(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានការងារ និងអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃអាទិត្យ ទី២៤ ខែធ្នូ ឆ្នាំ២០២៣ បានបន្តចុះផ្សព្វផ្សាយកម្មវិធីថ្នាក់ជាតិស្តីពីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនយុវជនមកពីគ្រួសារក្រីក្រចំនួន១.៥លាននាក់ដល់តំណាងសហជីពមូលដ្ឋានមកពីបណ្តារោងចក្ររាជធានីខេត្តចំនួន៣៥០រូប។

លោក អ៊ូ រតនា អគ្គនាយករងនៃអគ្គនាយកដ្ឋានការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា កម្មវិធីជួបជុំនេះ គឺធ្វើឡើងដើម្បីបន្តផ្សព្វផ្សាយស្តីពីកម្មវិធីថ្នាក់ជាតិរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញនូវគោលនយោបាយបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រចំនួន១.៥លានដើម្បីផ្តល់ជំនាញជាក់លាក់ក្នុងរយៈពេលខ្លី និងឆាប់ទទួលបានការងារសមរម្យដើម្បីលើកកម្ពស់ជីវភាពគ្រួសារ។

ក្នុងនោះ ក្រោយបានស្តាប់ពីអត្ថប្រយោជន៍នៃគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល តំណាងសហជីពមូលដ្ឋានទាំង៣៥០បានសម្តែងក្តីរំភើប និងសន្យាថាបន្តផ្សព្វផ្សាយដល់ក្រុមគោលដៅ ក៏ដូចជាផ្សព្វផ្សាយដល់កម្មករនិយោជិតឱ្យបានដឹង និងអាចត្រៀមខ្លួនដើម្បីបង្កើន និងពង្រឹងសមត្ថភាពជំនាញផងដែរ។

ក្រៅពីនេះ មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានបង្ហាញពីចក្ខុវិស័យរួមរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជុំវិញលើការពង្រឹងនិងកសាងសមត្ថភាពសហជីពដើម្បីចូលរួមក្នុងការលើកកម្ពស់ទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងបន្ថែមទៀតដែលជាកិច្ចការអាទិភាពក្នុងអាណត្តិទី៧នេះក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលចង់ឃើញភាពប្រសើរឡើងជាលំដាប់របស់កម្មករនិយោជិតដែលជាចំណែកដ៏សំខាន់ក្នុងការកសាងសេដ្ឋកិច្ចជាតិ៕