(ភ្នំពេញ)៖ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងជាស្ថាបនិកវិទ្យាស្ថានស្លឹករឹត បានលើកឡើងពីប្រវត្តិសាវតារនៃហោអដ្ឋិធាតុ ឬបណ្ណាល័យអដ្ឋិធាតុនៅវត្តលង្កា ដែលផ្សារភ្ជាប់ទំនាក់ទំនងស៊ីជម្រៅជាមួយនឹងប្រវត្តិសាស្ត្រទំនើបរបស់ប្រទេសកម្ពុជា ក៏ដូចជាការតស៊ូរបស់ប្រជាជនកម្ពុជាពីអតីតកាល។

ខាងក្រោមនេះជាការបរិយាយរបស់លោក ឆាំង យុ៖
នៅក្នុងឆ្នាំ២០១៥ បងស្រីរបស់លោកឈ្មោះ កែវ កុលធីតាកស័ក បានទទួលមរណភាពក្រោយពីបានព្យាយាមជម្នះនឹងជំងឺមហារីកអស់រយៈពេលជាច្រើនឆ្នាំ។ បងស្រីរបស់លោក គឺជាមនុស្សគថ្លង់ពីកំណើត។ មរណភាពរបស់គាត់ គឺជាពេលវេលាដ៏លំបាកលំបិនមួយសម្រាប់ខ្ញុំ ហើយខ្ញុំបានបួសជាសង្ឃនៅវត្តលង្កា ក្រោយការលាចាកលោកទៅរបស់គាត់។ ក្រោយពីមរណភាពរបស់គាត់ ព្រះសង្ឃបានលើកទឹកចិត្តឲ្យខ្ញុំតាំងសម្មាធិ ហើយខ្ញុំក៏បានដើរចង្គ្រមជុំវិញបរិវេណព្រះវិហារ។ នៅពេលដែលខ្ញុំដើរចង្គ្រមជុំវិញបរិវេណព្រះវិហារដោយចៃដន្យ ខ្ញុំបានសង្កេតឃើញពន្លឺលេចចេញពីប្រឡោះតូចមួយនៅក្បែរឆព្វណ្ណរង្សីនៃព្រះពុទ្ធប្បដិមា។ ខ្ញុំបានស្នើសុំព្រះសង្ឃនៅក្នុងវត្តឱ្យជួយរំកិលព្រះពុទ្ធប្បដិមា ដើម្បីដឹងថាតើពន្លឺលេចឡើងនោះមានប្រភពមកពីណា។ ព្រះសង្ឃជាង១៥អង្គរួមគ្នា ទើបអាចរំកិលព្រះពុទ្ធប្បដិមាធ្វើឡើងពីស៊ីម៉ង់ត៍មួយអង្គនេះរួច។ ក្រោយពីរំកិលពុទ្ធប្បដិមា ក៏បានប្រទះឃើញរូងបង្កប់មួយនៅពីក្រោយទ្វារមួយផ្ទាំងដែលជាប់សោរ និងច្រវាក់។ រូងនៅពីក្រោយទ្វារនោះគឺងងឹត និងគួរឲ្យព្រឺព្រួច។ ទោះបីជាយ៉ាងនេះក្តី ព្រះសង្ឃបានសម្រេចចិត្តបើកទ្វារនោះដើម្បីពិនិត្យថាតើមានអ្វីនៅពីក្រោយ។ នៅពេលដែលយើងបើកទ្វារ ដោយប្រើពិលដើម្បីឆ្លុះមើល ក៏បានឃើញកោដ្ឋដែលត្រូវបានគរជាគំនរៗរុំព័ទ្ធជុំជិតទៅដោយធូលី និងសំបុកពីងពាងជាច្រើន។

គណៈកម្មាការវត្តលង្កាបានអនុញ្ញាតឲ្យខ្ញុំរើយកកោដ្ឋទាំងអស់ចេញពីក្នុងរូងនោះ រួចចាត់ថ្នាក់និងថតរូបទុកជាឯកសារ។ យើងកំណត់បានថាមានកោដ្ឋសរុបចំនួន៤៦៤។ ដោយសារតែមកទល់សព្វថ្ងៃ គណៈកម្មាការវត្តលង្កានៅតែពុំទាន់រកឃើញកោដ្ឋតម្កល់អដ្ឋិធាតុសម្តេចព្រះធម្មលិខិត ល្វី ឯម នៅឡើយ ក៏មានការសន្មតថា អដ្ឋិធាតុរបស់ព្រះតេជគុណអាចស្ថិតនៅក្នុងចំណោមកោដ្ឋចំនួនរាប់រយនេះ។ គួរជម្រាបថា ព្រះញាណបវរវិជ្ជា ល្វី ឯម (វជិរប្បញ្ញោ) បានទទួលងារជាព្រះចៅអធិការវត្តលង្កានៅក្នុងឆ្នាំ១៩១២។ ក្រោយមក ព្រះអង្គត្រូវបានគោរពទទួលស្គាល់អំពីស្នាព្រះហស្ថដ៏ថ្លៃថ្លាក្នុងការសម្រេចបានការសាងសង់ទីអារាមជាទីសក្ការៈនេះ។

កោដ្ឋភាគច្រើនមានសភាពបាក់បែក ធ្វើឲ្យយើងមិនអាចកំណត់អំពីព័ត៌មានដែលសរសេរបិទភ្ជាប់ទៅនឹងកោដ្ឋទាំងនោះបាន កុំថាឡើយកំណត់ពីអាយុនៃកោដ្ឋទាំងនោះ។ កោដ្ឋខ្លះមានកាលបរិច្ឆេទបិទភ្ជាប់ ដែលយើងអាចសន្មតថា កោដ្ឋទាំងនេះត្រូវបានបន្សល់ពីជំនាន់សង្គ្រាមស៊ីវិល ដែលកើតមានឡើងក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ចំណែកឯកោដ្ឋខ្លះត្រូវបានបន្សល់ទុកពីដើមទសវត្សឆ្នាំ១៩៩០។ ទោះបីជាយ៉ាងណាក្តី ឆ្លងកាត់ការសិក្សាស្រាវជ្រាវរបស់យើង យើងជឿជាក់ថា ភាគច្រើននៃកោដ្ឋទាំងនេះ ត្រូវបានបោះបង់ចោលនៅក្នុងអំឡុងពេលនៃការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញនៅក្នុងឆ្នាំ១៩៧៥។

ភ្លាមៗបន្ទាប់ពីខ្មែរក្រហមកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានបង្ខិតបង្ខំប្រជាជនក្នុងទីក្រុងភ្នំពេញទាំងអស់ឲ្យចាកចេញ និងធ្វើការនៅក្នុងសហករណ៍ដែលខ្មែរក្រហមបានបង្កើតឡើងនៅទីជនបទ។ ប្រជាជនត្រូវបានបង្ខំឲ្យចាកចេញពីទីក្រុង ដោយនាំយកទៅជាមួយនូវរបស់របរបន្តិចបន្តួច ដែលខ្លួនអាចកាន់យកទៅជាមួយបាន។ ប្រជាជនខ្លះបាននាំយកអដ្ឋិធាតុសាច់សាលោហិតរបស់ខ្លួន ទៅផ្ញើទុកនៅឯវត្តលង្កា ដោយប្រហែលជារំពឹងថា ខ្លួនអាចសុំយកអដ្ឋិធាតុទាំងនោះត្រលប់មកវិញ នៅពេលដែលខ្លួនវិលមកកាន់ទីក្រុងភ្នំពេញ ក្រោយពេលប្រទេសមានសន្តិភាព។

ព្រះសង្ឃដែលទទួលរក្សាទុកកោដ្ឋទាំងនេះ កាលពីអំឡុងទសវត្សឆ្នាំ១៩៧០ បានទទួលអនិច្ចធម្ម។ ក្រោយពីព្រះតេជគុណអង្គនោះ ទទួលអនិច្ចធម្មទៅ ព័ត៌មានស្តីអំពីរូងតម្កល់កោដ្ឋនេះ ក៏បានសាបសូន្យទៅតាមព្រះអង្គ ពីព្រោះថាពុំមានព្រះសង្ឃមួយអង្គណានៅក្នុងវត្តលង្កាបានដឹងអំពីរូងសម្ងាត់នេះឡើយ នៅមុនពេលត្រូវបានពើបប្រទះឃើញសាជាថ្មីនៅក្នុងឆ្នាំ២០១៥។

ដោយមានការគាំទ្រយ៉ាងសប្បុរសពីសំណាក់ស្ថានទូតអាមេរិក ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ និងទាហានជើងទឹកសហរដ្ឋអាមេរិកប្រចាំនៅប្រទេសជប៉ុន យើងបានសាងសង់ទូឈើសម្រាប់តម្កល់កោដ្ឋទាំងអស់នេះ។ បច្ចុប្បន្ន កោដ្ឋទាំងនេះត្រូវបានតម្កល់រក្សាទុកនៅក្នុងទូឈើទាំង១០នៅវត្តលង្កា។ ចាប់តាំងពីពេលដែលយើងបានស្រាវជ្រាវរកឃើញកោដ្ឋទាំងនេះ និងបានតម្កល់ទុកនៅទីតាំងសមរម្យជាងមុននៅវត្តលង្កា យើងបានធ្វើសេចក្តីប្រកាសអំពីវត្តមាននៃកោដ្ឋទាំងនេះ ដោយសង្ឃឹមថាក្រុមគ្រួសារនៃកោដ្ឋអាចមកទទួលយកត្រឡប់ទៅវិញ។ តាមលំអាននៃទំនៀមទម្លាប់ខ្មែរស្របនឹងព្រះពុទ្ធសាសនា កោដ្ឋទាំងអស់នេះពុំអាចត្រូវបោះបង់ចោលទេ។ កោដ្ឋទាំងនេះត្រូវទទួលបានសេចក្តីគោរពឲ្យបានសមស្របតាមប្រពៃណី។ ទោះបីជាយ៉ាងណាក្តី អស់រយៈពេលជាង៨ឆ្នាំបន្ទាប់ពីការរកឃើញកោដ្ឋទាំងនេះ មានតែក្រុមគ្រួសារចំនួន៩តែប៉ុណ្ណោះដែលបានដឹង និងខ្លះបានមកទទួលយកអដ្ឋិធាតុនៃសាច់សាលោហិតរបស់ខ្លួនត្រឡប់ទៅវិញ។ យើងជឿជាក់ថា ចំពោះកោដ្ឋដែលបានរក្សាទុកនៅក្នុងអំឡុងពេលនៃការជម្លៀសចេញពីទីក្រុងភ្នំពេញ ក្រុមគ្រួសារនៃអដ្ឋិធាតុដែលបានយកកោដ្ឋមកតម្កល់ទុកនៅក្នុងអំឡុងពេលនៃការជម្លៀសកាលពីឆ្នាំ១៩៧៥នោះ អាចបាត់បង់ជីវិតទៅអស់ហើយ ទើបពុំអាចមកទទួលយកកោដ្ឋទាំងនេះត្រឡប់ទៅវិញ។

ឆ្លងកាត់ការពិភាក្សារវាងព្រះចៅអធិការវត្តលង្កា សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចាន់ថុល្ល និងគណៈកម្មការគ្រប់គ្រងវត្តលង្កា ព្រះតេជគុណបានសម្រេចប្រទានបន្ទប់មួយចំនួននៅអគារកំពុងសាងសង់ថ្មី ក្នុងបរិវេណវត្តលង្កា ដើម្បីតម្កល់កោដ្ឋទាំងនេះព្រមទាំងធ្វើជាបណ្ណាល័យនិងទីតាំងសម្រាប់ភ្ញៀវក្នុងការសិក្សារៀនសូត្រ, សម្មាធិ និងឈ្វេងយល់អំពីប្រវត្តិសាស្ត្រ, វប្បធម៌ និងអត្ថន័យផ្នែកសាសនា របស់កោដ្ឋទាំងនេះ នៅក្នុងបរិបទនៃអត្តសញ្ញាណរបស់កម្ពុជា, ទំនៀមទម្លាប់ក្នុងព្រះពុទ្ធសាសនា និងមនុស្សជាតិ។ សម្តេចព្រះចៅអធិការ ក៏បានប្រទាននូវបន្ទប់តូចចំនួន២ ទុកសម្រាប់ភ្ញៀវស្នាក់នៅ ព្រមទាំងបន្ទប់មួយទៀតសម្រាប់ថ្វាយបង្គំព្រះពុទ្ធជាម្ចាស់។ ខ្លឹមសាររៀបរាប់ខាងលើ គឺជាប្រវត្តិសាវតារនៃ «ហោអដ្ឋិធាតុ ឬបណ្ណាល័យអដ្ឋិធាតុ» នៅក្នុងវត្តលង្កា ដែលជាទីតម្កល់កោដ្ឋ និងជាបណ្ណាល័យតម្កល់សៀវភៅ អមជាមួយនឹងឯកសារប្រវត្តិសាស្ត្រ និងសាសនា។

ការអភិរក្ស និងការការពារកោដ្ឋទាំងអស់នេះ គឺស្របទៅតាមចក្ខុវិស័យរបស់លោក រ៉ាហ្វាអ៊ែល លេមឃីន តាំងពីឆ្នាំ១៩៤៤ មកម៉្លេះ ក្នុងការរារាំងទប់ស្កាត់ និងផ្តន្ទាទោសលើឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។ នៅមុនពេលដែលយើងសម្រេចកំណត់បាននូវនិយមន័យផ្លូវច្បាប់នៃឧក្រិដ្ឋប្រល័យពូជសាសន៍ដូចសព្វថ្ងៃ លោក លេមឃីន បានកំណត់ថា ការបំផ្លិចបំផ្លាញលើវត្ថុ និងបេតិកភណ្ឌវប្បធម៌ គឺជាទង្វើមួយដែលចាត់ចូលជាអំពើប្រល័យពូជសាសន៍លើវប្បធម៌។ កិច្ចការដែលបម្រើដល់ការកំណត់អត្តសញ្ញាណ ការគោរព និងការអភិរក្សកោដ្ឋទាំងអស់ ដែលស្ទើរតែបាត់បង់ទៅដោយសារតែរបបខ្មែរក្រហមបង្កឡើងកាលពី៥០ឆ្នាំមុន ក្នុងអំឡុងពេលជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ គឺជាកិច្ចការបំពេញបន្ថែមចំពោះការតស៊ូឥតឈប់ឈរក្នុងការឆ្លើយតបចំពោះអំពើប្រល័យពូជសាសន៍លើវប្បធម៌ ដែលបានកើតមានពីអតីតកាល ព្រមទាំងបានបន្តរហូតមកដល់សព្វថ្ងៃ៕