(ភ្នំពេញ)៖ បណ្ឌិត គុណ ញឹម រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញពីសមិទ្ធផល ដែលអគ្គនាយកដ្ឋានគយបានសម្រេចបាននៅដើមអាណត្តិថ្មី នារយៈពេល៤ខែកន្លងមកនេះ។

លោកថា អគ្គនាយកដ្ឋានគយ បានកសាងសមិទ្ធផលជាច្រើន ក្នុងនោះបានគិតគូររៀបចំវិធានការមុតស្រួចជាច្រើន ក្នុងការគ្រប់គ្រងការប្រមូលចំណូល។ ក្នុងរយៈពេល ៣ខែ នៃការចាប់ផ្ដើមអាណត្តិទី៧ របស់រាជរដ្ឋាភិបាល អគ្គនាយកដ្ឋានគយ បានដាក់ចេញវិធានការមុតស្រួចចំនួន ៨ចំណុច ក្នុងការអនុវត្តន៍ពង្រឹងតួនាទីភារកិច្ចរបស់ខ្លួន លើការគៀងគរចំណូល។

លោកបណ្ឌិតបន្ដថា រយៈពេល៣ខែចុងក្រោយនេះ អគ្គនាយកដ្ឋានគយ បានបង្កើតយន្ដការក្នុងការតាមដានវាយតម្លៃ បង្កើតក្រុមការងារមួយ ដោយបានលើកយកវិធានការមុតស្រួចចំនួន ៨ចំណុច ដើម្បីជាការរួមចំណែកក្នុងការពង្រឹងតួនាទី ដោយរៀងរាល់ ២សប្ដាហ៍ អគ្គនាយកដ្ឋានគយ តែងតែប្រជុំក្រុមការងារម្ដង ដើម្បីពិនិត្យពីវឌ្ឍនភាពនៃការពង្រឹង ការអនុវត្តន៍តួនាទីភារកិច្ច ក្នុងការគៀងគរចំណូល។

លោកបណ្ឌិតបញ្ជាក់ថា «ចំណូលរបស់យើងទទួលបាននៅមួយរយៈចុងក្រោយនេះ បានស្ទុះងើបឡើងបន្ដិច ដោយសារតែកិច្ចខិតខំប្រឹងប្រែង អនុវត្តន៍វិធានការទាំង ៨ចំណុចនេះ»

លោកបណ្ឌិត គុណ ញឹម បានបន្ថែមថា ដើម្បីពង្រឹងការគៀងគរចំណូល អគ្គនាយកដ្ឋានគយ បានពង្រឹងយន្តការត្រូវពិនិត្យទាំងនៅដើមទី, កណ្ដាលទី និងចុងទី៕