រាស្រ្ត ៦៥គ្រួសារ នាំគ្នាមកសុំអន្តរាគមន៍ពី លោក ជា សុផារ៉ា ប្តឹងយោធាខេត្តតាកែវ ឈ្មោះ តូច បញ្ញា ថាបានរំលោភយកដីស្រែ និងចំការជិត ១ពាន់ហិកតា
24-08-2016 10:44
(ភ្នំពេញ)៖ ប្រជាពលរដ្ឋចំនួន ៣០នាក់ តំណាងឲ្យ ៦៥គ្រួសារ រស់នៅភូមិបុស្សកាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ខេត្តតាកែវ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះ បាននាំគ្នាធ្វើដំណើរមកកាន់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីស្នើសុំទៅលោកជា សុផារ៉ា ជារដ្ឋមន្រ្តី ដើម្បីជួយពួកគាត់ផង ក្រោយពីមានមន្រ្តីយោធាម្នាក់ នៅក្នុងខេត្តមួយនេះ មានឈ្មោះ តូច បញ្ញា ថាបានរំលោភដីស្រែ និងដីចំការរបស់ពួកគាត់ចំនួន ៩១៥ហិកតា។
តំណាងប្រជាពលរដ្ឋ បាននិយាយថា សម្រាប់ជម្លោះដីធ្លីដែលមានការរំលោភបំពាន ពីសំណាក់មន្រ្តីយោធារូបនេះ មិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ ពីសំណាក់អាជ្ញាធរថ្នាក់ក្រោមជាតិ ហេតុដូច្នេះហើយទើបពួកគាត់ បានមកស្វែងរកកិច្ចអន្តរាគមន៍ពី លោក ជា សុផារ៉ា យ៉ាងដូច្នេះ។
ប្រជាពលរដ្ឋទាំងនេះ បានឈរកាន់រូបថតសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផងដែរ ដោយចង់បង្ហាញថា មានតែសម្តេចទាំង២ទេ ដែលអាចជួយពួកគាត់បាន។
ជាមួយគ្នានេះ មន្រ្តីក្រសួងដែនដី ក៏បានចេញមកទទួលយកពាក្យបណ្តឹងរបស់ពួកគាត់ផងដែរ ដើម្បីដាក់ជូនថ្នាក់ដឹកនាំ ដោះស្រាយបន្តទៀត។ យ៉ាងណាក៏ដោយ អង្គភាព Fresh News មិនទាន់អាចស្វែងរកការបកស្រាយ នៅឡើយទេ ពីសំណាក់មន្រ្តីយោធា ដែលរងការចោទប្រកាន់នេះ៕