(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃ២៤ ខែសីហា ឆ្នាំ២០១៦នេះ បានចេញបញ្ជាផ្ទាល់ឲ្យសមត្ថកិច្ចជំនាញ ធ្វើការស្រាវជ្រាវករណី ម្ចាស់ហាង «រតនរចនាម៉ូត» ដែលបានវាយបុរសវ័យចំណាស់ម្នាក់ ដែលអ្នករត់ម៉ូតូកង់ បណ្ដាលឲ្យបាក់ដៃ ដោយគ្រាន់តែឈប់មុខហាងបន្តិចសោះ ឲ្យខានតែបាន ហើយមិនអាចអនុគ្រោះឲ្យបានឡើយ។ ប្រតិបត្តិការស្រាវជ្រាវនេះ ត្រូវបានដឹកនាំផ្ទាល់ដោយលោក សុង លី ស្នងការរង ទទួលផែនព្រហ្មទណ្ឌ។
សូមបញ្ជាក់ថា នៅយប់ថ្ងៃទី២៣ ខែសីហាកន្លងទៅ ស្ថិតនៅតាមផ្លូវលេខ២៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន បុរសវ័យចំណាស់ម្នាក់ ជាអ្នករត់ម៉ូតូកង់បី ត្រូវបានម្ចាស់ហាងយីហោ «រតនរចនាម៉ូត» វាយរហូតដល់បាក់ដៃឆ្វេង ដោយគ្រាន់តែឈប់ម៉ូតូកង់បីមុខផ្ទះ ដើម្បីរងចាំចាំឌុបម៉ូយបន្ដិចសោះ។ លោកតាជាម្ចាស់កង់បីដែលបាក់ដៃ ឲ្យដឹងថា មុនកើតហេតុ គាត់បានឈប់ម៉ូតូកង់បីមុខផ្ទះខាងលើ ដើម្បីរង់ចាំឌុបម៉ូយ លុះឈប់បានបន្តិច ក៏មានបុរសម្នាក់បើកឡានមួយគ្រឿង មិនស្គាល់ម៉ាកមកដល់ ហើយបានប្រាប់ឲ្យគាត់យកម៉ូតូកង់បីចេញពីមុខផ្ទះភ្លាមៗ។ លោកតាបន្តថា ពេលគាត់រៀបនឹងបណ្តើរចេញហើយ ស្រាប់តែបុរសជាម្ចាស់ផ្ទះ បានបើកទ្វារផ្ទះរួចយកឈើជ្រុងវាយគាត់ បណ្តាលឲ្យបាក់ដៃឆ្វេងតែម្តង។
ក្រោយពីបង្កហិង្សារួច បុរសជាម្ចាស់ផ្ទះបានបើកឡានចេញទៅបាត់ដោយទុកឲ្យម្ចាស់កង់បី ដេកដួលឈឺចាប់ជាខ្លាំង ឃើញអាការៈដ៏គួរឱ្យអាណិតដូច្នោះ ប្រជាពលរដ្ឋដែលនៅក្បែរនោះ បានហៅរថយន្តពេទ្យមកដឹកយកទៅព្យាបាលនៅមន្ទីពេទ្យតែម្ដង៕