(ភ្នំពេញ)៖ រថយន្ដស្ដារិចមួយគ្រឿង បុកជាមួយម៉ូតូកង់បី បានបណ្ដាលឲ្យអ្នកបើកកង់បីស្លាប់ និងប្រពន្ធកូន៤នាក់រងរបួសធ្ងន់ស្រាល។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាទាបភ្លឺ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅតាម បណ្ដោយផ្លូវជាតិលេខ៤ ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនរងគ្រោះដែលជិះលើម៉ូតូកង់បី សរុបចំនួន៥នាក់ ក្នុងនោះអ្នកបើកបរឈ្មោះ មាស សុភ័ណ្ឌ អាយុ៣៧ឆ្នាំ មុខរបរកម្មករស៊ីឈ្នួល។ អ្នករួមដំណើរ ប្រពន្ធឈ្មោះ សុំ ស៊ីសារ៉ា អាយុ៣៨ឆ្នាំ មុខរបរកម្មករស៊ីឈ្នួល, កូនប្រុសឈ្មោះ មាស សុភត្រា អាយុ១១ឆ្នាំ (របួសធ្ងន់), កូនប្រុសឈ្មោះ មាស សុផានិត អាយុ៣ឆ្នាំ (របួសស្រាល) និងកូនស្រីអាយុ១១ខែ ឈ្មោះ មាស សុដាណានិមល (របួសធ្ងន់)។

ដោយឡែករថយន្ដស្តារិច ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AA-1815 ពុំស្គាល់អត្តសញ្ញាណអ្នកបើកបរ (ក្រោយពេលកើតហេតុរត់គេចខ្លួនបាត់)។ សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុ ម៉ូតូកង់បីឈប់នៅចិញ្ចឹមផ្លូវលំ រីឯរថយន្តបើកបរពីកើតទៅលិច ក៏ជ្រុលទៅបុកម៉ូតូកង់បីដែលឈប់នៅចញ្ចឹមផ្លូវលំពេញទំហឹងតែម្ដង។

បច្ចុប្បន្នសមត្ថកិច្ចបានយកវត្ថុតាងទាំងពីរ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌកំបូល និងស្វែងរកអ្នកបើកបរដើម្បីចាត់ការតាមច្បាប់៕