(ព្រៃវែង)៖ លោកសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជំរុញកងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តបង្ក្រាបនៅបទល្មើសផ្សេងៗ ជាពិសេសគ្រឿងញៀនដែលជាបញ្ហាមួយដ៏សំខាន់ សម្រាប់ប្រទេសជាតិ ព្រោះគ្រឿងញៀននេះធ្វើឱ្យអសន្តិសុខសណ្តាប់ធ្នាប់សង្គម។
ការថ្លែងបែបនេះរបស់លោកសន្តិបណ្ឌិត បានធ្វើឡើងក្នុងកិច្ចប្រជុំជំរុញការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ក្នុងខេត្តព្រៃវែង ដោយមានការចូលរួមពីលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣។
លោក សួន សុម៉ាលីន បានថ្លែងថា ក្នុងឆ្នាំ២០២៣នេះ បទល្មើសព្រហ្មទណ្ឌកើតឡើងចំនួន២៧៤លើក បង្ក្រាបបាន១៥៩លើក និងបានឃាតខ្លួនចំនួន២៣៨នាក់។
លោកបានបន្តថា ការងារប្រឆាំងគ្រឿងញៀន បង្ក្រាបបានចំនួន២០៧លើក ឃាត់ខ្លួនជនសង្ស័យចំនួន៣៥៧នាក់ និងបានដកហូតវត្ថុតាងមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបានបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
លោកសន្តិបណ្ឌិត ចាន់ អ៊ាន បានថ្លែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្តរបស់រដ្ឋបាលខេត្តនាពេលកន្លងមក ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន បានល្អប្រសើរ ជាពិសេសការអនុវត្តនៅភូមិឃុំមានសុវត្ថិភាពជូនគាត់បានយ៉ាងល្អ។
លោកសូមឲ្យរដ្ឋបាលខេត្ត ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវបន្តខិតខំជំរុញអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពនេះ ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀតធ្វើយ៉ាងណាឲ្យសម្រេចបាននូវយុទ្ធសាស្ត្រចក្ខុវិស័យ របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញក្នុងការធានានៅសុវត្ថិភាពសាធារណៈ សន្តិសុខសណ្ដាប់ធ្នាប់ដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានទាំងអស់ក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងខេត្តព្រៃវែងនេះ៕