(កែប)៖ សម្តេច​វិបុលសេនាភក្តី​ សាយ​ ឈុំ​ អនុប្រធាន​គណបក្ស​ និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា​ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញ​ប្រកាស​ប្រធាន​ និងអនុប្រធានទី១​ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប​។

តាមសេចក្តីសម្រេចរបស់គណបក្សប្រជាជនកម្ពុជា, លោកស្រី ចម និម្មល ត្រូវបានចាត់តាំងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកែប រីឯលោក​ កែន ​សត្ថា ត្រូវបានចាត់តាំងជាអនុប្រធានទី១។

នៅក្នុងឱកាសនោះ លោកស្រី ចម និម្មល បានគោរពថ្លែងអំណរគុណសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស ប្រជាជនកម្ពុជា សម្តេចអនុប្រធានគណបក្ស និងគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល ដែលបានផ្តល់សេចក្តីទុកចិត្ត និងការផ្តល់ឱកាសសម្រេចចាត់តាំងលោកស្រី ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប។

ជាមួយគ្នានេះ លោកស្រី សូមគោរពថ្លែងអំណរគុណដល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការគណៈកម្មាធិការកណ្តាល ដែលផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញ ចូលរួមជាអធិបតីក្នុងពិធីប្រកាសតែងតាំងនាឱកាសនេះ។

នៅក្នុងបេសកកម្មការងារថ្មីលើទឹកដីចាស់នេះ លោកស្រីសូមគោរពសម្តែងនូវការដឹងគុណ ថ្លែងអំណរគុណ និងគុណូបការៈជូនចំពោះកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ អតីតប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប និងក្រុមការងារដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធាន ដើម្បីចូលរួមអភិវឌ្ឍន៍មូលដ្ឋានខេត្តកែបអស់ជាច្រើនឆ្នាំ និងច្រើនអាណត្តិមកហើយ ប្រកបដោយស្នារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ ដោយសម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើនគួរជាទីមោទនៈ និងជាពិសេសការកសាងពង្រឹងនិងពង្រីកសមាជិកគណបក្ស និងការជឿជាក់បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះនៅរាល់ការបោះឆ្នោត៕