(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់ទុកថា ទិន្នន័យជំរឿនសេដ្ឋកិច្ច គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការកសាងគោលនយោបាយ ដើម្បីឲ្យមានលក្ខណៈបុរេសកម្ម និងព្យាករណ៍សម្រាប់អនាគត ហើយធានានូវភាពប្រកួតប្រជែង។
ក្នុងឱកាសអញ្ជើញប្រកាសផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអះអាងថា ទិន្នន័យជំរឿនសេដ្ឋកិច្ច គឺជួយក្នុងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃចំពោះផែនការសកម្មភាពគោលនយោបាយផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលយើងក៏បានប្រើប្រាស់ទិន្នន័យនេះ នៅក្នុងការកសាងសំខាន់ពីរ ដោយទី១កសាងក្របខ័ណ្ឌគោលនយោបាយ ដើម្បីឲ្យមានលក្ខណៈបុរេសកម្ម និងព្យាករណ៍សម្រាប់អនាគត ដើម្បីធានានូវភាពប្រកួតប្រជែងរបស់យើង ប៉ុន្ដែកិច្ចការសំខាន់មួយទៀត ដែលទិន្នន័យជួយយើង គឺការតាមដានត្រួតពិនិត្យ និងវាយតម្លៃ។ ការដាក់ចេញនូវគោលនយោបាយ ឬរៀបចំផែនការអនុវត្តសកម្មភាពផ្សេងៗ ទាមទារនូវការត្រួតពិនិត្យវាយតម្លៃ ឬត្រួតពិនិត្យឲ្យទាន់ពេលវេលា»។
បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, ទិន្នន័យ ជាផែនទី និងត្រីវិស័យសម្រាប់យើង ហើយក៏ជាផែនទីត្រង់ថា ឲ្យយើងដឹងអំពីស្ថានភាពភូមិសាស្ដ្រ ដោយមិនសម្ដៅទៅភូមិសាស្ដ្រនៅលើដីនោះទេ ភូមិសាស្ដ្រនយោបាយ ភូមិសាស្ដ្រធុរកិច្ច ឲ្យដឹងថា តើនៅក្នុងស្ថានភាពជុំវិញយើងនេះមានលក្ខណៈយ៉ាងណា? ការប្រើប្រាស់ទិន្ន័យក្នុងការវិភាគនេះ គឺត្រូវបានប្រើនៅទូទាំងពិភពលោក។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ដថា ទិន្នន័យជំរឿនសេដ្ឋកិច្ចដើរតួនាទីគន្លឹះក្នុងការជួយរាជរដ្ឋាភិបាល នៅក្នុងដំណើរការរៀបចំគោលនយោបាយ ដោយផ្តល់នូវការឆ្លុះបញ្ចាំងឲ្យឃើញស៊ីជម្រៅទៅក្នុងសុខភាពសេដ្ឋកិច្ច, ការកំណត់កាលានុវត្តភាពសម្រាប់កំណើន និងការរៀបចំតាក់តែងគោលនយោបាយនានា ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពសម្រាប់ការអភិវឌ្ឍ ព្រមទាំងជួយរាជរដ្ឋាភិបាលឱ្យយល់ដឹង ពីតម្រូវការជាក់លាក់តាមវិស័យ, បែងចែកធនធានប្រកបដោយប្រសិទ្ធភាព, កំណត់វិធានការអន្តរាគមន៍នានាតាមមុខសញ្ញា និងតាមដានត្រួតពិនិត្យវឌ្ឍនភាពឆ្ពោះទៅរកគោលដៅ អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ដែលជាចុងក្រោយ ទិន្នន័យជំរឿនសេដ្ឋកិច្ចនឹងរួមចំណែកដល់ការធ្វើឱ្យមានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខំប្រឹងប្រែងរបស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ, គណៈកម្មាធិការជាតិជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា, គណៈកម្មការបច្ចេកទេសជំរឿនសេដ្ឋកិច្ច, គណៈកម្មការឃោសនាជំរឿនសេដ្ឋកិច្ច, គណៈកម្មាធិការជំរឿនសេដ្ឋកិច្ចនៅរាជធានី ខេត្ត, និងក្រុមការងារស្នូលបច្ចេកទេសទាំងអស់ ក្នុងការធ្វើឱ្យសម្រេចបានដោយជោគជ័យ នៅក្នុងការធ្វើជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២៕