(កំំពង់ចាម)៖ បន្ទាប់ពីបញ្ចប់កិច្ចសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់ក្នុងខេត្តកំពង់ចាមនៅម៉ោងប្រមាណ១១៖១០នាទី ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានឆ្លៀតជួបសំណេះសំណាលជាមួយសិស្ស កុមារគថ្លង់ និង បុគ្គលិកនៅអង្គការគ្រួសារថ្មីខេត្តកំពង់ចាម ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ជាង ១០០នាក់។
ក្នុងដំណើរអញ្ជើញមកដល់អង្គការគ្រួសារថ្មី សម្តេចតេជោ ហ៊ុន សែន ត្រូវបានទទួលស្វាគមន៍ដោយក្តីរំភើបរីករាយពីសំណាក់សិស្សៗ និងកុមារគថ្លង់ ដោយការឱបរិតបង្ហាញពីក្តីស្រឡាញ់របស់ពួកគេចំពោះប្រមុខដឹកនាំកម្ពុជា។
បន្ទាប់ពីការស្វាគមន៍ និងថ្លែងសំណេះសំណាលហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានដើរសំណេះសំណាលដោយផ្ទាល់ជាមួយសិស្សៗ និងកុមារគថ្លង់នៅតាមតុអាហារ ព្រមទាំងបានចាប់ម្ហូបអាហារបញ្ចុកពួកគេប្រកបដោយភាពស្និទ្ធស្នាល និងក្តីស្រឡាញ់។
យោងតាមរបាយការណ៍បានឲ្យដឹងថា អង្គការគ្រួសារថ្មីកំពង់ចាម ត្រូវបានបង្កើឡើងនៅក្នុងឆ្នាំ១៩៩១ ដោយលោកបឺណ័រឌុយសាតូអាមាំងហ្សុង ក្នុងបំណងជួយឲ្យកុមារពិការភ្នែក គថ្លង់ និងកំព្រាក្នុងប្រទេសកម្ពុជា មានលទ្ធភាពធ្វើសមាហរណកម្មតាមរយៈការអប់រំ ដែលជាជំនួយសមស្របទៅតាមតម្រូវការ និងសិល្បៈ ដោយគោរពប្រពៃណី និងជំនឿរបស់ពួកគេ។
អង្គការគ្រួសារថ្មីកំពង់ចាមបច្ចុប្បន្នមានសិស្ស និងកុមារចំនួន ១៨០នាក់ ស្រី ៦៨នាក់ ក្នុងនោះសិស្សពិការភ្នែកចំនួន ៦០នាក់ សិស្សគថ្លង់ចំនួន ៨៤នាក់ កុមារកំព្រានៅផ្ទះអចិន្ត្រៃយ៍ចំនួន ២៣នាក់ និង សិស្សសកលមានចំនួន ១៣នាក់។
របាយការណ៍បានបញ្ជាក់ផងដែរ អង្គការគ្រួសារថ្មីនៅខេត្តកំពង់ចាម មានគ្រូ និងបុគ្គលិកសរុប ៤១នាក់ ស្រី ១៤នាក់។
សម្រាប់សកម្មភាពអប់រំវិញ សិស្សពិការភ្នែកចំនួន ១២ថ្នាក់ ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២, សិស្សគថ្លង់ ១២ថ្នាក់ ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២។
ដោយឡែកសិស្សពិការភ្នែកចាប់ពីថ្នាក់ទី៣ និងសិស្សគថ្លង់ ចាប់ពីថ្នាក់ទី៥ ដល់ទី៨ ត្រូវបានបញ្ជូនទៅរៀនក្នុងថ្នាក់អប់រំបញ្ចូលគ្នានៅសាលាបឋមសិក្សា និងអនុវិទ្យាល័យទួលថ្ម។ ចំពោះសិស្សថ្នាក់ទី៩ និងទី១២ ត្រូវបានបញ្ជូនទៅរៀនក្នុងថ្នាក់អប់រំបញ្ចូលគ្នានៅវិទ្យាល័យព្រះសីហនុ។
អង្គការគ្រួសារថ្មីកំពង់ចាម ក៏មានថ្នាក់បង្រៀនកុំព្យូទ័រ ភ្លេង បង្ហាត់របាំ និងបង្ហាត់ស្តាប់ និយាយផងដែរ។
របាយការណ៍បានបញ្ជាក់ផងដែរថា អង្គការគ្រួសារថ្មី តែងទទួលបានការចុះសាកសួរសុខទុក្ខពីលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានចំនួនពីរដងក្នុងមួយឆ្នាំ ដោយមានរៀបចំអាហារថ្ងៃត្រង់ជូនសិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ ព្រមទាំងផ្តល់អង្ករ១តោនក្នុងមួយខែ។ លោករដ្ឋមន្រ្តី ក៏បានផ្តល់ឧបករណ៍ភ្លេងបុរាណ ភ្លេងពិណពាទ្យ សម្លៀកបំពាក់ សម្ភាររបាំ និងថវិកាមួយចំនួនទៀត៕