(ព្រះសីហនុ)៖ នាល្ងាចថ្ងៃអាទិត្យ ទី២៤ ខែធ្នូ ឆ្នាំ២០២៣ លោក គួច ចំរើន បាននាំយកអំណោយសង្គ្រោះរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់ កន្រ្តាក់នៅក្នុងស្រុកព្រៃនប់ចំនួន៤៦៧ខ្នង ដោយមានការចូលរួមពីលោក ម៉ាង ស៊ីណេត អនុប្រធានគណៈកម្មាធិការសាខា សមាជិក សមាជិកាគណៈកម្មាធិសាខា មន្ត្រីសាខា អនុសាខា និងអ្នកស្ម័គ្រចិត្ត តំណាងរាស្ត្រ លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ នៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់។

ក្នុងឱកាសនោះ លោក គួច ចំរើន បានផ្តាំផ្ញើប្រសាសន៍សួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់បងប្អូនរងគ្រោះដោយខ្យល់កន្ត្រាក់រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បង្កឲ្យមានផលប៉ះពាលជាខ្លាំង។

នៅចំពោះមុខពលរដ្ឋរងគ្រោះ លោកបានដាក់ចេញបទបញ្ជាឲ្យគណៈបញ្ជាការស្រុក ជួយសង្គ្រោះប្រជាពលរដ្ឋទាំងអស់ និងបានណែនាំឲ្យមន្ទីរសុខាភិបាលរៀបចំមធ្យោបាយត្រៀមបង្កានៅតំបន់នេះ ក្រែងមានរបួសស្នាម។

លោកថា «ខ្យល់កន្ត្រាក់រយៈពេល៣ថ្ងៃនេះ ធ្វើឲ្យបងប្អូនយើងរងផលប៉ះពាល់ធ្ងន់ និងស្រាល ព្រមទាំងមានរលំផ្ទះ រំខានដល់ការងារប្រចាំថ្ងៃរបស់បងប្អូន។ ពិតហើយថា មានប្រជាពលរដ្ឋរបស់យើងរងគ្រោះជាង១០០០ខ្នងផ្ទះ ស្មើនិងជាង១០០០គ្រួសារ។ គ្រួសារដែលនៅសេសសល់ យើងនឹងបន្តចែកនៅពេលខាងមុខទៀត។ ខ្យល់កន្រ្តាក់បានកើតឡើង៣លើក ទាក់ទងនឹងកត្តាអាកាសធាតុជារៀងរាល់ឆ្នាំ ហើយអ្នកដែលរងផលប៉ះពាល់ជាងគេ គឺឃុំសាមគ្គី ទឹកថ្លា និងទឹកល្អក់ ផ្អែកតាមភូមិសាស្ត្រតំបន់នេះតែងតែមានកើតឡើងគ្រោះខ្យល់កន្រ្តាក់»។

លោកបានណែនាំដល់បងប្អូនត្រូវក្តាប់ឲ្យបានបញ្ហាប្រឈម ត្រូវសាងសង់លំនៅដ្ឋានឲ្យបានរឹងមាំ មិនមានហានិភ័យពីគ្រោះថ្នាក់ដោយខ្យល់កន្រ្តាក់ បង្កជាគ្រោះថ្នាក់អាចឈានដល់អាយុជីវិត ឆ្លើយតបនឹងស្ថានភាពភូមិសាស្ត្រ នៃការប្រែប្រួលអាកាសធាតុ និងជះឥទ្ធិពល នៃការប្រែប្រួលអាកាសធាតុ សូមឲ្យមន្ត្រីរបស់យើងបន្តវប្បធម៌ជួយប្រជាពលរដ្ឋ និងចូលរួមជាមួយកាកបាទក្រហម បន្តត្រួតពិនិត្យមើលចាស់ជរា កុមារ ឲ្យមានសុវត្ថិភាព និងបងប្អូន អាជ្ញាធរ កងកម្លាំងត្រូវត្រៀមបង្កាជួយសង្គ្រោះប្រជាពលរដ្ឋ ពិសេសចាស់ជរា និងកុមារឲ្យមានកន្លែងសុវត្ថិភាព និងត្រូវថែទាំសុខភាពជ និងផឹកទឹកឆ្អិនឲ្យបានត្រឹមត្រូវ។

អំណោយដែលប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះនាពេលនេះមានចំនួន៤៦៧គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ កន្ទេល១ ឃីតមួយកញ្ចប់ (មុង១ ភួយ១ សារ៉ុង១ ក្រម៉ា១) និងថវិកា ៥ម៉ឺនរៀល។ ជាមួយគ្នានេះ លោក អ៊ូ ឆាយ បានឧបត្ថម្ភថវិកាចំនួន១០លានរៀល និងលោក គិត ប៊ុន បានឧបត្ថម្ភមីជាតិចំនួន២០០កេសតូចផងដែរ៕