(ព្រះវិហារ)៖ អំណោយរបស់លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) តាមរយៈលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ថ្នាក់កណ្តាល ត្រូវនាំយកទៅចែកជូនដល់ប្រជាពលរដ្ឋជាជនពិការជើងទាំង២ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន២គ្រួសារ ដែលរស់នៅសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។

លោក ឃិត សុធារ៉ា អភិបាលរងក្រុងព្រះវិហារ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក ក្រុង បានថ្លែងថា ព្រឹកថ្ងៃទី២៥​ ខែធ្នូ ឆ្នាំ២០២៣នេះ លោកបានដឹកនាំក្រុមការងារ ស.ស.យ.ក​ ក្រុង​ ស.ស.យ.ក​ សង្កាត់កំពង់ប្រណាក រួមជាមួយ​ លោកស្រីមេភូមិ​គោកបេង​ និងភូមិថ្មី​ និងសប្បុរសជន​ បាន​នាំយកអំណោយសប្បុរសធម៌​ របស់​លោក ហ៊ុន​ ម៉ានី​ តាមរយៈ​លោក គីម​ រិទ្ធី​ អភិបាលខេត្តព្រះវិហារ​ ផ្តល់ជូនគ្រួសារដែលមានជីវភាពខ្វះខាតទីទ័លក្រ​ និងពិការចំនួន៣គ្រួសារ។

នៅក្នុងឱកាសនោះលោក ឃិត សុធារ៉ា បានថ្លែងនូវការកោតសរសើរដល់បុរសពិការជើងទាំង២ តាំងពីកំណើតម្នាក់ ដែលតស៊ូចិញ្ចឹមគ្រួសារដោយប្រកបមុខរបរដើរទិញអេតចាយ ដោយមិនលើកដៃដើរសុំទានគេ។ លោកថែមទាំងផ្តល់កម្លាំងចិត្តដល់បុរសពិការជើងទាំង២ សូមកុំអស់សង្ឃឹមក្នុងជីវិត ផ្ទុយទៅវិញត្រូវខិតខំប្រកបរបរចិញ្ចឹមគ្រួសារបន្តទៀត ដោយលោកសន្យានឹងជួយឧបត្ថម្ភនៅឱកាសក្រោយៗទៀត

អំណោយដែលផ្តល់ជូនរួមមាន៖ លោក​ សុខ​ ផាន់ណា​ អាយុ២៨ឆ្នាំ​ ពិការជេីងទាំង២ តាំងពីកំណេីត​ រស់នៅភូមិគោកបេង​ សង្កាត់​កំពង់ប្រណាក​ ទទួលបានអង្ករ ២៥គីឡូ និងថវិកា ២០០,០០០រៀល។​ លោក​ ឃុន​ ហ៊ន​ ​ អាយុ៦៩ឆ្នាំ​ និងប្រពន្ធអាយុ៦៥ឆ្នាំ​ មានកូនប្រុសម្នាក់​ដែលមានសតិមិនគ្រប់ រស់នៅភូមិថ្មី​ សង្កាត់​កំពង់ប្រណាក​ ទទួលបាន អង្ករ ២៥គីឡូ និងថវិកា​ ៥០,០០០រៀល និងលោក​ ក្រូច​ អៀង​ អាយុ​៥៧ឆ្នាំ​ ពិការមួយចំហៀងខ្លួន​ រស់នៅជាមួយម្តាយចាស់​ អាយុ​៧៨ឆ្នាំ​ រស់នៅភូមិថ្មី​ សង្កាត់កំពង់ប្រណាក ទទួលបាន អង្ករ២៥គីឡូក្រាម និងថវិកា ៥០,០០០រៀលផងដែរ៕