សព្វផ្សាយលទ្ធផលទាំងនេះឱ្យបានទូលំទូលាយដល់គ្រប់ ក្រសួង-ស្ថាប័នពាក់ព័ន្ធ៕