(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញនូវមោទនភាពដេលកម្ពុជាធ្វើជំរឿនសេដ្ឋកិច្ចជាតិ ឆ្នាំ២០២២ បានដោយខ្លួនឯង ហើយបង្ហាញអំពីសមត្ថភាពកាន់តែប្រសើររបស់មន្ដ្រី ខណៈទិន្នន័យដែលបានមកពីការជំរឿននេះក៏ល្អដូចគ្នាផងដែរ។

ការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសអញ្ជើញប្រកាសផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឆ្នាំ២០២២ មិនត្រឹមតែទិន្នន័យបានល្អតែសំខាន់សមត្ថភាពប្រជាជនខ្មែរ មន្ដ្រីរបស់យើងមានសមត្ថភាពក្នុងការម្ចាស់ការខ្លួនឯងស្រាវជ្រាវ ពិតណាស់យើងមានជំនួយបច្ចេកទេសពីភាគីមិត្ត ភាគីដៃគូ ប៉ុន្ដែសមត្ថភាពមន្ដ្រីរបស់យើងក្នុងការធ្វើខ្លួនឯងនេះ គឺជាអ្វីដែលយើងគួរមានមោទនភាព។ ការកសាងសមត្ថភាពនេះ គឺធានាឲ្យយើងចង់បើកភ្លើងពេលណា បិទភ្លើងពេលណាក៏បាន បំភ្លឺផ្លូវដើរដល់ណាក៏បាន នេះគឺជាកិច្ចការសំខាន់»

ជាមួយគ្នានេះ សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានរំលឹកថា លើកទី១ យើងធ្វើនៅឆ្នាំ២០១១ ពេលនោះស្ថានភាពទិន្នន័យ ស្ថានភាពបច្ចេកទេសក៏មានការលំបាក ប៉ុន្ដែសំខាន់បំផុតពេលនោះធនធានមនុស្សនៅមានកម្រិត គឺពឹងភាគីមិត្តជួយទាំងស្រុងទៅលើបច្ចេកទេស។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខំប្រឹងប្រែងរបស់វិទ្យាស្ថានជាតិ​ស្ថិតិនៃក្រសួងផែនការ, គណៈកម្មាធិការជាតិជំរឿនសេដ្ឋកិច្ច នៅព្រះរាជាណាចក្រកម្ពុជា, គណៈកម្មការបច្ចេកទេសជំរឿនសេដ្ឋកិច្ច, គណៈកម្មការឃោសនាជំរឿនសេដ្ឋកិច្ច, គណៈកម្មាធិការជំរឿនសេដ្ឋកិច្ចនៅរាជធានី ខេត្ត, និងក្រុមការងារស្នូលបច្ចេកទេសទាំងអស់ ក្នុងការធ្វើឱ្យសម្រេចបានដោយជោគជ័យ នៅក្នុងការធ្វើជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ទិន្នន័យជំរឿនសេដ្ឋកិច្ចដើរតួនាទីគន្លឹះក្នុងការ​ជួយ​រាជរដ្ឋាភិបាល នៅក្នុងដំណើរការរៀបចំគោលនយោបាយ ដោយផ្តល់នូវការឆ្លុះ​បញ្ចាំងឱ្យ​ឃើញ​ស៊ីជម្រៅទៅក្នុងសុខភាពសេដ្ឋកិច្ច, ការកំណត់កាលានុវត្តភាពសម្រាប់កំណើន និង​ការរៀបចំតាក់តែងគោលនយោបាយនានា ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព​សម្រាប់​ការអភិវឌ្ឍ ព្រមទាំងជួយរាជរដ្ឋាភិបាលឱ្យយល់ដឹង ពីតម្រូវការជាក់លាក់តាមវិស័យ, បែងចែកធនធានប្រកបដោយប្រសិទ្ធភាព, កំណត់វិធានការអន្តរាគមន៍​នានាតាមមុខ​សញ្ញា និងតាមដានត្រួតពិនិត្យវឌ្ឍនភាពឆ្ពោះទៅរកគោលដៅ អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ដែលជាចុងក្រោយ ទិន្នន័យជំរឿនសេដ្ឋកិច្ចនឹងរួមចំណែក​ដល់ការធ្វើឲ្យមានកំណើន​សេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម៕