(ព្រះវិហារ)៖ លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ខេត្តព្រះវិហារ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)ស្រុក នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារ នាំយកអាវរងាដែលជា អំណោយរបស់សប្បុរសជន ចុះចែកជូនដល់ដៃប្រជាពលរដ្ឋតាមឃុំមួយចំនួន។

នៅក្នុងឱកាសនោះលោក ហោ ប៊ុនហួរ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាថ្នាក់កណ្តាល ដែលជានិច្ចជាកាលលោកតែងគិតគូរយកចិត្តទុកដាក់ ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ។

លោក ហោ ប៊ុនហួរ បានថ្លែងប្រាប់ប្រជាពលរដ្ឋពីការរីកចម្រើនគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន។ ជាក់ស្តែងខេត្តព្រះវិហារ និយាយដោយឡែកស្រុករវៀង ក៏មានការអភិវឌ្ឍគ្រប់វិស័យ ដូចជា ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម បានកសាងយ៉ាងច្រើនគ្រប់ទីកន្លែងទូទាំងស្រុក ឃុំ ភូមិ ក្នុងគោលបំណងបម្រើផល ប្រយោជន៍ប្រជាពលរដ្ឋ។

អភិបាលស្រុករវៀង បានថ្លែងអំពាវនាវប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាសុខសន្តិភាពដែលមានសព្វថ្ងៃឱ្យនៅគង់វង្សយូអង្វែង ដើម្បីឱ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចម្រើនថែមទៀត ពិសេសត្រូវចូលរួមអនុវត្តន៍ គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំណុច ឱ្យមានប្រសិទ្ធិភាពខ្ពស់ ដើម្បីការរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋ និងត្រូវថែរក្សាសុខភាពឱ្យបានល្អ ពិសេសស្ថានភាពដែលអាកាសធាតុកំពុងចុះត្រជាក់ខ្លាំង។

នៅក្នុងឱកាសនោះ លោកបានចែកអាវរងាជូនប្រជាពលរដ្ឋដែលចូលរួមក្នុងម្នាក់ៗទទួលបានអាវរងា១ និងអាវរងាសល់មួយចំនួនទៀតទុកឱ្យអាជ្ញាធរតាមឃុំ យកទៅចែកជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ហើយលោកក៏បានឧបត្ថម្ភថវិកាជូន (ស.ស.យ.ក) ឃុំរហ័សចំនួន ៧៥,០០០០រៀលផងដែរ៕