(បាត់ដំបង)៖ ឧបករណ៍ជំនួយប្រព័ន្ធប្រកាសអាសន្នការពារគ្រោះមហន្តរាយពីធម្មជាតិ ត្រូវបានតម្លើងនៅលើដំបូលសង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដើម្បីបន្លឺសញ្ញាដល់ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងសង្កែ បានដឹងជាមុនពីការកើតមានគ្រោះធម្មជាតិ។

លោក ទួត រ៉ើន ចៅសង្កាត់ស្លាកែត បានឱ្យដឹងថា ប្រព័ន្ធប្រកាសឱ្យដឹងមុនក្នុងទីក្រុងបង្កើតឡើងដោយអង្គការភីន (People In Need) ដែលបានទទួលជំនួយពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុនៅកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការជាមួយនឹងរដ្ឋបាលក្រុងបាត់ដំបង គណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយថ្នាក់ខេត្ត (គ.គ.ម.ខ) និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(គ.ជ.គ.ម.)។

ប្រព័ន្ធប្រកាសឱ្យដឹងមុនក្នុងទីក្រុងនេះ គឺជាបណ្តាញផ្ដល់ព័ត៌មានថ្មីមួយ ដើម្បីផ្សព្វផ្សាយសារប្រកាសអាសន្នទៅកាន់ប្រជាពលរដ្ឋអំពីគ្រោះទឹកជំនន់និងរាល់មុខសញ្ញាគ្រោះថ្នាក់ដទៃទៀត។

ប្រព័ន្ធប្រកាសឱ្យដឹងមុនក្នុងទីក្រុង គឺជាយន្តការផ្សព្វផ្សាយដ៏ល្អមួយក្នុងអំឡុងពេលមានគ្រោះអាសន្នដូចជា ទឹកជំនន់ និងគ្រោះថ្នាក់ធម្មជាតិផ្សេងៗ។ ការដាក់ចេញប្រព័ន្ធព័ត៌មាននេះមានសារសំខាន់ណាស់ អាចផ្តល់ដំណឹងដលប្រជាពលរដ្ឋយល់ដឹង និងត្រៀមខ្លួនជាមុន ឆ្លើយតបការប្រែប្រួលអាកាសធាតុដូចជាទឹកជំនន់ជាដើម។

លោកចៅសង្កាត់ បានបន្តថា ប្រព័ន្ធប្រកាសឱ្យដឹងមុនក្នុងទីក្រុងនេះ មានឧបករណ៍បំពងសំឡេង (ម៉េក្រូ) ដោយស្វ័យប្រវត្តិ ដែលអាចទទួលព័ត៌មានផ្ញើចេញពីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត។ សារប្រកាសឱ្យដឹងមុននេះ អាចផ្សាយសារទៅកាន់ប្រជាជន ក្នុងសហគមន៍ក្នុងចម្ងាយប្រមាណ៥០០ម៉ែត្រការ៉េ នៃទីតាំងដែលបានតម្លើង។

លោកស្រី ឃ្លោក វិចិត្ររដ្ឋា អនុប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុនៃក្រសួងបរិស្ថាន បានឱ្យដឹងថា នៅក្រុងបាត់ដំបង ត្រូវបានបំពាក់ឧបករណ៍ប្រកាសអាសន្នពីគ្រោះធមជាតិនេះ ចំនួន៣ទីតាំង។ ប្រព័ន្ធប្រកាសឱ្យដឹងមុនក្នុងទីក្រុងនេះ គឺជាយន្តការផ្សព្វផ្សាយដ៏ល្អមួយក្នុងអំឡុងពេលមានគ្រោះអាសន្នដូចជាទឹកជំនន់ និងគ្រោះថ្នាក់ធម្មជាតិផ្សេងៗ។ ការដាក់ចេញប្រព័ន្ធព័ត៌មាននេះមានសារសំខាន់ណាស់ អាចផ្តល់ដំណឹងដល់ពលរដ្ឋយល់ដឹងនឹងត្រៀមខ្លួនជាមុនឆ្លើយតបការប្រែប្រួលអាកាសធាតុដូចជាទឹកជំនន់ ជាដើម។

បន្ទាប់ពីការទទួលបានសារ ប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តិរបស់មេក្រូបញ្ជូនសំលេងសារទៅកាន់ប្រព័ន្ធបន្លឺសំលេងអេឡិចត្រូនិច របស់មេក្រូ ហើយ ប្រជាជនរស់នៅក្នុងតំបន់គោលដៅនឹងឮសារប្រកាសចេញពីមេក្រូដោយស្វ័យប្រវត្តិ។ សារប្រកាសឱ្យដឹងមុនអាចផ្សាយសារទៅកាន់ប្រជាជនក្នុងសហគមន៍ក្នុងចម្ងាយប្រមាណ ៥០ម៉ែត្រការ៉េ នៃទីតាំងដែលបានតម្លើង។

លោកស្រីបានបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រៅពីកំពុងអនុវត្តនៅសង្កាត់ស្លាកែត មាន៣ទីតាំងទៀត នៅក្រុងបាត់ដំបង ដែលបានបំពាក់ប្រព័ន្ធប្រកាសអាសន្នជាមុន ការពារគ្រោះមហន្តរាយពីធម្មជាតិនេះ៕