(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការចាត់តាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ចំនួន១៨៨នាក់ នៅសាលខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានស្វាគមន៍ចំពោះសមាជិក សមាជិកាថ្មី និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលបានផ្តល់ទំនុកចិត្តជូនដល់លោក ឲ្យធ្វើជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដើម្បីរួមគ្នាជាមួយក្រសួង ស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាល ក្នុងការចូលរួមតម្រង់ទិសគាំទ្រ និងជំរុញការលើកកម្ពស់ សមត្ថភាពស្ថាប័ននៅមូលដ្ឋាន។

បន្ថែមពីនេះ ដើម្បីពង្រឹងការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មូលដ្ឋានក្នុងការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល សំដៅអភិវឌ្ឍមូលដ្ឋាន លើកកម្ពស់ការផ្តល់សេវាសាធារណៈ និងដោះស្រាយ ឆ្លើយតបទៅនឹងសំណើ សំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ លោក ហ៊ុន ម៉ានី បានសំណូមពរដល់ក្រុមការងាររាជរដ្ឋាភិបាលទាំងអស់ រួមទាំងក្រុមការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលត្រូវបានចាត់តាំងជាអនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ ឲ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញភារកិច្ចស្របតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល និងតាមការចាត់តាំងរបស់ប្រធានក្រុមការងារនៃបណ្តាថ្នាក់។

ជាមួយនេះ លោក ហ៊ុន ម៉ានី បានណែនាំគ្រប់មន្ទីរ អង្គភាព ជំនាញជុំវិញខេត្ត ចូលរួមសហការចាត់តាំងមន្ត្រីជំនាញ ដើម្បីចូលរួមជាមួយក្រុមការងារឲ្យបានទៀតទាត់ តាមការស្នើសុំ ឬអញ្ជើញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ លោកបានគូសបញ្ជាក់ថា ចេញពីស្មារតី និងសេចក្តីណែនាំដែលមានក្នុងកិច្ចប្រជុំនាថ្ងៃនេះ លោកមានការជឿជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ប្រាកដជាមានការតាំងចិត្តខ្ពស់ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តការងារនៅមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ជូនប្រទេសជាតិ និងប្រជាជន។

សូមជម្រាបថា ពិធីចាត់តាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ចំនួន១៨៨រូប ក៏មានការអញ្ជើញចូលរួមពីសំណាក់ អនុប្រធានក្រុមការងារ អនុប្រធានអចិន្ត្រៃយ៍ សមាជិក សមាជិកា ប្រធានក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរ អង្គភាព ប្រធានក្រុមប្រឹក្សាក្រុង ប្រធានក្រុមប្រឹក្សាស្រុក អភិបាលក្រុង ស្រុក អធិការ នៃអធិការដ្ឋាននគរបាលក្រុង ស្រុក មេបញ្ជាការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក មេបញ្ជាការ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងក្រុង ស្រុក មេឃុំ ចៅសង្កាត់ សរុបសមាសភាពចូលរួមប្រមាណ៣៨០រូប៕