(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធមួយចំនួនទៀត បានសម្របសម្រួល និងពិភាក្សារកដំណោះស្រាយដោយផ្ទាល់ជាមួយ លោក អ៊ុក មាន អតីតមេភូមិចំការអូរ ពាក់ព័ន្ធនឹងការផ្តល់កិច្ចសម្ភាសន៍ដល់បណ្តាញព័ត៌មានសង្គម ធ្វើការចោទប្រកាន់មកលើអាជ្ញាធរ ដោយគ្មានមូលដ្ឋានច្បាស់លាស់។

កិច្ចដំណោះស្រាយនេះ ត្រូវបានធ្វើឡើងនាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំសាលាស្រុកបាកាន ក្រោយមានការចុះផ្សាយវីដេអូខ្លីប ពីបណ្តាញព័ត៌មានសង្គមថា «លោកពូ អ៊ុក មាន ត្រូវបានគេទម្លាក់ចេញឈប់ឱ្យ ធ្វើមេភូមិ ព្រោះគាត់ធ្វើប័ណ្ណក្រីក្រឱ្យអ្នកក្រ មិនចូលរួមគាំទ្រធ្វើប័ណ្ណក្រីក្រឱ្យអ្នកមាន»

លោក អ៊ឹម សាមិន ប្រធានក្រុមប្រឹក្សាឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ចំណុចដែលលោក អ៊ុក មាន ដែលជាអតីតមេភូមិចំការអូរ បាននិយាយថា ការបោះឆ្នោតផ្លាស់ប្តូមេភូមិមានភាពមិនប្រក្រតីនោះ គឺមិនត្រឹមត្រូវទេ មូលហេតុមានច្រើន ដូចជា៖ ដោយសារលោក អ៊ុក មាន បានធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងភូមិ បាត់សេចក្តីទុកចិត្ត ដោយរុះរើសាលប្រជុំភូមិ មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដែលមានទំហំ ៧x៩ម៉ែត្រ, រុះរើអគារមត្តេយ្យ សិក្សាសហគមន៍ ១ខ្នង ២បន្ទប់ ដោយឯកចិត្ត ដែលមានទំហំ ៩x១៨ម៉ែត្រ របស់សប្បុរសជន, ប្រើប្រាស់ថវិកាភូមិ បានមកពីបុណ្យពូនភ្នំស្រូវ យកទៅចាយបំបិទមុខ និងអវត្តមានជាញឹកញាប់ គ្រប់កិច្ចប្រជុំរបស់ក្រុមប្រឹក្សាឃុំ។ ដូច្នេះហើយបានជាប្រជាពលរដ្ឋ ផ្តិតមេដៃ សំណូមពរ ស្នើសុំដល់ក្រុមប្រឹក្សាឃុំឱ្យមានការផ្លាស់ប្តូរមេភូមិ។

លោក អ៊ឹម សាមិន បន្តថា​ ក្នុងនាមក្រុមប្រឹក្សាឃុំ លោកបានសម្រេចប្រជុំផ្ទៃក្នុង ដោយបានធ្វើផែនការបោះឆ្នោត និងបានផ្សព្វផ្សាយកំណត់ពេលវេលា ព្រមទាំងចុះស្ទាបស្ទង់ជ្រើសរើសបេក្ខជនបាន ៦នាក់។ ក្នុងពេលបោះឆ្នោត យើងបានរៀបចំគណៈកម្មការបោះឆ្នោត ដោយមានសន្លឹកឆ្នោត និងមានគណៈកម្មការត្រួតពិនិត្យត្រឹមត្រូវ។ ជាលទ្ធផលយើងឃើញថា ការចូលរួមរបស់ប្រជាពលរដ្ឋ បោះឆ្នោតបាន២៣៥នាក់ លើប្រជាពលរដ្ឋរួម ក្នុងភូមិ ៣៩៧នាក់់។ បេក្ខជនទី១៖ លោក អ៊ុក មាន ៩៨សម្លេង, បេក្ខជនទី២៖ លោក មឿន ម៉ន ១៩៨សម្លេង, បេក្ខជនទី៣៖ លោក អ៊ែល ស្រី ១៦១សម្លេង, បេក្ខជនទី៤ លោក ឈឹម យ៉ុត ៦៧សម្លេង, បេក្ខជនទី៥៖ លោក អ៊ុំ ពិសិទ្ធ ៤៣សម្លេង និងបេក្ខជនទី៦៖ លោក រុន ចាន់ដា ៣៥សម្លេង។

ជាមួយគ្នានោះ លទ្ធផលនៃការបោះឆ្នោត យើងបានប្រកាសជាបន្ទាន់ នៅចំពោះមុខបងប្អូនប្រជាពលរដ្ឋ ដោយមានការប្តេជ្ញាចិត្ត គឺលោក មឿន ម៉ន ជាមេភូមិ, លោក អ៊ែល ស្រី ជាអនុភូមិ និងលោក អ៊ុក មាន (អតីតមេភូមិ) ជាជំនួយការភូមិ និងសមាជិកភូមិ។ ការបោះឆ្នោតនេះ គឺយើងធ្វើតាមលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ពោលគឺមិនដូចការចោទប្រកាន់ របស់បណ្តាញព័ត៌មានសង្គម ថាក្រុមប្រឹក្សាឃុំ ឃុតឃិតដកលោកចេញពីមេភូមិនោះទេ។ រឿងនេះ ក៏មិនមែនពាក់ព័ន្ធ ជាមួយនឹងប័ណ្ណក្រីក្រនោះដែរ គឺពាក់ព័ន្ធទៅនឹងប្រជាពលរដ្ឋ ស្នើសុំដើម្បីឲ្យធ្វើការផ្លាស់ប្ដូរលោកមេភូមិផ្ទាល់តែម្ដង។

លោកប្រធានក្រុមប្រឹក្សាឃុំត្រពាំងជន បានគូសបញ្ជាក់ថា កាលដែរទទួលបានសំណូម ក៏ដូចជាសំណើរបស់ប្រជាពលរលដ្ឋ រយៈពេល៣ខែ លោកក៏បានយកមកពិចារណា និងបានធ្វើការជាមួយគាត់។ នៅពេលជិតដល់ថ្ងៃ បោះឆ្នោត ប្រហែលជា៣ថ្ងៃ លោកបានទៅដល់ផ្ទះរបស់លោក អ៊ុក មាន (អតីតមេភូមិ)ផ្ទាល់ ដោយធ្វើការណែនាំ រហូតដល់គាត់សំណូមពរមកវិញ ឱ្យលោកជួយគាត់ទៀត។ ជុំវិញករណីរឿងនេះ លោកក៏បានប្រាប់ទៅវិញថា ដើម្បីជួយបាន គឺគាត់ត្រូវប្រឹងខ្លួនឯង ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋស្រលាញ់ទៅគេបោះឆ្នោតឱ្យហើយ។

ក្រោយការជជែកពិភាក្សារកដំណោះស្រាយ ជាលក្ខណៈគ្រួសារ យ៉ាងយកចិត្តទុកដាក់ ក្រោមការដឹកនាំសម្របសម្រួលពីអភិបាលខេត្តពោធិ៍សាត់ នោះរួចមក, លោក អ៊ុក មាន ដែលផ្តល់បទសម្ភាសន៍ ដល់បណ្តាញព័ត៌មាន សង្គមកាលពីពេលកន្លងមក ក៏បានថ្លែងទទួលស្គាល់ចំពោះកំហុសឆ្គងរបស់ខ្លួន ដែលខ្វះការយល់ដឹង និងសូមទោសជាសាធារណៈ ដែលមានការភាន់ច្រឡំ មកលើថ្នាក់ដឹកនាំ ពិសេសសម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ជុំវិញការផ្តល់ប័ណ្ណក្រីក្រ និងការបោះឆ្នោតជ្រើសរើសមេភូមិ ពិតប្រាកដមែន៕