(ព្រះសីហនុ)៖ នាយកដ្ឋានសុខុមាលភាពជនពិការ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ លើកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដា្ឋន និងរបបគោលនយោបាយចំពោះជនពិការក្រីក្រនៅតាមសហគមន៍។

កម្មវិធីនេះធ្វើឡើងនៅថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក សន សុផល អគ្គនាយក នៃអគ្គនាយកដ្ឋានស្តាសម្បទា នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមានការអញ្ជើញចូលរួម ពីសំណាក់លោកស្រីអគ្គនាយករង លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ គ្រូបង្គោលទទួលបន្ទុកកម្មវិធីអត្តសញ្ញាណកម្មពិការភាព រាជធានី/ខេត្ត ដោយបានរៀបចំនៅសាលប្រជុំមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តព្រះសីហនុ។

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំនេះធ្វើឡើង ក្នុងគោលបំណង ផ្សព្វផ្សាយបូកសរុបលទ្ធផលការងារកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាព និងរបបគោលនយោបាយដល់ជនមានពិការភាពឆ្នាំ និងលើកផែនការឆ្នាំ២០២៤, ពង្រឹងគុណភាពការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាព, រៀបចំផែនការប្រើប្រាស់ប្រព័ន្ធទិន្នន័យជនមានពិការភាព ដើម្បីជំរុញការទទួលបានការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) សម្រាប់ជនមានពិការភាព។

ប្រព័ន្ធទិន្នន័យអត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន មានភាពលម្អិតដែលបង្ហាញពីស្ថានភាពបុគ្គល ស្ថានភាពពិការភាព និងបរិស្ថានរស់នៅរបស់ជនមានពិការភាព បង្កលក្ខណៈងាយស្រួលក្នុងការវិភាគស្ថានភាពពិការភាពបានគ្រប់គ្រងជ្រុងជ្រោយ ជួយបង្កើនការយល់ដឹងពីស្ថានភាពនៅកម្ពុជា និងមានទឡ្ហីករណ៍គ្រប់គ្រាន់សម្រាប់ជាមូលដ្ឋាន ដើម្បីរៀបចំគោលនយោបាយលើកម្ពស់សុខុមាលភាពជនមានពិការភាព។

សូមបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ២០២០ រហូតដល់ខែធ្នូ ឆ្នាំ២០២៣នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានកំណត់អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងពិការភាព បានចំនួនសរុប ៣១៨,៤៧៣ នាក់ ស្រីចំនួន ១៥៥,៤១០នាក់ ហើយ មន្ទីរ ស.អ.យ. រាជធានីខេត្តបានបញ្ជូនមកក្រសួង ដើម្បីអនុម័តក្នុងការបោះពុម្ពបណ្ណ ក្រសួងបានអនុម័តចំនួន ២៥៤,៤១៩នាក់ សម្រាប់ការបោះពុម្ភជូនជនមានពិការភាព៕