(សៀមរាប)៖ សមាគមគ្រូពេទ្យបេះដូងកម្ពុជា សហការជាមួយមន្ទីរសុខាភិបាលខេត្តសៀមរាប រៀបចំសិក្ខាសាលាស្តីពី «ការធ្វើឲ្យប្រសើរឡើងនូវការព្យាបាល និងការលើកកម្ពស់ជាតិខ្លាញ់» ដើម្បីបង្កើនចំណេះដឹងថ្មីៗដល់គ្រូពេទ្យ ក្នុងការអនុវត្តវិស័យសុខាភិបាលនៅកម្ពុជា ឲ្យកាន់តែមានការរីកចម្រើន។
ពិធីនេះដែរបានធ្វើឡើងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ក្រោមវត្តមានរបស់លោកសាស្រ្តចារ្យ សុខ ជួរ អគ្គនាយករងបច្ចេកទេសនៃក្រសួងសុខាភិបាល និងជាប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជា និងលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប និងវាគ្មិនកិត្តិយស ព្រមទាំងលោកគ្រូ អ្នកគ្រូពេទ្យ មកពីស្ថាប័នរដ្ឋ និងឯកជន ជាច្រើនចូលរួមផងដែរ។
ក្នុងឱកាសនោះដែរ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត បានបញ្ជាក់ថា មន្ទីរសុខាភិបាលខេត្តពិតជាមានកិត្តិយសក្នុងនាមជាអ្នកផ្តល់សេវាសុខាភិបាលក្នុងខេត្តសៀមរាប មិនថាសេវាសាធារណៈ ឬក៏សេវាឯកជន យើងបានរួមគ្នាចូលរួមក្នុងសិក្ខាសាលានេះ ដើម្បីបង្កើននូវចំណេះដឹងថ្មីៗ ដែលពាក់ព័ន្ធនឹងបញ្ហាបេះដូង ហើយលោកសាស្រ្តចារ្យដែលជាវាគ្មិន លោកនឹងធ្វើបទបង្ហាញជូនដល់លោកគ្រូ និងអ្នកគ្រូពេទ្យ។ លោកបន្តថា នេះជាលើកទី១ហើយ ដែលសមាគមគ្រូពេទ្យបេះដូងកម្ពុជា បានមករៀបចំសិក្ខាសាលានៅខេត្តសៀមរាប ហើយមន្ទីរសុខាភិបាលខេត្តសៀមរាប និងសមាគមគ្រូពេទ្យបេះដូងកម្ពុជា នឹងមានការងារបន្តៗបន្ទាប់ទៀតជាមួយគ្នា ទាក់ទងនឹងវិស័យសុខាភិបាល។
លោកវេជ្ជបណ្ឌិត បានបន្តថា បន្ទាប់ពីការធ្វើបទបង្ហាញរបស់វាគ្មិន លោកគ្រូ អ្នកគ្រូពេទ្យនឹងមានសំណួរសួរគាត់អំពីបញ្ហាដែលទាក់ទងទៅនឹងជំងឺបេះដូងនេះ ដើម្បីឲ្យដឹងកាន់តែច្បាស់លាស់ នៅក្នុងការងារសុខាភិបាល ក្នុងអាណត្តិទី៧នេះ ដែលមានលោកសាស្រ្តចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកមានគំនិតធ្វើយ៉ាងណា ដើម្បីពង្រឹងការផ្តល់សេវាសុខាភិបាលឲ្យមានគុណភាព និងជឿជាក់ ព្រមទាំងមានការទុកចិត្តពីខ្ពស់ប្រជាពលរដ្ឋ ទាំងនៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក មន្ទីរពេទ្យបង្អែកខេត្ត និងថ្នាក់ជាតិ ហើយក៏ដូចជានៅតាមមូលដ្ឋានឯកជនផងដែរ។
លោកសាស្រ្តចារ្យ សុខ ជួរ បានឱ្យដឹងដែរថា ក្រសួងសុខាភិបាល មានទស្សនវិស័យយ៉ាងខ្ពង់ខ្ពស់ចំពោះវិស័យសុខាភិបាល ធ្វើបែបណាដើម្បីកែប្រែវិស័យសុខាភិបាលឱ្យមានការរីកចម្រើនដូចប្រទេសជិតខាង។ លោកសាស្រ្តចារ្យ បន្តថា ត្រូវពិនិត្យឡើងវិញនៅហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស ក្រមសីលធម៌ ជាពិសេសសមត្ថភាពរបស់គ្រូពេទ្យក្នុងការសង្គ្រោះជំងឺធ្ងន់ (សង្គ្រោះបន្ទាន់) ថ្នាក់ស្រុក ថ្នាក់ខេត្ត និងថ្នាក់ជាតិ ឱ្យមានសមត្ថភាពខ្ពស់ក្នុងការព្យាបាលជំងឺ ហើយជាពិសេសបណ្តុះបណ្តាលបន្ថែម ដើម្បីឲ្យលោកគ្រូ អ្នកគ្រូពេទ្យ របស់មានការអភិវឌ្ឍន៍
បន្ថែមនូវនីតិវិធីសុខាភិបាល កាន់តែប្រសើរឡើងថែមទៀត។
លោកសាស្រ្តចារ្យ សុខ ជួរ បានបន្តថា ជំងឺមិនឆ្លងវាសម្លាប់មនុស្សច្រើន ហើយក្នុងនោះដែរមានជំងឺលើសជាតិខ្លាញ់ ជំងឺទឹកនោមផ្អែម លើសឈាម និងជំងឺមហារីក។ ដោយឡែកថ្ងៃនេះសង្កត់ធ្ងន់ទៅលើជំងឺលើសជាតិខ្លាញ់ លើសឈាម និងជំងឺទឹកនោមផ្អែម ហើយចំពោះការព្យាបាលត្រូវមានឯកទេសច្បាស់លាស់ពីអន្តរជាតិ។ ក្រសួងសុខាភិបាល ក៏មានក្រុមបច្ចេកទេស ដែលរៀបចំអ្នកឯកទេសបែបនឹងឡើងដែរ ដើម្បីឲ្យក្រុមគ្រូពេទ្យនៅតាមមូលដ្ឋាន មានសមត្ថភាពខ្ពស់ក្នុងការព្យាបាលឲ្យត្រូវនឹងគោលដៅ។ ការលើសជាតិខ្លាញ់មានការក់នឡើងខ្លាំងនៅគ្រប់ប្រទេស ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍។
លោកសាស្រ្តចារ្យ បានបន្តទៀតថា ដោយបច្ចុប្បន្ននេះមានការអភិវឌ្ឍន៍ និងផ្លាស់ប្ដូររបៀបរស់នៅរបស់ប្រជាពលរដ្ឋខ្មែរអាហារសម្រន់ចម្អិនភ្លាមៗ ដែលគេហៅថា (fast food ) ហើយការឡើងជាតិខ្លាញ់មានការឡើងលឿន ដោយខុសពីមុនយើងហូបតែអាហាររបៀបខ្មែរ មានបន្លែជាច្រើនមុខ ដែលជួយឲ្យសារពាង្គកាយមានការលូតលាស់បានល្អ ហើយការលើសជាតិខ្លាញ់ មានការគ្រោះថ្នាក់ដល់ជំងឺបេះ និងជំងឺសរសៃឈាម ជាពិសេសជំងឺស្ទះបេះដូង នៅអាសុីយើងមានការកើនឡើងនៅការលើសទម្ងន់មានច្រើន លើសជាតិខ្លាញ់ក៏មានច្រើនផងដែរ។
ជាមួយនេះដែរ លោកសាស្រ្តចារ្យ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំហូបអាហារណា ដែលមានជាតិខ្លាញ់ច្រើន ជាពិសេសអាហារសម្រន់ដែលចម្អិនភ្លាមៗ (fast food ) កាត់បន្ថយការប្រើប្រាស់ជាតិផ្អែមពេក និងកាត់បន្ថយការប្រើប្រាស់ប្រៃពេក ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរផងដែរ៕