(ភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៤ តាមប្រព័ន្ធវីដេអូ។
កិច្ចប្រជុំនារសៀលថ្ងៃនេះ ដឹកនាំដោយសហប្រធាន នាយឧត្តមសេនីយ៍ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលប្រទេសមីយ៉ាន់ម៉ា និងលោក លី ឈាង នាយករដ្ឋមន្ត្រីចិន។
កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៤ ធ្វើឡើងក្រោមមូលបទ «ចូលរួមកសាងសហគមន៍វាសនារួមគ្នា និងទំនើបកម្មក្នុងចំណោម ប្រទេសមេគង្គ-ឡានឆាង»។
ក្រោមមូលបទខាងលើនេះ ថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងពិនិត្យឡើង វិញនូវវឌ្ឍនភាពដែលសម្រេចបានក្រោមកិច្ចសហប្រតិបត្តិការនេះ និងកំណត់ទិសដៅអនាគត សម្រាប់ការពង្រីកវិស័យនៃកិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមក ក៏ដូចជា ពង្រឹងភាពជាដៃគូក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាង ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជននៅក្នុងអនុតំបន់មេគង្គ-ឡានឆាង។
យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ឯកសារចំនួនបីគ្រោងនឹងអនុម័តក្នុងអំឡុងពេលនៃកិច្ចប្រជុំ រួមមាន៖ (១) សេចក្តីថ្លែងការណ៍ទីក្រុងណៃពិដោ, (២) ផែនការសកម្មភាពប្រាំឆ្នាំស្ដីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០២៣- ២០២៧) និង (៣) គំនិតផ្តួចផ្តើមរួមស្តីពីការអភិវឌ្ឍច្រករបៀងនវានុវត្តន៍នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង។
កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤នេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ប្រទេសសមាជិកមេគង្គ-ឡានឆាង ដើម្បីសម្រេចបាននូវគោលដៅរួមក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងអនុតំបន់ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការមេគង្គ- ឡានឆាង ឈានទៅមុខបន្ថែមទៀត តាមរយៈការដាក់ឱ្យអនុវត្តផែនការសកម្មភាពប្រាំឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។
សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាកិច្ចសហប្រតិបត្តិការរវាងប្រទេសតាមដងទន្លេមេគង្គចំនួន៥ រួមមាន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម និងទន្លេឡានឆាងប្រទេសចិន។ កិច្ចសហប្រតិបត្តិការត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយលោក លី ខឺឈាង ក្នុងកិច្ចប្រជុំកំពូលចិន-អាស៊ានលើកទី១៧ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅប្រទេសមីយ៉ាន់ម៉ា ដោយយោងតាមគំនិតផ្ដួចផ្ដើមរបស់ថៃ ស្ដីពីការអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃអនុតំបន់មេគង្គ-ឡានឆាង កាលពីឆ្នាំ២០១២។
កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានកំណត់នូវកិច្ចប្រជុំជាច្រើន បែងចែកជា៤កម្រិត។ ក្នុងនោះកិច្ចប្រជុំក្រុមការងារធ្វើឡើង ១ ឬ ២ដងក្នុងមួយឆ្នាំ និងទៅតាមការចាំបាច់, កិច្ចប្រជុំឧត្តមមន្ត្រីធ្វើឡើង ១ដងក្នុងមួយឆ្នាំ និងទៅតាមការចាំបាច់, កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសធ្វើឡើង ១ដងក្នុងមួយឆ្នាំ ដោយឡែកកិច្ចប្រជុំកំពូលវិញ ត្រូវធ្វើឡើង ២ឆ្នាំម្តង។
កិច្ចប្រជុំមេគង្គ-ឡានឆាង ត្រូវធ្វើឡើងដោយមានប្រទេសចិន ជាសហប្រធានអចិន្ត្រៃយ៍ ហើយប្រទេសតំបន់ទន្លេមេគង្គ ត្រូវផ្លាស់ប្តូរវេនធ្វើជាសហប្រធានទៅតាមលំដាប់តួអក្សរ។
កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី១ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២២-២៣ ខែមីនា ឆ្នាំ២០១៦ នៅទីក្រុងសានយ៉ា ខេត្តហៃណាន ប្រទេសចិន ដោយប្រទេសចិន និងថៃ ធ្វើជាសហប្រធាន។
សម្រាប់កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២ ក្នុងឆ្នាំ២០១៨ ត្រូវបានធ្វើឡើងនៅក្នុងប្រទេសកម្ពុជា ដោយកម្ពុជា និងចិន ធ្វើជាសហប្រធាន។
កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ត្រូវបានបង្កើតឡើងដោយគោរពតាមគោលការណ៍កុងសង់ស៊ីស ការបើកចំហរ ការបញ្ចូលគ្នា សមភាព ការពិគ្រោះយោបល់ និងការសម្របសម្រួលទៅវិញទៅមក ការស្ម័គ្រចិត្ត ការរួមចំណែក និងផលប្រយោជន៍រួម និងការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិនានា។
កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ បង្កើតសហគមន៍មួយដែលរួមអនាគត គ្នាប្រកបដោយសនិ្តភាពនិងវិបុលភាព ថែរក្សាសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍន៍ក្នុងតំបន់ពន្លឿន «ក្រវ៉ាត់សេដ្ឋកិច្ច និងវិថីសូត្រ» «វិថីសូត្រសមុទ្រសតវត្សរ៍ទី២១» ដែលហៅកាត់ថា «ផ្លូវមួយ-ខ្សែក្រវ៉ាត់មួយ»។
សូមបញ្ជាក់ថាមេគង្គ-ឡានឆាង មានផ្ទៃទន្លេសរុបប្រវែងប្រមាណ ៤,៨៨០គីឡូម៉ែត្រ ហូរកាត់ប្រទេសចំនួន៦ គឺ៖ ចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម។ មានផ្ទៃស្ដុកទឹក ៧៩៥,០០០គីឡូម៉ែត្រការ៉េ ផ្គត់ផ្គង់ប្រជាជនប្រមាណ ៣២៦លាននាក់នៅក្នុងអនុតំបន់មេគង្គ-ឡានឆាង៕