Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តី២រូប​ត្រៀមអញ្ជើញទៅទទួលអត្តពលិកកម្ពុជា ត្រឡប់មកពីប្រេស៊ីល ថ្ងៃទី២៥ ខែសីហាស្អែកនេះ

24-08-2016 10:28

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្នុងវិស័យកីឡាសំខាន់ៗមានដូចជា លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំកាយ និងកីឡា និងរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន រួមជាមួយនឹងមន្រ្តីកីឡាជាច្រើនទៀត នឹងអញ្ជើញទៅទទួលប្រតិភូ និងអត្តពលិក កម្ពុជានៅព្រលានយន្តហោះពោធិ៍ចិនតុង ក្រោយពីបញ្ចប់បេសកកម្មប្រកួតកីឡាអូឡាំពិក នៅប្រទេសប្រេស៊ីល។

ការចេញទៅទទួលស្វាគមន៍ដោយផ្ទាល់ពីសំណាក់រដ្ឋមន្រ្តីនានា គឺដើម្បីសំដែងនូវការយកចិត្តទុកដាក់ ក៏ដូចជាលើកទឹកអត្តពលិកជម្រើសជាតិកម្ពុជាទាំង ៦រូបដែលបានបញ្ចេញអស់កម្លាំងកាយចិត្ត និងសមត្ថភាព ទោះពុំឈ្នះមេដាយ ក៏ដោយព្រោះព្រឹត្តិការណ៍កីឡាអូឡាំពិក ជាកម្រិតកីឡាពិភពលោក និងមានសុទ្ធតែអត្តពលិកខ្លាំងៗចូលរួមប្រកួត ប្រជែងយកមេដាយទាំង ២០៧ប្រទេសដែលជាសមាជិករបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)។

សូមបញ្ជាក់ផងដែរថា កម្ពុជាបានបញ្ជូនអត្តពលិក ៦រូបក្នុងនោះមានស្រី៤រូប ស្មើនឹង៤ប្រភេទកីឡា រួមមានកីឡាហែល ទឹក (ពូ សុវិជ្ជា និងហែម ថុន វិទិនី) កីឡារត់ប្រណាំងម៉ារ៉ាតុង (នីកូ និង លីណារី) កីឡាបោកចំបាប់ ចូវ សុធារ៉ា និង កីឡាតេក្វាន់ដូ ស៊ន សៀវម៉ី ក្នុងចំណោម ២៨ប្រភេទកីឡាប្រកួតនៅទីក្រុង Rio de Janeiro នៃប្រទេសប្រេស៊ីលចាប់ ពីថ្ងៃទី០៥ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦។

ប្រតិភូដឹកនាំ និងអត្តពលិកកម្ពុជា ដែលមានគ្នាសរុប ១៦រូបនឹងធ្វើដំណើរមកដល់ព្រលានយន្តហោះពោធិ៍ចិនតុង នាម៉ោង ៦៖៤០នាទីល្ងាចស្អែកនេះ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០១៦ នេះបើយោងតាមលោក វ៉ាត់ ចំរើន នាយកបេសកកម្មថ្លែងប្រាប់សារព័ត៌មាន Fresh News ឲ្យដឹងយ៉ាងដូច្នេះ៕