(ពោធិ៍សាត់)៖ លោក កែវ វីរៈ តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងប្រធានក្រុមការងារចុះជួយស្រុកវាលវែង និងលោក ងួន ប៉ោសេង អភិបាលរងខេត្ត និងប្រធានក្រុមការងារយុវជនគណបក្សខេត្តពោធិ៍សាត់ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សស្រុក បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤ របស់ក្រុមការងារយុវជនគណបក្សស្រុកវាលវែង និងជួបសំណេះសំណាល ចែកជូនប័ណ្ណសរសើរ ដល់ក្រុមយុវជនឃុំ ស្រុក ចំនួន១៦៤នាក់។

លោក ​វង្ស អេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង និងជាប្រធានក្រុមការងារយុវជនស្រុក និងលោក ឃៀង សុជីវ័ន្ត អនុប្រធានក្រុមការងារយុវជនខេត្ត ទទួលបន្ទុកចុះជួយយុវជនគណបក្សស្រុកវាលវែង បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣ក្រុមការងារយុវជនគណបក្សស្រុកវាលវែង ដែលមានចំនួន២៨១នាក់ បានចុះធ្វើសកម្មភាពការងារមនុស្សធម៌ នៅតាមបណ្តាភូមិឃុំ ដូចជាចុះសួរសុខទុក្ខពលរដ្ឋជួបកង្វះខាត រងគ្រោះដោយគ្រោះធម្មជាតិ អ្នកមានជំងឺ អ្នកទទួលមរណភាព ដោយបាននាំយកស្បៀង ជាអង្ករជិត២តោន មីជាង១០០កេស ព្រមទាំងគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាអស់ជាង១១លានរៀល។

ក្រៅពីនោះក្រុមការងារ ក៏បានចូលរួមជួយសង់ផ្ទះ ប្រមូលផលដំណាំ និងការងារបរិស្ថាន ជាហេតុធ្វើឱ្យក្រុមយុវជនគណបក្សស្រុកវាលវែង កាន់តែមានសកម្មភាពយ៉ាងមមាញឹក។ ចំពោះទិសដៅអនុវត្តបន្ត គឺពង្រឹងពង្រីកសមាជិកថ្មី រក្សាសមាជិកចាស់ ចូលរួមគ្រប់សកម្មភាពសង្គម ព្រមទាំងបានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលកន្លងមកតែងតែជួយឧបត្ថម្ភ គាំទ្រ ទាំងស្មារតី សម្ភារៈ ថវិកា ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្ស ធ្វើឱ្យយុវជនគណបក្សស្រុកវាលវែង កាន់តែមានទំនុកជឿជាក់ និងដើរតាមគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា។

លោក ងួន ប៉ោសេង និងលោក កែវ វីរៈ បានថ្លែងដោយវាយតម្លៃ និងកោតសរសើរចំពោះក្រុមការងារយុវជនគណបក្សស្រុក ទាំងថ្នាក់ឃុំ និងថ្នាក់ភូមិ ដែលកន្លងមកបានចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តសកម្មភាព បម្រើប្រជាពលរដ្ឋ និងធ្វើការវាយបក តាមរយៈបណ្តាញសង្គម ទៅគណបក្សប្រឆាំងបានទាន់ពេលវេលា។ យុវជនគណបក្ស ជាកម្លាំងចលករ និងជាអ្នកបន្តវេណយ៉ាងសំខាន់ នាពេលនេះក៏ដូចទៅថ្ងៃអនាគត ហេតុនេះសូមឱ្យក្មួយៗបន្តការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីទទួលបាននូវចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ មានក្រមសីលធម៌ វិជ្ជាជីវៈ ក្នុងការបម្រើផលប្រយោជន៍ ជូនជាតិ និងប្រជាជន។

ថ្នាក់ដឹកនាំទាំង២បន្តថា ក្មួយៗយុវជនទាំងអស់ ត្រូវតែត្រៀមខ្លួនសម្រាប់ការរស់នៅ ការរៀនសូត្របន្ថែម ត្រូវមានសកម្មភាពល្អ ទម្លាប់ល្អ ទាំងវប្បធម៌ ទំនៀមទំលាប់ប្រពៃណីរបស់ជាតិ។ ផ្អែកលើបទពិសោធន៍ ដែលគណបក្សប្រជាជនកម្ពុជាបានឆ្លងកាត់ កសាង និងអភិវឌ្ឋន៍ប្រទេសរហូតមកដល់ពេលនេះ ជាង៤៤ឆ្នាំ ទទួលបាននូវសុខសន្តិភាព ស្ថេរភាព និងភាពរឹងមាំ ទាំងផ្នែកសេដ្ឋកិច្ច សង្គមមានការរីកចម្រើនជាលំដាប់។ ទាំងអស់នេះ គឺមួយផ្នែកបានការចូលរួមពីក្រុមយុវជន តាំងពីថ្នាក់លើរហូតដល់ថ្នាក់មូលដ្ឋាន។ ទាំងអស់នេះបញ្ជាក់ឱ្យឃើញថា យុវជនរបស់យើងមានឆន្ទះ មានបេះដូង មានការសាមគ្គីគ្នាយ៉ាងល្អ ពោលគឺធ្វើអ្វីៗ សម្រាប់តែផលប្រយោជន៍ជាតិ និងប្រជាជន ដូចពាក្យថា «សាមគ្គី១០ ជ័យជំនះ១០, សាមគ្គីជោគជ័យ បែកបាក់ស្លាប់»។

ថ្នាក់ដឹកនាំទាំង២ សូមឱ្យក្រុមយុវជនស្រុកវាលវែង ទាំង៤ក្រុម ត្រូវសាមគ្គីគ្នា ជួយគ្នាទៅវិញទៅមក ធ្វើជាគម្រូដល់បណ្តាស្រុក ឃុំ ផ្សេងៗទៀត ពិសេសត្រូវគោរពពេលវេលា គោរពវិន័យ និងមានក្រមសីលធម៌ក្នុងពេលប្រជុំ និងត្រូវស្រង់ស្ថិតិទិន្នន័យច្បាស់លាស់។

នៅក្នុងឱកាសនោះ ក៏មានចែកជូនប័ណ្ណសរសើរ ដល់ក្រុមយុវជនឃុំ ស្រុក ចំនួន១៦៤នាក់ ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា និងថវិកាផ្ទាល់ខ្លួន ចូលរួមសកម្មភាពមនុស្សធម៌ ព្រមទាំងបានថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍ផងដែរ៕