(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី តំណាងនាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងក្រុមការងារចុះជួយក្រុង ស្រុកទាំង៩ នៃខេត្តរតនគិរី។

ពិធីនេះប្រព្រឹត្តទៅក្នុងសាលប្រជុំអគារ D សាលាខេត្តរតនគិរី ដោយមានការចូលរួមពីសមាជិកក្រុមការងាររាជរដ្ឋាភិបាល, គណៈអភិបាលខេត្តព្រមទាំងអ្នកពាក់ព័ន្ធប្រមាណ២៥០នាក់។

លោក ញ៉ែម សំអឿន បានលើកឡើងថា ក្រុមការងារចុះមដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយគាំទ្រ ទាំងបច្ចេកទេស និងធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិ លើការអនុវត្តគោលនយោបាយជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា និងការអនុវត្តគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ។

លោកអភិបាលខេត្ត មានជំនឿយ៉ាងមុតមាំថា សមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី ដែលទទួលបានសេចក្តីទុកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបន្តឆ្លើយតបគាំទ្រអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងធនធាន ដល់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ដើម្បីសម្រេចបានជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ត បញ្ចកោណ ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចជាស្នូល ដោយកំណត់អាទិភាពជាគន្លឹះចំនួន៥គឺ៖ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេក វិទ្យា» សំដៅការពារ ថែរក្សា ពូនជ្រំសមិទ្ធផលជាតិ ជំរុញសន្ទុះកំណើនសេដ្ឋកិច្ច ធ្វើឱ្យប្រទេសកម្ពុជា ប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។

លោក ញ៉ែម សំអឿន បានផ្តាំផ្ញើដល់សមាជិក សមាជិកា ក្រុមការងារទាំងអស់ត្រូវសហការគាំទ្រដល់មូលដ្ឋានដែលចុះបំពេញការងារ ក្នុងការតម្រង់ទិស ណែនាំ និងវាយតម្លៃអំពីសមត្ថភាព ធនធាន និងសក្តានុពល នៃការអភិវឌ្ឍន៍មូលដ្ឋាន ព្រមទាំងបញ្ហាប្រឈមនានា ដើម្បីគាំទ្រក្នុងការរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ គោលនយោបាយ និងកម្មវិធីកំណែទម្រង់ នានារបស់រាជរដ្ឋាភិបាល សំដៅជំរុញការអភិវឌ្ឍមូលដ្ឋាន ការផ្តល់សេវាសាធារណៈ ដោះស្រាយឆ្លើយតបបញ្ហាប្រឈមនានាបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

លោកបានជំរុញ និងលើកកម្ពស់ការទទួលខុសត្រូវក្នុងនាមតំណាងក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរ អង្គភាពជំនាញ អាជ្ញាធរមានសមត្ថកិច្ចនៅគ្រប់មូលដ្ឋាន ក្នុងការបំពេញការងារស្របតាមសមត្ថកិច្ចរបស់ខ្លួន ដើម្បីបម្រើផលប្រយោជន៍ និងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងគណនេយយ្យភាព។

សហការរៀបចំវេទិកាសាធារណៈនៅតាមមូលដ្ឋាន ចុះជួបប្រាស្រ័យទាក់ទងនៅតាមខ្នងផ្ទះ ដើម្បីស្វែងយល់ដោយផ្ទាល់នូវបញ្ហាប្រឈម តម្រូវការ សំណើ សំណូមពរនានារបស់ប្រជាពលរដ្ឋ និងពាំនាំដល់ក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធ ដើម្បីឆ្លើយតប ដោះស្រាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

លើកកម្ពស់ និងជំរុញដល់រដ្ឋបាលគ្រប់ថ្នាក់ក្នុងការពង្រឹងការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការឆ្លើយតបនឹង គ្រោះមហន្តរាយ ទឹកស្អាត អនាម័យបរិស្ថាន និងការទប់ស្កាត់ជំងឺឆ្លងគ្រប់ប្រភេទ ដើម្បីធានាសន្តិសុខ សុវត្ថិភាព សុខុមាលភាពជូនប្រជាពលរដ្ឋ។

ជួយកៀរគរធនធាន មធ្យោបាយ សម្ភារមកពីប្រភពស្របច្បាប់នានា ដើម្បីចូលរួមគាំទ្រដល់ការ អភិវឌ្ឍមូលដ្ឋាន ការកសាងសមិទ្ធផលសង្គម និងដោះស្រាយចំគោលដៅនៃសេចក្តីត្រូវការរបស់មូលដ្ឋាន។ អនុវត្តតួនាទី និងភារកិច្ចផ្សេងទៀតដែលរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ន បានប្រគល់ជូន។

លោក ញ៉ែម សំអឿន បានប្រគល់សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលជូនលោក លោកស្រីប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុក ក្រុងទាំង ៩ទូទាំងខេត្តរតនគិរីផងដែរ៕